- 2022-08-18 00:45:00
- ព័ត៌មាន
ធុរជនថៃខាងផ្នែកវេជ្ជសាស្ត្រមួយក្រុម ចុះមកសិក្សាទីផ្សារតម្រូវការសេវាវេជ្ជសាស្ត្រនៅកម្ពុជា
- 2022-08-18 00:45:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ធុរជនថៃខាងផ្នែកវេជ្ជសាស្ត្រមួយក្រុម ចុះមកសិក្សាទីផ្សារតម្រូវការសេវាវេជ្ជសាស្ត្រនៅកម្ពុជា
ចន្លោះមិនឃើញ
ក្រុមធុរជនថៃមួយក្រុមជំនាញខាងផ្នែកវេជ្ជសាស្ត្រ បានចុះមកកម្ពុជាយ៉ាងកម្រ ដើម្បីសិក្សាពីទីផ្សារតម្រូវការសេវាថែទាំវេជ្ជសាស្ត្ររបស់ប្រជាជនកម្ពុជា ស្របតាមផែនការពង្រីកទីផ្សារអន្តរជាតិរបស់ពួកគេ។
ធុរជនខាងផ្នែកសុខាភិបាលមួយក្រុមរបស់ថៃមានគ្នាប្រមាណ ១០នាក់នេះ មកពីមន្ទីរពេទ្យ Pat Rangsit ដែលជាបុត្រសម្ព័ន្ធមួយនៃមន្ទីរពេទ្យ Rangsit Group។ តាមការបញ្ជាក់ នេះគឺជាលើកដំបូងបង្អស់របស់ពួកគេ ក្នុងការធ្វើដំណើរចុះមកកម្ពុជា ដែលជាផ្នែកមួយនៃយុទ្ធនាការពង្រីកទីផ្សាររបស់ពួកគេនៅក្រៅប្រទេស ដោយផ្ដោតលើប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ ពិសេសកម្ពុជាតែម្ដង។
ឆ្លងតាមការសិក្សាស្រាវជ្រាវ ពួកគេបានអះអាងទៀតថា ទីផ្សារតម្រូវការសេវាថែទាំសុខភាពរបស់ប្រជាជនកម្ពុជាមានទំហំធំ ហើយពួកគេ ពិតជាមានបំណងចង់ក្លាយជាចំណែកមួយដែលអាចឆ្លើយតបទៅនឹងតម្រូវការដែលកំពុងមានទំហំធំនេះ។ នេះបើតាម លោក Nolnabhas Yaemsa-ard នាយកផ្នែកយុទ្ធសាស្ត្ររបស់មន្ទីរពេទ្យ Pat Rangsit។
មន្ទីរពេទ្យ Rangsit Group បានបើកដំណើរការជាង ៣០ឆ្នាំមកហើយ ហើយមកដល់បច្ចុប្បន្នមន្ទីរពេទ្យនេះ មានសាខាចំនួន ៣។ ទី១ Head Raingsitជាមន្ទីរពេទ្យកណ្ដាលធំជាងគេដែលបានដំណើរ ៣០ឆ្នាំហើយ សាខាទី២ Pat Rangsit នេះ ដែលដំណើរការប្រមាណ ១១ឆ្នាំ និងសាខាទី៣ ទើបបើកដំណើរបានជាង ៣ឆ្នាំ។
បច្ចុប្បន្ន Pat Rangsitកំពុងថែទាំ និងព្យាបាលអ្នកជំងឺប្រមាណ ២៥០០អ្នកជំងឺ នៅក្នុងនោះ អ្នកជំងឺជាប្រជាជនកម្ពុជានៅមានចំនួនតិចតួចនៅឡើយ។ ដូច្នេះហើយ ក្នុងយុទ្ធសាស្ត្រពង្រីកការគ្របដណ្ដប់ទីផ្សារនៅអាស៊ីអាគ្នេយ៍ Pat Rangsit បានផ្ដោតជាចម្បងទៅលើកម្ពុជា។
លោកវេជ្ជបណ្ឌិត Nolnabhas Yaemsa-ard បានលើកឡើងថា ប្រទេសកម្ពុជាមានការរីកចម្រើន ប្រជាពលរដ្ឋមានតម្រូវការខាងផ្នែកថែទាំសុខភាពច្រើន ហើយគាប់ជួនសេវារបស់មន្ទីរពេទ្យលោកមានតម្លៃប្រហាក់ប្រហែលនឹងសេវាថែទាំសុខភាពនៅកម្ពុជា និងទាបជាងមន្ទីរពេទ្យនានានៅថៃ លោកថា នេះជាឱកាសដែលប្រជាជនកម្ពុជាក្នុងការទៅសាកល្បងទទួលយកសេវារបស់ Pat Ransit។ លោកថា នេះក៏ជាមូលហេតចម្បងដែលក្រុមពួកលោកចុះមកកម្ពុជា ដើម្បីធ្វើការណែនាំខ្លួន និងស្វែងរកសហប្រតិបត្តិការជាមួយភ្នាក់ងារ ឬដៃគូនានាដើម្បីសម្រួលដល់ពលរដ្ឋកម្ពុជាដែលមានតម្រូវការសេវាថែទាំសុខភាពនៅប្រទេសថៃ ពិសេសគឺមន្ទីរពេទ្យរបស់លោក។
តាមលោក Krishrat Trakulchang ជាប្រធានក្រុមវេជ្ជបណ្ឌិតរបស់ Pat Rangsit បានឲ្យដឹងថាមន្ទីរពេទ្យទាំង៣សាខារបស់ Rangsit គឺស្ថិតនៅជិតព្រលានយន្តហោះដនមឿងរបស់ថៃ ដែលចំណាយពេលធ្វើដំណើរតែ១០នាទីប៉ុណ្ណោះ។ អំណោយផលនេះ លោកអះអាងថា មន្ទីរពេទ្យរបស់លោកនឹងអាចឆ្លើយតបបានលឿនរហ័សសម្រាប់អ្នកជំងឺដែលទៅពីកម្ពុជា។
Pat Rangsit គឺជាមន្ទីរពេទ្យឯកទេសជំងឺទូទៅ យ៉ាងណាក៏ដោយ ប្រធានវេជ្ជបណ្ឌិតដដែលអះអាងថា មន្ទីរពេទ្យរបស់លោក ត្រូវបានស្គាល់នៅក្នុងប្រទេសថៃថាមានជំនាញខ្ពស់ផ្នែករោគបេះដូង និងផ្នែកសម្ភព។ ដូច្នេះហើយ លោក Krishrat Trakulchang បានសង្កត់ធ្ងន់ទៀតថា មន្ទីរពេទ្យលោកបានជួយមាតាៗផ្ដល់កំណើតដល់បុត្រជាទីស្រឡាញ់របស់ពួកគេជាង ១០០នាក់ជារៀងរាល់ខែ៕