• 2022-08-10 04:08:54
  • ព័ត៌មាន

មកស្គាល់ផ្កាតំណាងជាតិ! អាស៊ានទាំង១០ប្រទេស ជាមួយនឹងអត្ថន័យដ៏ជ្រាលជ្រៅបំផុត ដែលអ្នកមិនដែលដឹង

  • 2022-08-10 04:08:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុងចំណោមបណ្តាប្រទេសនៅអាស៊ានទាំង១០ តែងតែមានប្រភេទផ្កាតំណាងជាតិមួយរបស់ខ្លួន ពោលគ្រប់ប្រភេទផ្កាដែលត្រូវបាន ជ្រើសរើសតំណាងឲ្យជាតិសុទ្ធសឹងតែមានអត្ថន័យបង្កប់ដ៏ជ្រាលជ្រៅរៀងៗខ្លួន ផ្សាភ្ជាប់ទាំង ប្រពៃណី វប្បធម៌ ទំនៀមទម្លាប់ ជាមួយនឹងប្រជាពលរដ្ឋរបស់គេ។

ថ្ងៃនេះ Sabay សូមលើកយកផ្កាតំណាងជាតិរបស់អាស៊ានទាំង១០ប្រទេស រួមទាំងអត្ថន័យជ្រាលជ្រៅរបស់ផ្កានីមួយៗ ដើម្បីឲ្យប្រិយមិត្តបានជ្រាប៖

១. ផ្កាតំណាងជាតិរបស់កម្ពុជាគឺ ផ្ការំដួល (Rumduol)

ផ្ការំដួល គឺជាផ្កាតំណាងជាតិរបស់កម្ពុជា តាំងពីយូរលង់ណាស់មកហើយ ។ ផ្ការំដួលបានផ្សាភ្ជាប់អត្ថន័យយ៉ាងជ្រាលជ្រៅទៅនឹងប្រជាជនកម្ពុជា ទាំង ប្រពៃណី វប្បធម៌ ទំនៀមទម្លាប់ធម៌ សិល្បៈ ចម្លាក់ នៅតាមប្រសាទនានា ដូចជាចម្លាក់អប្សរានៅប្រាសាទអង្គរវត្តជាដើម។

ផ្ការំដួលមានដុះ ស្ទើរតែពាសពេញផ្ទៃប្រទេសកម្ពុជា ជាពិសេសមានដាំភាគច្រើននៅតាម លំនៅឋានរបស់បងប្អូនប្រជាពលរដ្ឋនៅស្រុកខ្មែរចម្ការ និងតាមទីសួនសារធារណ: មានក្លិនក្រអូបពិដោរ។ បងប្អូនខ្មែរយើងតែងតែសំដៅផ្ការំដួល តំណាងឲ្យកុលស្ត្រីខ្មែរ ដែលមាន អត្តចរិតស្លូតបូត សុភាពរាបសារ និងប្រកបទៅដោយចរិយាសម្បតិ្ត សម្រស់ស្រស់ស្អាតល្អផូរផង់ ក៏ដូចជាតំណាងឲ្យភាពរួសរាយរាក់ទាក់ ស្នាមញញឺមរបស់ប្រជាជនខ្មែរផងដែរ។

២. ផ្កាតំណាងជាតិរបស់ប្រទេសថៃគឺ ផ្ការាជព្រឹក្ស

ផ្ការាជព្រឹក្ស ត្រូវបានប្រជាជនថៃ ជ្រើសរើសជាផ្កាតំណាងជាតិ នៅក្នុងឆ្នាំ២០០១ ដែលផ្កានេះ ក៏មានដាំដុះស្ទើរតែពាសពេញប្រទេសកម្ពុជាយើងផងដែរ និងត្រូវបានប្រជាពលរដ្ឋយើងហៅថា ផ្កាលឿងរាជ ។ផ្ការាជព្រឹក្ស មានអត្ថន័យយ៉ាងជ្រាលជ្រៅ ជាមួយនឹងព្រះពុទ្ធសាសនានៅក្នុងប្រទេសថៃ ។

ពណ៌លឿងគឺតំណាងឲ្យពណ៌នៅក្នុងព្រះពុទ្ធសាសនា ជាពិសេសនៅក្នុងប្រទេសថៃ ដែលប្រជាជនគេ មានអ្នកគោរពនិងជឿនិងគោរពទៅលើព្រះពុទ្ធសាសនា យ៉ាងច្រើនលើសលុប។ ផ្ការាជព្រឹក្សជាទូទៅ វាតែងតែរីកនៅកំឡុងខែ កម្ភ:រហូតដល់ខែ ឧសភា។

៣. ផ្កាតំណាងជាតិរបស់ប្រទេសឡាវគឺ ផ្កាចំប៉ី

ផ្កាចំប៉ី គឺជាផ្កាតំណាងជាតិរបស់ប្រជាជនឡាវ ផ្កាប្រភេទនេះខ្មែរយើងហៅថា ផ្កាចំប៉ី តែឡាវគេហៅថា ចាំប៉ា (Dok Champa) ។អត្ថន័យរបស់ផ្កាចំនប៉ី នៅក្នងប្រទេសឡាវ គឺតំណាងឲ្យ ភាពស្មោះត្រង់ប្រកបទៅដោយភក្តីភាពនិង ភាពតស៊ូ ជាពិសេស ផ្កានេះ ជានិមិត្តរូបនៃការតស៊ូប្រឆាំងរបស់ប្រជាជនឡាវ ដើម្បីទាមទារឯករាជ្យពី អាណានិគមបារាំង។

៤. ផ្កាតំណាងជាតិរបស់ប្រទេសវៀតណាមគឺ ផ្កាឈូក

ផ្កាឈូក ត្រូវបានក្រសួងវប្បធម៌នៃប្រទេសវៀតណាម ជ្រើសរើសជា ផ្កាតំណាងជិតកាលពីឆ្នាំ២០១០ បន្ទាប់ពីឲ្យប្រជាជនទូទាំងប្រទេស បោះឆ្នោតជ្រើសរើសផ្កាតំណាងឲ្យជាតិ។ អត្ថន័យរបស់ផ្កាឈូក នៅក្នងប្រទេសវៀតណាម គឺតំណាង ភាពត្រឹមត្រូវស្មោះត្រង់ និងបរិសុទ្ធ ប្រកបទៅគុណធម៌ ចំពោះគ្នានឹងគ្នា។

៥. ផ្កាតំណាងជាតិរបស់ប្រទេសមីយ៉ានម៉ាគឺ ផ្កាគ្រញូង

ផ្កាគ្រញូង គឺជាផ្កាតំណាងជាតិរបស់ប្រទេសមីយ៉ានម៉ា ពលរដ្ឋគេហៅផ្កានេះថា ផាដោក ។ ផ្កានេះមានក្លិនក្រអូប ពណ៌លឿងយ៉ាងស្រស់ស្អាត តំណាងឲ្យភាព តស៊ូពុះពារ និងអត់ធ្មត់សម្រាប់ពលរដ្ឋមីយ៉ាន់ម៉ា។

៦. ផ្កាតំណាងជាតិរបស់ប្រទេសម៉ាឡេស៊ីគឺ ផ្ការំយោល

ផ្ការំយោល គឺជាផ្កាតំណងជាតិរបស់ ប្រជាជន ម៉ាឡេស៊ីតាំងពីឆ្នាំ ១៩៦០ ពណ៌ក្រហមដ៏ស្រស់ស្អាតនៅលើផ្ការំយោល គឺតំណាងឲ្យភាពហានក្លារបស់ ពលរដ្ឋម៉ាឡេស៊ី។

៧. ផ្កាតំណាងជាតិរបស់ប្រទេសឥណ្ឌូណេស៊ី គឺមានបី ផ្កាកេសរកូលរាត្រី ផ្កាម្លិះ និងផ្កា Rafflesia

ផ្កា កេសរកូលរាត្រី ផ្កាម្លិះនិងផ្កា Rafflesia ជាគឺជាផ្កាតំណាងជិតរបស់ឥណ្ឌូណេស៊ី ពិសេសផ្កា Rafflesia ជាប្រភេទផ្កា ដែលកម្របំផុតនៅលើពិភពលោកមានទំហំយ៉ាងធំសម្បើម តំណាងឲ្យដែនកោះស៊ូម៉ាត្រា និង បរណេអូនៃ ឥណ្ឌូណេស៊ី។

៨. ផ្កាតំណាងជាតិរបស់ប្រទេសហ្វីលីពីនគឺ ផ្កាម្លិះ

ផ្កាម្លិះ គឺជាផ្កាតំណាងជាតិរបស់ជនជាតិនៃប្រទេសដែនកោះហ្វីលីពីន នៅឆ្នាំ១៩៣៤ ។ ផ្កាម្លិះគឺ តំណាងឲ្យភាពបរិសុទ្ធ ស្មោះត្រង់ ភាពឱនលំទោន តែរឹងមាំ។

៩. ផ្កាតំណាងជាតិរបស់ប្រទេសសិង្ហបុរីគឺ ផ្កាវ៉ាន់ដាមីសចៅឃ្វីម (Vanda Miss Joaquim)

ផ្កាវ៉ាន់ដាមីសចៅឃ្វីម គឺជាផ្កាតំណាងជាតិរបស់ប្រជាជនប្រទេសសិង្ហបុរីទាំងមូល ចាប់តាំងពីថ្ងៃទី១៥ ខែមេសា ឆ្នាំ១៩៨១ តាមការមូលមតិគ្នារវាងប្រជាជន និងរដ្ឋាភិបាល អត្ថន័យរបស់ផ្កាវ៉ាន់ដាមីសចៅឃ្វីម គឺតំណាងឲ្យភាពរឹងមាំ ការតស៊ូ ក៏ដូចជា ភាពរីកចម្រើនរបស់ ប្រជាជនសិង្ហបុរី។

១០. ផ្កាតំណាងជាតិរបស់ប្រទេសប្រ៊ុយណេគឺ ផ្កាស៊ីមព័រ Simpore

ផ្កាស៊ីមព័រ មានអត្ថន័យយ៉ាងជ្រាលជ្រាល ចំពោះប្រជាជន នៃប្រទេសប្រ៊ុយណេ ពោលគឺវាតំណាងឲ្យ ភាពជោគជ័យ និងភាពរីកចម្រើនប្រជាជាតិ ប្រ៊ុយណេ ជាពិសេស រូបផ្កាស៊ីមព័រក៏ត្រូវបានរដ្ឋាភិបាល ដាក់បញ្ចូលក្នុងក្រដាសប្រាក់ ១ ដុល្លារប្រ៊ុយណេដែរ។

ប្រភព៖ greatknowledge ប្រែសម្រួលដោយ៖ សាន​ សុធារដ្ឋ

មតិយោបល់
អត្ថបទពេញនិយម