• 2022-08-01 02:39:25
  • ព័ត៌មាន

ប្រាសាទវត្តភូ! អតីតប្រាសាទខ្មែរដ៏ស្រស់ស្អាតអណ្តែតលើភ្នំក្នុងប្រទេសឡាវ ហើយបើចង់ទៅលេងគួរដឹងចំណុចទាំងនេះ

  • 2022-08-01 02:39:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រាសាទវត្តភូគឺជាអតីតប្រាសាទមួយរបស់ខ្មែរ ដែលត្រូវបានកសាងឡើងនៅកំឡុងពាក់កណ្តាលស.វទី ១០ ក្នុងរាជ្យព្រះបាទយសោវរ្ម័នទី១ សព្វថ្ងៃនេះ ប្រាសាទនេះមានទីតាំងនៅលើចង្កេះភ្នំភូកៅនៃតំបន់វប្ប ធម៌ប៉ាក់សេ ខេត្តចំប៉ាសាក់ របស់សាធារណរដ្ឋប្រជាមានិតឡាវ។

ប្រាសាទវត្តភូ ជាគ្រាប់ពេជ្រវប្បធម៌ខ្មែរមួយគ្រាប់ដែលបានរបូតបាត់នាសម័យក្រោយអង្គរ ត្រូវបានសាង សង់ក្នុងរាជ្យព្រះរាជាច្រើនអង្គ ដូចជាព្រះបាទយសោវរ្ម័នទី១ ព្រះបាទសូរ្យវរ្ម័នទី១ ព្រះបាទសូរ្យវរ្ម័នទី២ និងព្រះបាទភវវរ្ម័នទី១ ដែលរូបរាង ស្រដៀងគ្នាយ៉ាងខ្លាំងទៅនឹងប្រាសាទព្រះវិហារ ដែលស្ថិតនៅលើភ្នំ ដងរែកខាងទឹកដីកម្ពុជា។

ដូចគ្នានេះដែរ ស្ថាបត្យកម្មប្រសាទត្រូវបានកសាងក្នុងរចនាបថប្រាសាទកោះកេរ្តិ៍និងបាពួន សម្រាប់ឧទ្ទិសដល់ព្រះសិវៈ និងព្រះវិស្ណុ ស្ថិតលើភ្នំដែលមានកម្ពស់ ២០០ម៉ែត្រ ប្រាសាទនេះជាប្រាសាទភ្នំ ដែលបែរមុខទៅទិសខាង កើតមានរាងជាក្រចាប់សេះ។ស្ថាបត្យកម្មដែលភាពអស្ចារ្យគឺជណ្ដើរបុរាណជាថ្មដាជាថ្នាក់ៗមានប្រវែង ១៣០០ម៉ែត្រ ប្រកបដោយក្បាច់រចនាយ៉ាងល្អឯក។

ប្រាសាទវត្តភូមានទីតាំងស្ថិតនៅក្បែរភ្នំដែលមានឈ្មោះថា លិង្គបវត ដែលជាភ្នំធម្មជាតិរាងដូចលិង្គមាន កម្ពស់ ១៨ម៉ែត្រ ដែលមានទឹកហូបចេញពីលិង្គឥតដាច់ និងប្រាសាទនេះតំណាងឱ្យភ្នំសុមេរុ ដែល សម្រាប់តម្កល់លិង្គរាជ្យរបស់ព្រះមហាក្សត្រគ្រប់ជំនាន់។ លើសពីនេះគេឃើញមានស្រះទឹកដ៏ធំមួយដែល មានប្រវែងបណ្តោយ ៦០០ម៉ែត្រនិងទទឹងប្រវែង ២០០ម៉ែត្រ។ ផ្លូវចូលទៅកាន់ប្រាសាទវត្តភូ ដំបូងឡើយ មានដាំ បង្គោលសិលារៀបជាជួរអមសងខាងលម្អដោយនាគលូន ក៏ប៉ុន្តែនាគលូនទាំងនេះបែកបាក់ស្ទើរ តែទាំងអស់។

ប្រសិនបើបងប្អូនប្រជាពលរដ្ឋចង់ទៅទស្សនាប្រសាទមួយនេះយើងធ្វើដំណើរតាមរយ:រថយន្តបានដោយ មានចម្ងាយប្រហែល ៦៦០ គីឡូម៉ែត្រពីរាជធានីភ្នំពេញ ឬចំងាយ ៣០០គីឡូម៉ែត្រពីទីរួមខេត្តស្ទឹងត្រែង ប្រទេសកម្ពុជាយើង។

បន្ទាប់មកយើងត្រូវធ្វើដំណើរដោយម៉ូតូឬរថយន្តក៏បាន ចំងាយ ៤៥គ.ម ឬ ៥០នាទីពីទីក្រុងប៉ាក់សេ តាម បណ្ដោយទន្លេមេគង្គ។ ពិសេសជាងនេះទៅទៀត តាមផ្លូវធ្វើដំណើរភ្ញៀសទេសចរនឹងបានគយគន់ផ្ទះ បែបជនបទនិងទេសភាពវាលស្រែខៀវស្រងាត់ ជាមួយសកម្មភាពដកស្ទូងរបស់ប្រជាកសិករឡាវ អមជាមួយភ្នំហំព័ទ្ធដោយផ្សែងអ័ព្ទនៅខាងក្រោយដាច់កន្ទុយភ្នែក ។ សម្រាប់តម្លៃសំបុត្រជនបរទេសគឺ ៥០,០០០ គីប ប្រមាណ២៥,០០០ រៀល ។

ប្រភពរូបថត៖ ដំណើររុករក

អត្ថបទដោយ៖ សាន​ សុធារដ្ឋ

មតិយោបល់