- 2022-05-26 04:54:16
- ព័ត៌មាន
ដឹងទេ? នៅលើកោះថ្មីដ៏ស្រស់ស្អាតរបស់យើង មានគ្រួសារជនជាតិអាឡឺម៉ង់មួយ មករស់នៅជាង ១០ឆ្នាំហើយ
- 2022-05-26 04:54:16
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដឹងទេ? នៅលើកោះថ្មីដ៏ស្រស់ស្អាតរបស់យើង មានគ្រួសារជនជាតិអាឡឺម៉ង់មួយ មករស់នៅជាង ១០ឆ្នាំហើយ
ចន្លោះមិនឃើញ
នៅពេលនិយាយពី "កោះថ្មី" ប្រិយមិត្តអាចនឹងចម្លែកត្រចៀកបន្តិច ត្បិតថានេះជាកោះមួយកម្រមានការលើកមកនិយាយ តែតាមពិត វាជាទីកន្លែងដ៏ស្រស់ស្អាតមួយរបស់កម្ពុជា ហើយបច្ចុប្បន្នមានគ្រួសារជនជាតិអាឡឺម៉ង់មួយគ្រួសារ បានសុខចិត្តចោលជីវិតស៊ីវីល័យលើដីអាឡឺម៉ង់មករស់នៅទីនោះអស់រយៈពេលជាង ១០ឆ្នាំមកហើយ។
ក្រុមការងារ "Road Home 4” បានជួបពួកគេ ក្នុងបេសកកម្មទី២របស់ខ្លួននៅកោះថ្មី។ គ្រួសារជនជាតិអាឡឺម៉ង់នោះ មានសមាជិក តែ២នាក់ប៉ុណ្ណោះ គឺស្វាមីមានឈ្មោះ Michael និងភរិយា Kavita។ តាមការសាកសួររបស់ បានឲ្យដឹងថា ពួកគេទាំងពីរ បានចាកចោលប្រទេសកំណើតអាឡឺម៉ង់របស់ពួកគេ ហើយមករស់នៅទីនោះ អស់រយៈពេល ១២ឆ្នាំមកហើយ។
ចំពោះមូលហេតុសម្រាប់ការមកតាំងទីលំនៅលើកោះរបស់កម្ពុជានេះ Michael ប្រាប់ឲ្យដឹងថា ទីមួយលោកស្រឡាញ់ទេសភាពធម្មជាតិ និងដីកោះរបស់កម្ពុជា។ ទី២ទៀត គឺជាហេតុផលផ្ទាល់ខ្លួន ដោយលោកលើកឡើងថា ភរិយារបស់លោកកើតជំងឺម្យ៉ាង ដែលចាញ់អាកាសធាតុត្រជាក់ខ្លាំង ខណៈនៅអាឡឺម៉ង់មានអកាសធាតុត្រជាក់ ៦ខែ ជាហេតុធ្វើឲ្យភរិយាពិបាកទ្រាំ។
ដូច្នេះហើយ ពួកលោកក៏សម្រេចលក់ផ្ទះ និងអ្វីសព្វយ៉ាងនៅអាឡឺម៉ង់ ហើយធ្វើដំណើរមកកម្ពុជា និងបានមករស់នៅលើកោះថ្មីរបស់យើងរហូតមក ក្នុងនោះបំណង១របស់លោក គឺលោកចង់បើក Resort នៅទីនេះតែម្ដង។ Michael ប្រាប់ទៀតថា លោកមករស់នៅលើកោះថ្មី ដោយសារទីនេះ លោកទទួលបានកិច្ចសន្យាពីអាជ្ញាធរមូលដ្ឋានត្រឹមត្រូវ។
មិនខុសពីកោះនានារបស់កម្ពុជា "កោះថ្មី" គ្របដណ្ដប់ដោយដើមឈរតូចធំរាប់ពាន់ដើម បង្កើតបានជាម្លប់ ក៏ដូចជាទិដ្ឋភាព សោភណ្ឌភាពស្រស់ស្អាតទាក់ភ្នែកទាក់អារម្មណ៍។ នៅលើនេះ មានដើមឈើមួយដើមធំ និងខ្ពស់ដាច់គេ។ Michael ប្រាប់ថា លោកចង់រក្សាដើមឈើមួយដើមនេះ ទុកជានិរន្ត៍ចៀសផុតពីការកាប់រំលំ។ ដូច្នេះហើយលោកបានទិញព័ទ្ធហើយធ្វើខ្ទមអ្នកតាមួយដាក់នៅក្រោមដើម។
លោកថា ធ្វើបែបនេះ ព្រោះលោកយល់ថា ប្រសិនបើគេដឹងថា ដើមឈើនេះស្ថិតក្នុងការគ្រប់គ្រងរបស់លោក មនុស្សទាំងឡាយ នឹងមិនកាប់រំលំវាឡើយ។
កោះថ្មី មានទីតាំងស្ថិតក្នុងឧទ្យានជាតិរាម មានផ្ទៃដី ៤០គីឡូម៉ែត្រការ៉េ មានឆ្នេរ ២៧គីឡូមែ៉ត្រ។កោះដ៏ស្រស់ស្អាតមួយនេះ ត្រូវបែកចែកជាមួយដីគោកដោយព្រែកទឹកសាបធំមួយ ឈ្មោះថា ស្ទឹង"កោះក្របី" ដែលជាប្រភពទឹកសាបសម្រាប់ប្រជាជនក្នុងតំបន់ និងភ្ញៀវទេសចរប្រើប្រាស់។
ប្រសិនបើប្រិយមិត្តមានបំណងចង់ទៅកម្សាន្តទីនោះ ក្រុមការងារ "Road Home 4” សូមណែនាំថា ប្រិយមិត្តត្រូវធ្វើដំណើរតាមផ្លូវជាតិលេខ៤ ហើយបត់តាមផ្លូវផ្សារអូរចំណារប្រមាណ 15 នាទី នឹងមកដល់កំពង់ផែកោះខ្យង។ បន្តមកទៀត ប្រិយមិត្តនឹងត្រូវបន្តតាមទូកប្រមាណ ១ម៉ោងទៀត នឹងបានទៅដល់ "កោះថ្មី"។
ប្រសិនបើប្រិយមិត្តជាអ្នកចូលចិត្តទេសភាពសមុទ្រ ចូលចិត្តដីកោះ និងចង់បានភាពស្ងប់សុខក្នុងផ្លូវអារម្មណ៍នោះ "កោះថ្មី" ទំនងជាគោលដៅលំហែដ៏សាកសមបំផុតហើយ៕
ទស្សនាវីដេអូ បេសកកម្មរបស់ក្រុមការងារ "Road Home 4” នៅលើ "កោះថ្មី" ទាំងអស់គ្នា៖