• 2022-07-20 02:53:41
  • ព័ត៌មាន

នេះ​ជា​មូលហេតុ នាំ​ឲ្យ​ភ្ញៀវ​ទេសចរ​ធ្លាក់​ចុះ នៅ​រយៈ​កាល​ចុង​ក្រោយ​នេះ

  • 2022-07-20 02:53:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្ពុជា​បាន​ទទួល​កំណើន​ភ្ញៀវ​ទេសចរ​ផ្ទៃ​ក្នុង​កើន​ឡើង​ជា​លំដាប់​ចាប់​តាំង​ពី​ការ​ប្រកាស​បើក​គ្រប់​សកម្មភាព​សង្គម សេដ្ឋកិច្ច​ឡើង​វិញ។ ប៉ុន្តែ​នៅ​សប្ដាហ៍​ទី ១៦-១៧ ខែ​កក្កដា​កន្លង​ទៅ តួលេខ​បាន​ធ្លាក់​ចុះ​មក​វិញ ដោយ​មាន​មូលហេតុ​មួយ​ចំនួន។

តាម​ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បញ្ចេញ​ឲ្យ​ដឹង​កាល​ពី​ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២នេះ ស្ថិតិប្រចាំសប្តាហ៍ថ្ងៃទី១៦-១៧ ខែកក្កដា ឆ្នាំ២០២២ មានភ្ញៀវទេសចរចេញដើរកម្សាន្តចំនួន ២២៦,៤៤១ នាក់ ក្នុងនោះភ្ញៀវជាតិ ២០៤,៤៨១នាក់ ភ្ញៀវបរទេសផ្ទៃក្នុង ២១,៩៦០នាក់។ គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖

  • ខេត្តបាត់ដំបង ៣៦.៥២០ នាក់

  • ខេត្តកំពត ២៨.៩៦៤ នាក់

  • ខេត្តព្រះសីហនុ ២៨.៥០៤ នាក់

  • ខេត្តសៀមរាប ២៧.៥៨៦ នាក់

  • រាជធានីភ្នំពេញ ២០.៨១៦ នាក់

  • ខេត្តកែប ១០.៥៣១ នាក់

  • ខេត្តកណ្តាល ១០.២៨៦ នាក់

  • ខេត្តពោធិ៍សាត់ ១០.២៨២ នាក់

តាម​​តួលេខ​នេះ ឯកឧត្តមរដ្ឋមន្ត្រី បានឱ្យដឹងថា មានការថយចុះប្រមាណ ២០.៧៧% ធៀបនឹងសប្តាហ៍កន្លងមក ហើយគោលដៅទេសចរណ៍សំខាន់ៗ សុទ្ធតែ មានថយចុះដូចជា៖ ខេត្តព្រះសីហនុ ថយចុះប្រមាណ ៤៨.០៧%, ខេត្តកែប ថយចុះប្រមាណ ៤១.៧២% និងខេត្តសៀមរាប ថយចុះប្រមាណ ៣៨.០៦%។

ឯកឧត្តម​លើក​ឡើង​ថា មូលហេតុ សំខាន់ដែលនាំឲ្យការថយនៃចំនួនភ្ញៀវទេសចរនាសប្តាហ៍កន្លងមក បណ្តាលមកពីបញ្ហាអាកាសធាតុដែលមិនអំណោយផល មានភ្លៀងធ្លាក់ច្រើននៅគ្រប់រាជធានីខេត្ត ដែលបានធ្វើឲ្យមានជំនន់ទឹកភ្លៀងនៅតាមតំបន់មួយចំនួន ពិសេសគោលដៅទេសចរណ៍ខេត្តតំបន់ឆ្នេរ និងគោលដៅទេសចរណ៍នៅខេត្តពោធិ៍សាត់ (តំបន់វាលវែង និងផ្លូវបុប្ផាលក់ខ្លួន ( ផ្លូវជាតិលេខ៥៥ )ជាដើម។

ឯកឧត្តមរដ្ឋមន្ត្រី បានបន្ថែមទៀតថា ដោយឡែកនាចុងសប្តាហ៍កន្លងមកនេះ មានប្រជាពលរដ្ឋមួយចំនួនបានធ្វើដំណើរទៅកាន់ទីវត្តអារាមនានា ដើម្បីនាំយកទានវស្សា និងគ្រឿងឧបភោគបរិភោគទៅប្រគេនព្រះសង្ឃ សម្រាប់ប្រើប្រាស់នាពេលចូលព្រះវស្សាផងដែរ៕

អត្ថបទ៖ ទារិកា

មតិយោបល់