• 2022-05-23 04:49:08
  • ព័ត៌មាន

កំពុងតែផ្ទុះឆ្លងខ្លាំង! ត្រួសៗពីជំងឺអុតស្វា ឆ្លងហើយស្លាប់ទេ ខ្លាំងប៉ុណ្ណា មានវ៉ាក់សាំងឬនៅ?

  • 2022-05-23 04:49:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អង្គការសុខភាពពិភពលោក (WHO)កំពុងតែមានការព្រួយបារម្ភពីការ ឆ្លងរីករាលដាលនៃជំងឺជំងឺអុតស្វា (Monkeypox) កាន់តែច្រើនបន្ថែមទៀតទៅលើបណ្តាប្រជាជននៅទូទាំងសាកលលោក ខណ:បច្ចុប្បន្ននេះ អុតស្វាបានឆ្លងទៅលើមនុស្សចំនួន៩២នាក់ មកពីប្រទេសចំនួន១២ទៅហើយ ប៉ុន្តែពុំទាន់មានអ្នកស្លាប់នោះឡើយគិតត្រឹមថ្ងៃនេះ។

ក្រោយជំងឺនេះបានផ្ទុះឡើងសារជាថ្មី អង្គការសុខភាពពិភពលោកបានបើកកិច្ចប្រជុំបន្ទាន់មួយដើម្បីពិភាក្សាអំពីការផ្ទុះឡើងនៃមេរោគនេះ ក្រោយកិច្ចប្រជុំនេះបានធ្វើរួចរាល់ អ្នកផ្តល់ប្រឹក្សាអំពីហានិភ័យនៃការឆ្លងជំងឺបានលើកឡើងថា ជំងឺនេះអាចបង្កជាការគំរាមកំហែងសុខភាពសកល។ រីឯមន្ត្រីរដ្ឋ បាលជាន់ខ្ពស់សហរដ្ឋអាមេរិកបាននិយាយថា "វាហាក់ដូចជាមានហានិភ័យទាបសម្រាប់សាធារណជន ទូទៅនាពេលនេះ” ហើយ អ្នកវិទ្យាសាស្ត្រ ក៏មិនបានរំពឹងថា ការផ្ទុះឡើងនៃជំងឺនេះ នឹងវិវត្តទៅជាជំងឺរាតត្បាត ដូចជំងឺកូវីដ-១៩ ព្រោះវីរុសនេះ មិនឆ្លងងាយៗដូចវីរុសកូដវីដ-១៩ និង ចាត់ទុកការចម្លងវីរុសនេះ ជាការចម្លងដែលមានហានិភ័យទាប។

ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ក៏សូមឲ្យបងប្អូនប្រជាពលរដ្ឋមានការយកចិត្តទុកដាក់និងប្រុងប្រយ័ត្នខ្ពស់ពីព្រោះថា ជំងឺអុតស្វា គឺជាវីរ៉ុសមួយប្រភេទដែល អាចធ្វើការចែកចាយឆ្លងមេរោគ ពីសត្វទៅកាន់មនុស្ស និងមនុស្សទៅកាន់មនុស្ស ទោះមិនឆ្លងដូចកូដវីដ-១៩ ក៏មិនមែនមានន័យថា វាមិនឆ្លងដែរ ។

ដូចនេះក៏សូមឲ្យបងប្អូនរក្សាបាននូវ អនាម័យខ្លួនប្រាណ និងជៀសវាងការប៉ះពាល់ដោយផ្ទាល់ជាមួយ អ្នកដែលមានជំងឺនេះ ដូចជាការប៉ះពាល់ផ្ទាល់ជាមួយអ្នកឈឺ អនុវត្តការរួមភេទប្រកបដោយសុវត្ថិភាពដោយ ប្រើស្រោមអនាម័យ ធ្វើអនាម័យដៃស្អាតដោយសម្អាតជាមួយសាប៊ូ ឬដែលអាល់កុល និងអនុវត្តការការពារការ ចម្លងតាមផ្លូវដង្ហើម។

ពិសេសបរិភោគចំណីអាហារដែលឆ្អិនល្អ និងរក្សាអនាម័យចំណីអាហារ ទាំងការចម្អិនអាហារឱ្យបានល្អ និង ចៀសវាងការប៉ះពាល់ជាមួយសត្វ រស់ ឬស្លាប់ និងរក្សាអនាម័យដៃជានិច្ច។

រោគសញ្ញានៃជំងឺអុតស្វា (Monkeypox) ៖ មានដូចជា

• ក្តៅខ្លួន ឈឺក្បាលខ្លាំង ហើមកូនកណ្តុរ ឈឺសាច់ដុំ និងចេញកន្ទួលដែលមានពងបែក។

• កន្ទួលមានទំនោរប្រមូលផ្ដុំនៅលើមុខ បាតដៃ និងបាតជើង។

• មាត់ ប្រដាប់ភេទ និងភ្នែក ក៏អាចរងផលប៉ះពាល់ផងដែរ។

• រោគសញ្ញា និងកន្ទួលលើស្បែក ជាទូទៅមានរយៈពេលជាច្រើនសប្តាហ៍ ករណីភាគច្រើន រោគសញ្ញានៃជំងឺអុតស្វានេះ នឹងបាត់ទៅវិញដោយខ្លួនឯងក្នុងរយៈពេលពី ២ ទៅ ៣ សប្តាហ៍ ប៉ុន្តែក្នុងករណីខ្លះ ជំងឺនេះ អាចនាំឱ្យមានភាពស្មុគស្មាញក្នុងការព្យាបាល និងអាចបណ្តាលឱ្យស្លាប់ដែរ។

សូមជម្រាបថា ការចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺអុតស្វាយកន្លងមក បានបង្ហាញថាជាការការពារប្រឆាំងនឹងជំងឺនេះផង ហើយ វាក់សាំងថ្មីប្រឆាំងនឹងជំងឺអុតស្វាយ (Smallpox) និងជំងឺអុតស្វា(Monkeypox) នេះត្រូវបានអនុម័តឲ្យបើប្រាស់ ប៉ុន្តែមិនទាន់មានប្រើប្រាស់យ៉ាងទូលំទូលាយនៅតាមបណ្តាប្រទេសនៅឡើយទេ។

ប្រភព៖ក្រសួងសុខាភិបាល

អត្ថបទដោយ៖ សាន​ សុធារដ្ឋ

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី