• 2022-06-14 09:49:13
  • ព័ត៌មាន

អ្នកនាំពាក្យស្នងការពន្យល់ច្បាស់ៗហើយ ករណីមន្ត្រីនគរបាលបើកបរទាំងស្រវឹង មិនឃើញពិន័យជាលុយដូចពលរដ្ឋទូទៅ

  • 2022-06-14 09:49:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ករណីមន្ត្រីនគរបាលចរាចរណ៍មួយរូប បើកបរម៉ូតូក្នុងស្ថានភាពស្រវឹងជោកជាំ រេចង្កូតពេញផ្លូវ ហើយត្រូវបានពិន័យ និងធ្វើកិច្ចសន្យា ព្រមទាំងបញ្ឈរជើងចំនួន ៣ខែ តែមិនឃើញផាកពិន័យជាទឹកប្រាក់ដូចមានចែងក្នុងច្បាប់ចរាចរណ៍តាមកម្រិតជាតិអាល់កុល បានធ្វើឱ្យប្រជាពលរដ្ឋមួយចំនួនលើកជាសំណួរជុំវិញបញ្ហានេះ។

វីដេអូឃ្លីបមួយបង្ហាញពីសកម្មភាព មន្ត្រីនគរបាលចរាចរណ៍មួយរូប នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដែលបានបើកបរម៉ូតូក្នុងស្ថានភាពស្រវឹងពេញផ្លូវ ត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសបុកចែកចាយព្រោងព្រាត រហូតឈានដល់ថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ២០២២ ការិយាល័យចរាចរណ៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានកោះហៅមន្ត្រីរូបនេះ ឲ្យចូលខ្លួនមកធ្វើការបំភ្លឺ ធ្វើកិច្ចសន្យា និងអនុវត្តវិន័យកងកម្លាំង ដោយសម្រេចចេញលិខិតព្រមានដោយផ្អាកការងារ និងដកបញ្ឈរជើងរយៈពេល០៣ខែ ហើយត្រូវបង្ហាញមុខនៅការិយាល័យបុគ្គលិកជារៀលរាល់ថ្ងៃ។

ដោយឡែកសំណួរដែលសួរថា ហេតុអ្វីមិនឃើញមានការពិន័យជាទឹកប្រាក់ដូចជាប្រជាពលរដ្ឋទូទៅ? ពាក់ព័ន្ធនឹងករណីនេះ នៅរសៀលថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ២០២២ នេះ លោកវីរសេនីយ៍ឯកឧត្ដម សាន សុខសីហា អ្នកនាំពាក្យស្នងការ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ​បានថ្លែងមកកាន់ Sabay ថា ដូចដែលពលរដ្ឋបានឃើញស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបកស្រាយហើយ ការអនុវត្ត គឺអនុវត្តស្មើភាពគ្នាចំពោះមុខច្បាប់ មិនថាជាមន្ត្រី ឬជាពលរដ្ឋទូទៅនោះទេ សំខាន់មន្ត្រីចាំបាច់ត្រូវតែគោរពជាងពលរដ្ឋទៅទៀត ព្រោះជាមន្ត្រីមន្ត្រីអនុវត្តច្បាប់ ជាអ្នកយល់ច្បាប់ ជាក់ស្ដែងដូចការពិន័យទៅលើមន្ត្រីដែលបើកបរក្នុងស្ថានភាពស្រវឹង មានការពិន័យ ធ្វើកិច្ចសន្យា ដកបញ្ឈរជើងជាដើម។

លោកវីរសេនីយ៍ឯកឧត្ដម **សាន សុខសីហា** អ្នកនាំពាក្យស្នងការ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

លោកបន្តទៀតថា៖ «ទាក់ទងនឹងករណីនឹងដែរ (រឿងពិន័យជាលុយ) វាមិនមែនជាបទល្មើសជាក់ស្ដែង ហើយពេលហ្នឹងក៏មិនមានអ្នកណាចាប់ឃាត់គាត់ដើម្បីពិនិត្យជាតិអាល់កុល ដល់ពេលអ៉ីចឹងយើងមិនអាចមានភ័ស្តុតាងគ្រប់គ្រាន់ ដើម្បីធ្វើការពិន័យលើចំណុចហ្នឹងបានទេ អាហ្នឹងមិនថាជាសមត្ថកិច្ច ឬប្រជាពលរដ្ឋទេ។ បើពេលហ្នឹងយើងឃើញ យើងឃាត់ យើងពិនិត្យជាតិអាល់កុល ឃើញកម្រិតប៉ុណ្ណាៗ អាហ្នឹងយើងនឹងផាកពិន័យតាមច្បាប់»

តាមការពន្យល់ខាងលើរបស់លោកវីរសេនីយ៍ឯកឧត្ដម សាន សុខសីហា អាចបញ្ជាក់បានច្បាស់ថា មិនថាតែចំពោះមន្ត្រីសមត្ថកិច្ច ឬប្រជាពលរដ្ឋនោះឡើយ ឱ្យតែបើកបរល្មើសនឹងច្បាប់ចរាចរណ៍ផ្លូវគោក ហើយត្រូវបានឃាត់បានជាក់ស្ដែង និងពិនិត្យឃើញថាពិតជាល្មើសច្បាប់ពិតមែន នោះនឹងត្រូវរងការពិន័យទៅតាមច្បាប់ដូចៗគ្នា ៕

មតិយោបល់