• 2022-08-15 00:53:28
  • ព័ត៌មាន

ផលិតផលសម្គាល់ភូមិសាស្ត្រ២មុខរបស់កម្ពុជា ដែលទទួលស្គាល់ និងល្បីទូទាំងពិភពលោក

  • 2022-08-15 00:53:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលណានិយាយពីប្រាសាទអង្គរវត្ត ប្រជាជនពិភពលោកដឹងច្បាស់ថា មហាសំណង់បុរាណនេះ ឋិតនៅខេត្តសៀមរាប នៃព្រះរាជាណាចក្រកម្ពុជា។ មិនខុសគ្នាទេ បើកាលណាគេនិយាយពីផលិតផលម្រេច គេគិតដល់ម្រេចកំពត ហើយបើនិយាយពីស្ករត្នោត គឺស្ករត្នោតកំពង់ស្ពឺ។ ផលិតផលចំណីអាហារទាំងពីរមុខនេះ ត្រូវបានពិភពលោកទទួលស្គាល់ជា ផលិតផលសម្គាល់ភូមិសាស្ត្រ នៅឆ្នាំ ២០១៦ និង ២០១៩ បន្ទាប់ពីឆ្លងកាត់ការវិនិច្ឆ័យយ៉ាងយកចិត្តទុកដាក់ទៅលើរសជាតិ គុណភាព អត្ថប្រយោជន៍សុខភាព និងលក្ខខណ្ឌចាំបាច់មួយចំនួនទៀត។

លោកឱសថបណ្ឌិត ហៃ លីអ៊ាង អគ្គនាយកក្រុមហ៊ុន Confirel និងផលិតសម្រេចផលិតពីម្រេចកំពត និងស្ករត្នោតកំពង់ស្ពឺ

ដើម្បីបង្កើតឲ្យមានផលិតផលកាន់តែសម្បូរបែប មានក្រុមហ៊ុនខ្មែរមួយ បានកែច្នៃស្ករត្នោតកំពង់ស្ពឺ និងម្រេចកំពត ឲ្យទៅជាផលិតផលផ្សេងៗ បានប្រមាណជាង ១០០ ហើយទទួលបានការគាំទ្រយ៉ាងខ្លាំងជាពិសេសលើទីផ្សារអន្តជាតិ។

លោកឱសថបណ្ឌិត ហៃ លីអ៊ាង អគ្គនាយកក្រុមហ៊ុន មានប្រសាសន៍ថា ពេលនេះជាឱកាសមួយដែលកម្ពុជាត្រូវប្រើធនធាន និងកេរ្តិ៍ឈ្មោះ ដើម្បីបង្កើតគំនិតច្នៃប្រតិដ្ឋ បង្កើតផលិតផលដើម្បីជ្រៀតចូលទីផ្សារ។ ផលិតផលល្បីៗ របស់ខ្មែរ ដែលច្នៃចេញពីស្ករត្នោតកំពង់ស្ពឺ និងម្រេចកំពត ដែលកំពុងមានឈ្មោះបោះសំឡេងនៅក្នុងទីផ្សារជាង ៣០ ប្រទេសនៅលើពិភពលោក។ ផលិតផលទាំងនេះបានបិតភ្ជាប់នូវអត្តសញ្ញាណកម្ពុជាបង្ហាញទៅកាន់ពិភពលោក និងទាញចំណាប់អារម្មណ៍ប្រជាជនដែលបានប្រើប្រាស់ ឲ្យចង់មកទស្សនាឈ្វេងយល់បន្ថែមពីកម្ពុជា។ លោក ហៃ លីអ៊ាង មានប្រសាសន៍ថា នេះជាតម្លៃដែលមិនអាចកាត់ថ្លៃបាន។

លោកឱសថបណ្ឌិត ហៃ លីអ៊ាង អគ្គនាយកក្រុមហ៊ុន Confirel

តភ្ជាប់ការអភិវឌ្ឍរវាងជនបទ និងទីក្រុង ដើម្បីរីកចម្រើនទាំងអស់គ្នាជាយូរអង្វែងទៅ តាមរយៈបង្កើតឲ្យមានសហគ្រាសផលិតនូវផលិតផល ការងារ និងស្នាដៃដែលកើតចេញពីការច្នៃប្រតិស្ឋ ដោយប្រើប្រាស់វត្ថុធាតុដើមនៅក្នុងស្រុក គឺជាទស្សនវិស័យរបស់លោក ហៃ លីអ៊ាង ក៏ដូចជាសហគ្រាស Confirel របស់លោកទាំងមូល។

បច្ចុប្បន្ននេះ Confirel មានកសិករធ្វើត្នោតជាដៃគូ ប្រមាណជាង ២០០ គ្រួសារនៅខេត្តកំពង់ស្ពឺ និងចម្ការម្រេច ផ្ទាល់ខ្លួននៅខេត្តកំពត។ ប៉ុន្តែយ៉ាងនេះក្ដីក្រុមហ៊ុននៅតែ ប្រមូលទិញទិន្នផលត្នោត និងម្រេចពីកសិកររាប់សិបគ្រួសារជុំវិញនោះផងដែរ ឲ្យតែពួកគាត់ដាំទៅតាមស្តង់ដាររបស់ក្រុមហ៊ុនកំណត់។ ដើម្បីទទួលបាននូវការទទួលស្គាល់គុណភាពតាមបទដ្ឋានអន្តរជាតិ សហគ្រាស បានយកចិត្តទុកដាក់យ៉ាងខ្លាំងលើការកែច្នៃពីមួយដំណាក់កាលទៅមួយដំណាក់កាល។

ក្នុងមួយឆ្នាំៗ សហគ្រាសកុងហ្វីរ៉ែល ប្រើប្រាស់វត្ថុធាតុដើមស្ករត្នោត ដែលប្រមូលទិញពីកសិករប្រមាណ ២២០តោន ដើម្បីកែច្នៃជាផលិតផលផ្សេង ក្នុងនោះស្ករត្នោតប្រមាណ ១២០ តោនត្រូវបាននាំចេញទៅក្រៅប្រទេស។ ចំណែកម្រេចកំពតប្រមាណជាង ក្រុមហ៊ុននេះ ប្រើប្រាស់សរុបទាំងអស់ប្រមាណ ៤០ តោម ក្នុងនោះពាក់កណ្ដាលនាំចេញទៅកាន់ទីផ្សារក្រៅប្រទេស។

ការនាំផលិតផលទៅកាន់ទីផ្សារអន្តរជាតិ ជួបប្រទះនូវការលំបាកជាច្រើន ដែលត្រូវដោះស្រាយ រាប់ចាប់តាំងពីជំហានទីមួយ រហូតដល់ដំណាក់កាលចុងក្រោយ៕

សូមទស្សនាវីដេអូឯកសារ​ «ផលិតផលកម្ពុជា-MADE IN CAMBODIA» EP2 រយៈពេលជាង៩នាទីដែលពិពណ៌នាពីផលិតទាំង២ដែលពិភពលោកទទួលស្គាល់៖

អត្ថបទ៖ ឈិន ធារ៉ាត់

មតិយោបល់
អត្ថបទពេញនិយម