- 2022-08-11 02:40:48
- សេដ្ឋកិច្ច
ចំណេះដឹងហិរញ្ញវត្ថុសំខាន់ណាស់! ប៉ុន្តែវិស័យនេះប្រឹងងើបឡើងជាមួយនឹងកត្តាប្រឈមមួយចំនួន!
- 2022-08-11 02:40:48
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចំណេះដឹងហិរញ្ញវត្ថុសំខាន់ណាស់! ប៉ុន្តែវិស័យនេះប្រឹងងើបឡើងជាមួយនឹងកត្តាប្រឈមមួយចំនួន!
ចន្លោះមិនឃើញ
វិស័យធនាគារ និងហិរញ្ញវត្ថុ ត្រូវបានចាត់ទុកថាជាកម្លាំងចលករដ៏សំខាន់ក្នុងទ្រទ្រង់កម្លាំងសេដ្ឋកិច្ចជាតិ និងសូម្បីសេដ្ឋកិច្ចគ្រួសារ ដែលគ្រប់គ្នា គួរមានចំណេះដឹងហោចណាស់ជាមូលដ្ឋានពីវា ប៉ុន្តែជាមួយគ្នា គេបែរជាមើលឃើញថា វិស័យនេះ នៅតែប្រឈមជាមួយនឹងបញ្ហាប្រឈមមួយចំនួន។
វិស័យធនាគារ និងហិរញ្ញវត្ថុ នៅកម្ពុជា បានឆ្លងកាត់ដំណើរវែងឆ្ងាយ និងយ៉ាងច្រើនតំណាក់កាល ដោយរាប់ចាប់តាំងពី ក្រោយបញ្ចប់អាណានិគមបារាំង ការឆ្លងកាត់របបក្រហម និងការកសាងប្រទេសឡើងវិញ មកដល់បច្ចុប្បន្ន វិស័យដែលជាឆ្អឹងកងសំខាន់នេះ បាន និងកំពុងស្ថិតនៅលើផ្លូវត្រូវ និងរក្សាបានភាពធន់។ នេះបើតាមអ្នកជំនាញ។
របាយការណ៍ប្រចាំឆមាសឆ្នាំទី១ ២០២២ និងទិសដៅឆមាទី២ បញ្ចេញដោយលោក រ័ត្ន សោភ័ណ បានបង្ហាញថា វិស័យធនាគារជាតិកម្ពុជានៅរក្សាភាពធន ហើយបានរួមចំណែកការងើបឡើងវិញនៃសេដ្ឋកិច្ចជាតិក្រោយកូវីដ១៩។ ការងើបឡើងនេះ ស្ដែងចេញតាមរយៈកំណើនប្រាក់បញ្ញើ ៤០ ពាន់លានដុល្លារ កើន ១៦% ឆមាសទី១គណនីប្រាក់បញ្ញើគណនី ជាង១៣លាន។
ឥណទានអតិថិជនបានកើតឡើង ជាង ២៣% ដល់ជាង ៥១ ពាន់លានដុល្លារ មានគណនីអតិថិជន ដល់ ៣.៥លានគណនី។ យោងតាមយទ្ធសាស្ត្របរិយាបន្នហិរញ្ញវត្ថុ ២០១៩ ២០២៥ ប្រជាជនពេញវ័យជាង ៥៩% ទទួលសេវាហិរញ្ញវត្ថុផ្លូវការ ក្នុងនោះ ១៧% ពីស្ថាប័នធនាគារ និង ៤២% ពីស្ថាប័នហិរញ្ញវត្ថុផ្សេងទៀត ១២% ទទួលសេវាហិរញ្ញវត្ថុក្រៅផ្លូវការ ២៩% មិនទាន់ទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ និងមិនផ្លូវការ។
ធៀបរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ ការប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការ មានការរីកចម្រើនច្រើន ពោលគឺស្ថិតនៅលើផ្លូវត្រឹមត្រូវ និងសម្រេចបានតាមផែនការដែលមានចែងក្នុងយុទ្ធសាស្ត្រជាតិស្ដីពីបរិយាបន្នហិរញ្ញវត្ថុផ្លូវការយុទ្ធសាស្ត្រជាតិស្ដីពីហិរញ្ញវត្ថុ ២០១៩-២០២៥។ គិតត្រឹមឆ្នាំ ២ចុង២០២១ បរិយាបន្នហិរញ្ញវត្ថុផ្លូវការកើន ៦៧% ធៀបនឹង ៧០% នៃផែនការឆ្នាំ ២០២៥។
ទោះបែបនេះក្ដី វិស័យមួយនេះ នៅតែត្រូវការធ្វើឲ្យប្រសើរឡើងថែមទៀត ដើម្បីជម្នះនូវចំណុចប្រឈមមួយចំនួន។ តាមលោក រ័ត្ន សោភ័ណ អនុប្រធាន សមាគមធនាគារនៅកម្ពុជា បានឲ្យដឹងថា បរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជាមានបញ្ហាមួយចំនួន ដែលរាំងស្ទះដល់ការរួមចំណែកពេញទំហឹងរបស់វិស័យធនាគារ និងហិរញ្ញវត្ថុ ក្នុងការទ្រទ្រង់កម្លាំងសេដ្ឋកិច្ចមានជាអាទិ៍ ទី១ ចំណេះដឹងជាមូលដ្ឋានអំពីធនាគារ និងហិរញ្ញវត្ថុរបស់ប្រជាពលរដ្ឋ។ ទី២ កង្វះការរាយការណ៍ព័ត៌មាន ពីវិស័យធនាគារ និងហរិញ្ញវត្ថុ ទៅកាន់ប្រជាពលរដ្ឋ។
លោក សោភ័ណ្ឌ បានលើកឡើងទៀតថា លទ្ធភាពក្នុងការស្វែងយល់ពីចំណេះដឹងហិរញ្ញវត្ថុ គឺជាកត្តាសំខាន់ណាស់។ ដូច្នេះហើយ ទាមទារនូវការចូលរួមរបស់ភាគីពាក់ព័ន្ធ ដើម្បីបញ្ជ្រាបការយល់ដឹងរបស់ប្រជាពលរដ្ឋអំពីតួនាទី ក៏ដូចជាអត្ថប្រយោជន៍នៃរួមចំណែករបស់វិស័យធនាគារ និងហិរញ្ញវត្ថុនៅក្នុងសេដ្ឋកិច្ចជាតិ ក៏ដូចជាសេដ្ឋកិច្ចគ្រួសារ។
ឯកឧត្តម រ័ត្ន សុវណ្ណនរៈ ឧបការី ទេសាភិបាល និងជាអគ្គនាយកត្រួតពិនិត្យ ធនាគារជាតិនៃកម្ពុជា បានមានប្រសាសន៍ឲ្យដឹងថា រាជរដ្ឋាភិបាល បានទទួលស្គាល់ចំពោះតួនាទីរបស់ប្រព័ន្ធធនាគារ ក្នុងការចូលរួមលើកកម្ពស់កម្លាំងសេដ្ឋកិច្ច សិ្ថរភាពចំណូល និងការកាត់បន្ថយភាពក្រីក្រ តាមរយៈការបង្កើនលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុងាយស្រួល និងមានតម្លៃសមរម្យ។
ក្នុងន័យនេះ យុទ្ធសាស្ត្រជាតិស្ដីពីបរិយាបន្នហិរញ្ញវត្ថុរបស់រាជរដ្ឋាភិបាល ត្រូវបានបង្កើតឡើងដើម្បីជាឧបករណ៍ទ្រទ្រង់ ដល់ការអនុវត្តន៍យុទ្ធសាស្ត្រ ប្រកបដោយប្រិសទ្ធភាព និងយុទ្ធសាស្ត្រ អភិវឌ្ឍវិស័យហិរញ្ញវត្ថុ២០១៦ ២០២៥។ ឯកឧត្តម រ័ត្ន សុវណ្ណនរៈ បានបញ្ចេញឲ្យដឹងថា ស្របតាមយុទ្ធសាស្ត្រនេះ ធនាគារជាតិដែលជាអ្នកត្រួតពិនិត្យលើវិស័យធនាគារ និងហរិញ្ញវត្ថុ ក៏បាន និងកំពុងធ្វើ សកម្មភាពមួយដើម្បីធ្វើឲ្យប្រសើរនូវបរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា មានជាអាទិ៍ កាត់បន្ថយស្ត្រីដែលមិនទាន់ទទួលបានប្រើប្រាស់សេវាហិរញ្ញវត្ថុឲ្យបានពាក់កណ្ដាលពី ២៧% មក ១៣% និងពង្រីកការប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការ ពី ៥៩% ទៅ ៧០% ត្រឹម ២០២៥។
ព្រមទាំងធ្វើឲ្យប្រសើរឡើងនូវសុខមាលភាពគ្រួសារ និងគាំទ្រកំណើនសេដ្ឋកិច្ច។ ក្រៅពីនេះ មានការលើកទឹកចិត្តឲ្យមានការសន្សំ នៅតាមគ្រឹះស្ថានផ្លូវការ កំណើនសហគ្រាសធុនតូច និងមធ្យម និងការពង្រីកសមត្ថភាពប្រព័ន្ធទូទាត់ ការពង្រីកការផ្ដល់សេវាធានារ៉ាប់រងឲ្យបានទូលំទូលាយ និងការលើកកម្ពស់កិច្ចការពារអតិថិជន ព្រមទាំងបង្កើនតម្លាភាពក្នុងប្រព័ន្ធវិស័យហិរញ្ញវត្ថុ។
ធនាគារជាតិកម្ពុជា ក៏បាន និងកំពុងធ្វើផងដែរ នូវការបញ្ជ្រាបចំណេះដឹងហិរញ្ញវត្ថុទៅក្នុងកម្មវីធីសិក្សាចំណេះដឹងទូទៅ ដោយសហការជិតស្និទ្ធជាមួយក្រសួងអប់រំ យុវជន និងកីឡា និងអង្គការ យូហ្វា។ ការងារលើកកម្ពស់ចំណេះដឹងការងារហិរញ្ញវត្ថុចំពោះស្ត្រី និងសហគ្រិនស្ត្រី ក្រោមកិច្ចសហការជាមួយនឹងក្រសួងកិច្ចការនារី ជាដើម។
ទាំងនេះ ជាសកម្មភាពដើម្បីពង្រីកចំណេះដឹងហិរញ្ញវត្ថុនៅក្នុងចង្កោមប្រជាពលរដ្ឋ។ ដូច្នេះឯកឧត្តម គាំទ្រប្រជាពលរដ្ឋឲ្យទទួលបានមូលដ្ឋានចំណេះដឹង និងសេវាហិរញ្ញវត្ថុផ្លូវការកាន់តែច្រើនពីគ្រឹស្ថានធនាគារ និងហិរញ្ញវត្ថុ។
ការទទួលបានចំណេះដឹងហិរញ្ញវត្ថុរបស់ប្រជាពលរដ្ឋ តាមលោក រ័ត្ន សោភ័ណ អនុប្រធាន សមាគមធនាគារនៅកម្ពុជា មានការជាប់ពាក់ព័ន្ធយ៉ាងសំខាន់ចំពោះអ្នកសារព័ត៌មាន ដែលជាអ្នកពាំនាំព័ត៌មានហិរញ្ញវត្ថុទៅកាន់ប្រជាពលរដ្ឋ។ ប៉ុន្តែជាក់ស្ដែង ការរាយការណ៍ព័ត៌មានពីវិស័យនេះនៅមានកម្រិតនៅឡើយ។ ឬសគល់ពីក្រោយនេះ គឺអ្នកសារព័ត៌មានខ្លួនឯងនៅមានចំណេះដឹងតិចតួចពីវិស័យហិរញ្ញវត្ថុដូចគ្នា។
ឆ្លើយតបនឹងការលើកឡើងរបស់អនុប្រធានសមាគមធនាគារនៅកម្ពុជា លោក ប៉ែន បូណា ប្រធានក្លឹបអ្នកកាសែតកម្ពុជា បានទទួលស្គាល់លើបញ្ហានេះ។ លោកថា មានសភាពខុសគ្នាខ្លះចំពោះអ្នកសារព័ត៌មានកម្ពុជា និងអ្នកសារព័ត៌មានប្រទេសដទៃ ដែលស្រុកគេមាន អ្នកសារព័ត៌មានជំនាញទៅតាមផ្នែក ដូចជាផ្នែក នយោបាយ សេដ្ឋកិច្ច កីឡា និងសុខភាពជាដើម។
ដោយឡែកនៅកម្ពុជា នៅខ្វះអ្នកសារព័ត៌មានជំនាញៗដូចនោះ។ ដូច្នេះលោក ស្នើស្ថាប័នសារព័ត៌មាននានា គប្បីបែងចែក អ្នកសារព័ត៌មានទៅតាមផ្នែកច្បាស់ៗដូចខាងលើ ដើម្បីផ្ដល់លទ្ធភាពឲ្យពួកគេ បានតាមជាប់នឹងស្ថានការណ៍នៃវិស័យមួយៗ។ ធ្វើបែបនេះ អ្នកសារព័ត៌មានកម្ពុជា បន្តិចម្ដងៗ នឹងផ្ដើមមានជំនាញ។
ក្រៅតែពីកង្វះខាតពីខាងអ្នកសារព័ត៌មាន លោក ប៉ែន បូណា ក៏បានលើកឡើងដែរថា ខាងផ្នែកគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ក៏មានចន្លោះប្រហោងដូចគ្នានាកាលកន្លងមក នោះគឺការមើលរំលងតួនាទីរបស់អ្នកសារព័ត៌មាន។ ដូច្នេះលោក ស្នើគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ តោងព្យាយាមបង្កើតមធ្យោបាយទំនាក់ទំនង ជាមួយនឹងអ្នកសារព័ត៌មាន ហើយបង្កើតការបណ្ដុះបណ្ដាលរបស់ពួកគេ ឲ្យមានចំណេះដឹងច្បាស់លាស់លើវិស័យនេះ មុនពេលពួកគេអាចធ្វើសេចក្ដីរាយការណ៍ព័ត៌មានពីវិស័យធនាគារ និងហិរញ្ញវត្ថុទៅកាន់ប្រជាពលរដ្ឋបានច្បាស់លាស់ និងស៊ីជម្រៅ។
ក្លឹបអ្នកកាសែត និងគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ទើបបានសហការគ្នាលើកដំបូង បើកវគ្គបណ្ដុះបណ្ដាលអ្នកសារព័ត៌មានលើវិស័យនេះកាលខែមករា ២០២២ ដោយមានអ្នកសារព័ត៌មានចំនួន ២៨នាក់ មកពីស្ថាប័នចំនួន ២៦ បានចូលរួម។ កិច្ចសហការ ក៏បង្កើតឲ្យមានការប្រកួតប្រជែងអត្ថបទសារព័ត៌មានអំពីវិស័យធនាគារ និងហិរញ្ញវត្ថុផង និងបានរកឃើញអ្នកឈ្នះជយលាភីចំនួន ៥នាក់។
ថ្លែងនៅក្នុងពិធីប្រគល់ជូនវិញ្ញាបនបត្រដល់សិក្ខាកាមដែលបានចូលរួមបណ្ដុះបណ្ដាល និងអ្នកឈ្នះជយលាភី ឯកឧត្តម ខៀវ កាញ៉ារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកឡើងថា នេះជាការចេញដំណើរយ៉ាងល្អ ក្នុងការលើកកម្ពស់ចំណេះដឹងពីវិស័យនេះលើអ្នកសារព័ត៌មាន។ ឯកឧត្តមរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ការមានចំណេះដឹងពីហិរញ្ញវត្ថុសម្រាប់អ្នកសារព័ត៌មាន គឺជារឿងសំខាន់ ដូច្នេះពិតជាប្រសើរដែលក្លឹបអ្នកកាសែត និងស្ថាប័នធនាគារ និងហិរញ្ញវត្ថុ បង្កើតឲ្យមានកិច្ចសហការនេះ ដើម្បីជួយឲ្យអ្នកសារព័ត៌មានមានជំនាញ និងឈានទៅកាត់បន្ថយអនក្ខរកម្មចំណេះដឹងធនាគារហិរញ្ញវត្ថុរបស់អ្នកសារព័ត៌មាននៅកម្ពុជា៕