• 2022-08-08 03:37:37
  • ព័ត៌មាន

អរគុណមិត្តជប៉ុន! ថ្ងៃនេះបានផ្តល់រថយន្តដឹកសំរាម រាប់សិបគ្រឿង ដល់រាជធានីខេត្តទូទាំងកម្ពុជា

  • 2022-08-08 03:37:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាមរយ:ជំនួយពីប្រទេសជប៉ុន ក្រសួងបរិស្ថាន បានផ្តល់រថយន្តដឹកសំរាម សំណល់រឹង ចំនួន ៥៨គ្រឿង ឡដុតសំរាម ៦០គ្រឿង ម៉ូតូកង់បី ១១៨គ្រឿង និងសម្ភារគាំទ្រជាច្រើន ជូនដល់រដ្ឋបាលក្រុង ស្រុក អង្គភាព និងប្រតិបត្តិករ មួយចំនួន។

មធ្យោបាយ និងសម្ភារ ទាំងអស់នោះ បាននិងកំពុងត្រូវប្រើប្រាស់ ចូលរួមសម្អាត ប្រមូល ដឹកជញ្ជូន និងទុកដាក់សំរាម សំណល់រឹងនៅទូទាំងប្រទេស ក្នុងគោលបំណងរួមគ្នាគាំទ្រការរស់នៅស្អាត ភូមិឋានស្អាត ក្រោមពាក្យស្លោក “ មានអនាម័យ មានសោភ័ណភាពល្អ និងមានបរិស្ថានល្អ” និង “កម្ពុជាស្អាត ផ្តើមចេញពីយើងម្នាក់ៗ ” ។

ពិសេសគឺឈរលើគោលការណ៍ “ការរស់នៅស្អាត ភូមិឋានស្អាត សុខភាពល្អ ជីវិតរីករាយ អនាគតរុងរឿង ” តាមរយ:ការ រៀបចំបង្កើត និងដាក់ឱ្យអនុវត្តប្រព័ន្ធគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន មានលក្ខណៈ សំដៅបាននូវ សោភ័ណភាព កិច្ចគាំពារបរិស្ថាន សុខភាពសាធារណៈ និងបរិស្ថាន ក៏ដូចជារួមចំណែកធ្វើឱ្យភូមិ សង្កាត់ កាន់តែមាន បរិស្ថានស្អាត ការរស់នៅ ប្រកបដោយ ផាសុកភាព សោភ័ណភាព ទាក់ទាញ សមស្របទៅនឹងកំណើននគរូបនីយកម្ម និងការ អភិវឌ្ឍសេដ្ឋកិច្ចដ៏ឆាប់រហ័ស។

ជាមួយគ្នានេះដែរ ក្រសួងបរិស្ថាន បានផ្តល់ការបណ្តុះបណ្តាល ដល់រដ្ឋបាលថ្នាក់ក្រោមជាតិ លើបច្ចេកទេស ក្នុងការគ្រប់គ្រងសំរាម សំណល់រឹង និងគម្រោងរៀបចំទីលានចាក់សំរាម តាមខ្នាតបច្ចេកទេសផងដែរ។

រដ្ឋបាលក្រុង ស្រុកមួយចំនួន បាននិងកំពុងអនុវត្តគោលនយោបាយ ស្តីពីការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន បានល្អប្រសើរ និងមួយចំនួនទៀត កំពុងឈានឆ្ពោះ ទៅរកការគ្រប់គ្រងសំរាម សំណល់រឹង ប្រកបដោយប្រសិទ្ធភាព ក្នុងពេលអនាគតខាងមុខ ដើម្បីឈានទៅធ្វើភាពជាម្ចាស់ នៃការគ្រប់គ្រងសំរាម សំណល់ទីប្រជុំជន ប្រកបដោយនិរន្តរភាព។

ចំណុចសំខាន់មួយទៀតនោះ យន្តការនេះ បានក្លាយជាយុទ្ធសាស្រ្តសំខាន់គាំទ្រ ដល់ចលនាប្រឡងប្រណាំង គោលនយោបាយ « ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព » ដែលបានប្រកាសឲ្យអនុវត្តន៍នាថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ឱ្យមានប្រសិទ្ធភាព។ លក្ខណសម្បត្តិទី ៦ ក្នុងចំណោមលក្ខណសម្បត្តិទាំង៧ នៃគោលនយោបាយ « ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព » បានលើកឡើងថា មានអនាម័យ មានសោភ័ណភាពល្អ និងមានបរិស្ថានល្អ ដោយឈរលើគោលការណ៍ «ការរស់នៅស្អាត ភូមិឋានស្អាត សុខភាពល្អ ជីវិតរីករាយ អនាគតរុងរឿង » ។

សូមបញ្ចាក់ថា ក្រសួងបរិស្ថាន បានផ្តល់ មធ្យោបាយ និងសម្ភារ ក្នុងការគ្រប់គ្រងសំរាមសំណល់រឹងជូនទៅរដ្ឋបាលថ្នាក់ក្រោមជាតិ និងអង្គភាពគោលដៅ រួមមាន ៖

១. ឡដុតសំរាមសំណល់រឹង ចំនួន៦០គ្រឿង បានផ្តល់ទៅរាជធានី-ខេត្តចំនួន២២ (ក្រុង ស្រុក និងអង្គភាព បានទទួល ចំនួន ៥៨)

២. រថយន្ត ចំនួន៥៨គ្រឿងបានផ្តល់ទៅរាជធានី ខេត្ត ចំនួន ២២ (ក្រុង ស្រុក និងអង្គភាពបានទទួលចំនួន៥១)

៣. ធុងសំរាមធំ (Dumpsters) ចំណុះ៥តោន ទៅ ១១តោន ចំនួន ៦៨ធុង បានផ្តល់ទៅខេត្ត ចំនួន ៦ (ក្រុង ស្រុក និងអង្គភាព បានទទួល ចំនួន ៦)

៤. ម៉ូតូកង់បី ចំនួន ១១៨ គ្រឿង បានផ្តល់រួចទៅខេត្ត ចំនួន ២៤ (ក្រុង ស្រុក និងអង្គភាព បានទទួល ចំនួន ៨៤)

៥. ធុងចម្រោះទឹកស្អាត ចំនួន ៤០ធុង បានផ្តល់រួច ទៅរាជធានី-ខេត្ត ចំនួន១២ និងចំនួន ១៧១ ធុង បានបំពាក់នៅតាមគ្រិះស្ថានសិក្សា ដើម្បីកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក និងលើកកម្ពស់សុខភាពសិក្សា។

៦. ធុងដាក់សំរាម សំណល់រឹង (ញែកសំរាម) ចំនួន ៥០០ឈុត បានផ្តល់រួចជូនក្រុមការងារផ្តើមពីយើង ដាក់នៅតាមសួនច្បារសាធារណ បូរីប៉េងហួត និងសាលារៀន។

៧. កញ្ចប់សម្អាតសំរាម ក្នុងក្របខណ្ឌគម្រោងជំរុញបរិយាកាសអំណោយផលដល់ការអភិវឌ្ឍដោយចីរភាព ជូនទៅ២៥រាជធានី-ខេត្ត (មានធុងចម្រោះទឹកស្អាត ចំនួន ៥០ធុង និងធុងសំរាម ចំនួន៣០០ធុង)

៨. គ្រឿងចក្រចូកសំរាម «សាស័រ» ចំនួន២គ្រឿង បានផ្តល់ជូនទៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ៕

អត្ថបទ៖ San Sothearort

មតិយោបល់