• 2022-05-20 05:09:36
  • ព័ត៌មាន

កំពុងក្ដៅ! ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ រង់​ចាំ​ម្ចាស់គណនី​ឈ្មោះ​ Sambath Viriya ចូល​បំភ្លឺ ក្រោយ​ធ្លាយ​រឿង​បូលីស​ពិន័យ​ ១៥០ដុល្លារ​ព្រោះ​បត់​ស្ដាំ

  • 2022-05-20 05:09:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមការងារ​ព័ត៌មាន​ និង​ប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​នៅ​ព្រឹក​នេះ បាន​ចេញ​សេចក្ដី​ជូន​ដំណឹង​បន្ទាន់​មួយ ឲ្យ​ម្ចាស់​គណនី​ហ្វេសប៊ុក​ឈ្មោះ Sambath Viriya ចូល​មក​សហការ​បំភ្លឺ ក្រោយ​ធ្លាយ​រឿង​សមត្ថកិច្ច​ពិន័យ ១៥០ដុល្លារ​ព្រោះ​បត់​ស្ដាំ។

ការ​ជូន​ដំណឹង​របស់ ក្រុមការងារ​ព័ត៌មាន​ និង​ប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រោយ​ពី​ម្ចាស់​គណនី​ហ្វេសប៊ុក​ខាង​លើ បើក​បង្ហាញ​ពី​ករណី​ផ្ទាល់​ខ្លួន​របស់​គេ ដែល​ត្រូវ​សមត្ថកិច្ច​ចាប់​ផាក​​ពិន័យ​ទី​១​រឿង​ជិះរថយន្ត​បត់​ស្ដាំ និង​ទី​២​រឿង​បើកបរ​មិន​មាន​កាត​គ្រី សរុប​ទឹក​ប្រាក់ ២៥០ ដុល្លារ បូក​នឹង ១៥ម៉ឺន​រៀល​ទៀត ប៉ុន្តែ​តម្លៃ​ផ្ដល់​ជូន​ពិន័យ​ជាក់​ស្ដែង ១៥០ដុល្លារ​ជា​តម្លៃ​សម្រួល និង​ព្រម​ព្រៀង​គ្នា។

មិន​ត្រឹម​ប៉ុណ្ណឹង សមត្ថកិច្ច​នៅ​បាន​ប្រើ​ពាក្យ​មិន​សម​រម្យ​លើ​រូប​នាង​ទៀត។ នេះ​បើ​តាម​ការ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​របស់​ម្ចាស់​គណនី​ឈ្មោះ Sambath Viriya។ ក្រោយ​ឃើញ​ករណី​នេះ ក្រុមការងារ​ព័ត៌មាន​ និង​ប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បាន​ព្យាយាម​ទំនាក់ទំនង​ទៅ​ម្ចាស់​គណនី​ដើម្បី​រក​ការ​ស្រាយ​បំភ្លឺ​បន្ថែម។

ប៉ុន្តែ​ការ​ព្យាយាម​រយៈ​​ពេល ៣ថ្ងៃ​នេះ​របស់​ក្រុមការងារ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ មិន​បាន​ជោគជ័យ ដោយ​សារ​មិន​ទទួល​បាន​ការ​ឆ្លើយ​តប។ ដូច្នេះ​ហើយ ស្នងការដ្ឋាន​នគរបាល​រាជធានី ស្នើ​ បង​ប្អូន​ប្រជាពលរដ្ឋ​ដែល​ស្គាល់ម្ចាស់គណនី​នេះ​ សូមជួយប្រាប់ ក៏​ដូច​ជា​ផ្តល់​ដំណឹង​ដល់គាត់ដេីម្បីមកបំភ្លឺការពិតដល់សមត្ថកិច្ច​។

"បេីនៅតែមិនមានការឆ្លេីយតប​ ហេីយផុសព័ត៌មានដូច្នេះទៀត​ ក្រុមការងារ​ នឹងបំភ្លឺបញ្ចប់ថាជា​ គណនីក្លែងក្លាយ​ ផុសព័ត៌មានមិនពិត​ ដែលធ្វេីឱ្យប៉ះដល់កិត្តិយសរបស់មន្ត្រីអនុវត្តច្បាប់​"។ ការ​បញ្ជាក់​របស់ ក្រុមការងារ​ព័ត៌មាន​ និង​ប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​លើ​បណ្ដាញ​សង្គម​ព្រឹក​នេះ។

តាម​ការ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​របស់ម្ចាស់​គណនី Sambath Viriya បាន​ឲ្យ​ដឹង​ថា ករណី​ខាង​លើ បាន​កើត​លើ​នាង​កាល​ពី​ព្រឹក​ថ្ងៃ​ទី ១៨ ឧសភា ២០២២ វេលា​ម៉ោង ៩ៈ១៣នាទី​ព្រឹក​នៅ​ស្តុប​បូកគោ ដែល​ហៅ​ករណី​នេះ​ថា ជា​រឿង​ហួស​ចិត្ត​បំផុត​ដែល​នាង​បាន​ជួប។ សូម​អាន​លម្អិត​សាច់​រឿង​របស់ Sambath Viriya ខាង​ក្រោម៖

ឧត្ដមសេនីយ៍ឯក ស ថេត អគ្គស្នងការ​រង​នគរបាល​ជាតិ កាល​ពី​ដើម​ឆ្នាំ ២០១៩ បាន​​បញ្ជាក់​ថា ត្រូវ​កែ​ជា​បន្ទាន់​នៅ​ពេល​ពលរដ្ឋ​បត់ស្ដាំ​ទោះ​ភ្លើង​ស្តុប​ពណ៌​ក្រហម​ក៏​ដោយ ក៏​មិន​ត្រូវ​ផាក​ពិន័យ​ដែរ។

តាម​ច្បាប់​ស្តីពីចរាចរណ៍​ផ្លូវ​គោក​ត្រង់មាត្រា​១១ ចែងថា​ភ្លើង​សញ្ញា​ចរាចរណ៍​បញ្ចេញពណ៌​ក្រហម​ជា​សញ្ញាឃាត់​ឲ្យ​ឈប់ អ្នកបើក​បរ​ត្រូវ​ឈប់​នៅ​បន្ទាត់​គំនូស​ពណ៌ស​ កាត់ទទឹង​ទ្រូង​ផ្លូវឬមុខគំនូស​សម្រាប់​​ថ្មើរ​ជើង​ឆ្លង​កាត់។ បើ​គ្មាន​ឧបសគ្គ​នៅ​ខាង​មុខ​យាន្តជំននិះ​នៅ​ខាង​ស្តាំបំផុត​អាច​បត់​ស្តាំ​បាន​ដោយ​ប្រុងប្រយ័ត្ន លើកលែង​តែមាន​ភ្លើង​សញ្ញាព្រួញក្រហម​ហាម​បត់ស្តាំ៕

អត្ថបទ៖ ទារិកា

មតិយោបល់