• 2022-07-18 08:05:50
  • ព័ត៌មាន

សណ្ឋាគារប្រវត្តិសាស្ត្រ Raffles Grand d'Angkor ប្រកាសបើកឡើងវិញក្នុងថ្ងៃខួប ៩០ឆ្នាំ

  • 2022-07-18 08:05:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សណ្ឋាគារលំដាប់ផ្កាយ៥ Raffles Grand d'Angkor ដែលជាសណ្ឋាគារប្រវត្តិសាស្ត្រមានវ័យចំណាស់មួយនៅខេត្តសៀមរាប និងជាសម្បត្តិបេតិកភណ្ឌដ៏ល្បីល្បាញបំផុតមួយនៅអាស៊ីអាគ្នេយ៍ បានប្រារព្ធពិធីប្រកាសបើកឡើងវិញជាផ្លូវការក្នុងថ្ងៃខួប៩០ឆ្នាំរបស់សណ្ឋាគារ កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ ក្រោយផ្អាកជាង ១ឆ្នាំដោយសាវិបត្តិកូវីដ-១៩ និងក្រោយបើកដំណើរការជាផ្លូវការឡើងវិញកាលពីថ្ងៃទី ១ មិថុនា ឆ្នាំ ២០២២ ចំពេលដែលប្រទេសកម្ពុជាបានលុបចោលការរឹតបណ្តឹងការធ្វើដំណើរកន្លងទៅ។

អ្នកគ្រប់គ្រងទូទៅ លោក Dennis de Groot បានមានប្រសាសន៍ថា «វាគឺជាអារម្មណ៍ដ៏អស្ចារ្យមួយក្នុងការនាំយកសណ្ឋាគារដ៏ស្រស់បំព្រងនេះឱ្យវិលមករកភាពរស់រវើកឡើងវិញ។ សណ្ឋាគារ Grand គឺជាសម្បត្តិជាតិ ហើយប្រវត្តិសាស្ត្ររបស់វា គឺជាសក្ខីភាពនៃអតីតកាលចម្រុះពណ៌របស់ប្រទេសកម្ពុជា។ វាត្រូវបានសាងសង់ឡើងជាកន្លែងសម្រាក របស់អ្នកបុរាណវត្ថុវិទូ និងអ្នកផ្សងព្រេងដែលចង់ស្វែងយល់ពីប្រវត្តិសាស្ត្រនានាក្នុងទឹកដីអង្គរ។ ឆ្នាំនេះជាខួប៩០ឆ្នាំ(១៩៣២-២០២២)នៃបើកដំណើរការ យើងរីករាយដែលសណ្ឋាគារនេះអាចបន្តកំណត់ ស្តង់ដាសម្រាប់ការធ្វើបដិសណ្ឋារកិច្ចបែបប្រណិតដែលអ្នកធ្វើដំណើរមកដល់ជាភ្ញៀវ ចាកចេញជាមិត្តភ័ក្តិ និងត្រលប់មកជាក្រុមគ្រួសារវិញ»

ក្នុងខួបលើកទី៩០ អ្នកគ្រប់គ្រង និងថ្នាក់ដឹកនាំរបស់សណ្ឋាគារបានរៀបចំកម្មវិធីពិសេសរយ:ពេល ៣យប់ ៤ថ្ងៃ ដើម្បីអបអរសាទររំលឹកដល់ការបើកដំណើរការឡើងវិញនូវសណ្ឋាគារប្រវត្តិសាស្ត្រនាពេលថ្មីៗនេះ ជាមួយនឹងរូបរាងថ្មី ដែលមានអ្នកចូលរួមជាង២០រូប ដោយក្នុងនោះមានលោកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជាលោក Patrick Murphy ថ្នាក់ដឹកនាំសណ្ឋាគារ និងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិមកជាច្រើនប្រទេសផងដែរ។


សកម្មភាពក្នុងកម្មវីធីពិសេសរយ:ពេល ៣យប់ ៤ថ្ងៃនេះរួមមាន៖ ជិះកង់បីទស្សនាក្រុងសៀមរាប ញុំអាហារបែបប្រពៃណីខ្មែរ ទស្សនាថ្ងៃរះមុខប្រាសាទអង្គវត្ត ប្រាសាទតាព្រហ្ម ប្រាសាទបាយ័ន ដើរក្នុងព្រៃមើលដំរី និងញុំអាហារបែបក្នុងព្រៃនៅភ្នំគូលែន ញុំអាហារបែបខ្មែរក្នុងភោជនីដ្ឋានបុរាណ១៩៣២ របស់សណ្ឋាគារ ញុំអាហារពេលល្ងាចមុនប្រាសាទក្រវ៉ាន់ និងទស្សនាការបាញ់កាំជ្រួចជុំវិញអាងទឹកយ៉ាងប្រណិត និងសកម្មភាពផ្សេងៗជាច្រើនទៀត។

ឆ្នាំ ២០១៩ មុនពេលការផ្អាកជាសកលក្នុងការធ្វើដំណើរដោយវិបត្តិកូវីដ សណ្ឋាគារនេះត្រូវបានជួសជុល កែលម្អយ៉ាងម៉ត់ចត់ឲ្យកាន់តែទាក់ទាញបន្ទប់ផ្ទៃខាងក្នុងត្រូវបានលាបពណ៌ស្រាល និងភ្លឺជាងមុន មានបន្ថែមម៉ាស៊ីនកាហ្វេ កន្លែងសាក USB តុសរសេរ ទូរសព្ទដៃបែបបុរាណ ទូខោអាវ និងពូកម៉ាកល្បីលំដាប់ពិភពលោក Simmons បន្ទប់ទឹកទាំងអស់ក៏ត្រូវបានកែលម្អជាមួយនឹងក្បឿងអ៊ីតាលីថ្មី និងផ្កាឈូកថ្មី។ បង្អួចបារាំងដែលបើកទៅមើលទេសភាពតាមដងផ្លូវ សួនច្បារ និងអាងទឺកដ៏ប្រណិតរបស់សណ្ឋាគារក៏ត្រូវបានកែលម្អផងដែរ។

ចាប់ពីបើកដំណើរការដំបូងនៅឆ្នាំ១៩៣២ សណ្ឋាគារនេះត្រូវបានស្វាគមន៍អ្នកធ្វើដំណើរប្រកបដោយការយល់ដឹង និងមុខមាត់ដ៏ល្បីល្បាញបំផុត។ ឥស្សរ:ជនល្បីៗដែលធ្លាប់មកស្នាក់នៅសណ្ឋាគារនេះរួមមាន៖ ស្តេចស៊ុលតង់ Ibrahim of Johor នៃប្រទេសម៉ាឡេស៊ី តារាកំប្លែងជនជាតិអង់គ្លេស Charlie Chaplin (សាកឡូ) តារាភាពយន្តអាមេរិកលោកស្រី Paulette Goddard អ្នកនិពន្ធសៀវភៅ Cambodia Glory លោកស្រី H.W.Ponder ស្ត្រីទី១អាមេរិកលោកស្រី Jacqueline Kennedy និង លោកស្រី Michelle Obama។ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ១៩៩២ ទីតាំងសណ្ឋាគារនេះត្រូវបានជ្រើសរើសនៃពិធីពិសាអាហារថ្ងៃត្រង់ដែលរៀបចំដោយព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ដែលមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំសំខាន់ៗនាសម័យនោះរួមមាន មេដឹកនាំអ៊ុនតាក់(UNTAC) លោក Yasushi Akashi លោកឧត្តមសេនីយ៍ John Sanderson, សម្តេចតេជោ ហ៊ុន សែន ឯកឧត្តម អៀង ម៉ូលី សម្តេចក្រុមព្រះ នរោត្តមរណឫទ្ធិ លោក ខៀវ សំផន។

បច្ចុប្បន្នសណ្ឋាគារ Raffles Grand D'Angkor មាន១១៩បន្ទប់ ជាសណ្ឋាគារប្រណិតដែលជាប់ចំណាត់ថ្នាក់ជាសណ្ឋាគារល្អប្រចាំនៅកម្ពុជា និងពិភពលោក។

ពាន់រង្វាន់ដែល Raffles Grand D'Angkor ទទួលរួមមាន៖

*២០២២ Traveler Readers' Choice Awards 2022 ពីស្ថាប័ន Condé Nast

*២០១៩ Top 20 Hotel in Asia Reader’s Choice Award ពីស្ថាប័ន

*២០១៩ Top 25 Hotel Brands in the World ពីស្ថាប័ន Travel+ Leisure

*២០១៨ Reader’s Choice- Best Hotel &Resorts Cambodia #1 ពីស្ថាប័ន Destin Asian

*២០១៨ The Most Romantic Honeymoons in Asia ពីស្ថាប័ន The Romantic Tourists

*២០១៨ “Travelers’ Choice- Top Hotel, Cambodia” ពីស្ថាប័ន Trip Advisor

*២០១៧ Reader’s Choice- Best Hotel &Resorts Cambodia #1 ពីស្ថាប័ន Destin Asian

*២០១៧ “Travelers’ Choice- Top Hotel, Cambodia” ពីស្ថាប័ន Trip Advisor

*២០១៧ Certificate of Excellence ពីស្ថាប័ន Trip Advisor

អគារសណ្ឋាគារ Raffles Grand D'Angkor គឺជាអគារបុរាណដែលកសាងនៅឆ្នាំ១៩២៩ និងបើកឲ្យដំណើរការនៅឆ្នាំ១៩៣២ ដែលមាន៦៣ បន្ទប់។ នៅឆ្នាំ១៩៩៧ ត្រូវបានជួសជុលកែលម្អ ហើយដូរឈ្មោះទៅជា «សណ្ឋាគារ Raffles Grand Hotel D'Angkor» បន្ទាប់ពីក្រុមហ៊ុន Raffles ចូលមកគ្រប់គ្រងជាម្ចាស់ថ្មី។ Raffles គឺជាស្លាកសញ្ញាអាជីវកម្មសណ្ឋាគារមួយដែលស្ថិតនៅក្រោមក្រុមហ៊ុនយក្សផ្នែកបដិសណ្ឋារកិច្ចបារាំង Accor។ Accor ជាមានសណ្ឋាគារសរុប ៥៣០០ មានបន្ទប់សរុប ៧៧៨ ០០០ មាននៅ ១១០ប្រទេសនៅទូទាំងសកលលោក៕










អត្ថបទ៖ លន ហ្សាឌីណា

មតិយោបល់