• 2022-08-26 00:36:43
  • ព័ត៌មាន

ឥឡូវ​នេះ​កម្ពុជា​មាន​បច្ចេកវិទ្យា AI ដែល​អាច​សម្គាល់​ប្រភេទ​ឈើ​តាម​រយៈ​ទូរស័ព្ទដៃ

  • 2022-08-26 00:36:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាម​រយៈ​ក្រសួង​បរិស្ថាន ឥឡូវ​នេះកម្ពុជា​បាន​វិវត្ត​មួយ​ជំហាន​ទៀត​ដោយ​ការ​ប្រើ​បច្ចេកវិទ្យា AI ដើម្បី​សម្គាល់​ប្រភេទ​ឈើ​តាម​រយៈ​ទូរស័ព្ទដៃ ក្រោយ​ពី​បច្ចេកវិទ្យា​បញ្ញា​សិប្បនិម្មិត្ត​ឈ្មោះ​ថា "WooAI” ត្រូវ​បាន​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​នា​ថ្ងៃ​ម្សិលមិញ។

តាម​ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន ការ​ប្រើ​ប្រាស់ “WoodAI”ដើម្បីគាំទ្រដល់រោងចក្រកាត់ដេរ និងវិស័យវាយនភ័ណ្ឌ ក្នុងការកាត់បន្ថយសម្ពាធលើព្រៃឈើធម្មជាតិនៅកម្ពុជា តាមរយៈចង្វាក់ផលិតកម្មរបស់ខ្លួន។នេះជាកិច្ចសហការដ៏ប្រសើរមួយក្នុងការអភិវឌ្ឍវិស័យ បច្ចេកវិទ្យាដោយភាពច្នៃប្រឌិតរវាងក្រុមហ៊ុនH&M Group និងអង្គការWWF នៅកម្ពុជា។

កម្មវិធី WoodAI អាចកំណត់អត្តសញ្ញាណប្រភេទឈើបានរហ័ស និងអាចគាំទ្រដល់រោងចក្រកាត់ដេរបន្ថែមទៀតក្នុងការដោះស្រាយបញ្ហាកង្វះព័ត៌មានជុំវិញប្រភពជីវម៉ាសដែលពួកគេប្រើប្រាស់។ វា​អាចកំណត់អត្តសញ្ញាណប្រភេទឈើដោយប្រើទូរស័ព្ទដៃទំនើប និងកញ្ចក់ម៉ាក្រូ នៅច្រកចូលនៃរោងចក្រដើម្បីជួយរោងចក្រក្នុងការ ត្រួតពិនិត្យមើលដើម្បីធានាថាប្រភេទឈើដែលពួកគេប្រើសម្រាប់ផលិតជាថាមពលក្នុងខ្សែសង្វាក់ផលិតកម្ម អនុលោមតាមគោលការណ៍របស់ក្រុមហ៊ុន H&M Group ពោលគឺឈើដែលបានមកពីចម្ការឈើដាំដូចជាស្វាយ និងស្វាយចន្ទីជាដើម ដែលអាចជួយធានាថាមិនរួមចំណែកដល់ការកាប់បំផ្លាញ ព្រៃឈើធម្មជាតិនោះឡើយ។

ប្រការ​នេះ ឯកឧត្តម នេត្រ ភក្ត្រា ក្នុង​នាម​ក្រសួង​បរិស្ថាន បាន​សាទរ​ចំពោះ​គម្រោង​នេះ និង​បាន​លើក​សរសើរ​គំនិតផ្តួចផ្តើមប្រកបដោយភាពច្នៃប្រឌិតនេះពីសំណាក់ អង្គការ WWF និង ក្រុមហ៊ុន H&M Group។

ឯកឧត្តមរដ្ឋលេខាធិការ បានមានប្រសាសន៍បន្ថែមទៀតថា៖ «កម្មវិធី WoodAI គឺជាការរួមចំណែកដ៏សំខាន់មួយក្នុងការដោះស្រាយកត្តាចម្បងៗ មួយចំនួន ដែលបង្កឱ្យមានការកាប់បំផ្លាញព្រៃឈើ។ ក្រសួងសូមលើកទឹកចិត្ត ដល់ក្រុមហ៊ុនផលិតសំលៀកបំពាក់ដទៃៗទៀតអនុវត្តតាមគំរូរនេះ និងចូលរួមក្នុងកិច្ចការពារ និងថែរក្សាធនធានព្រៃឈើធម្មជាតិ និងសត្វព្រៃ ដើម្បីជាប្រយោជន៍យូរ​អង្វែងសម្រាប់មនុស្ស និងធម្មជាតិ។ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានអំពាវនាវផងដែរដល់វិស័យឯកជនឲ្យ ចូលរួមសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន តាមរយៈការលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន ដែលរស់នៅក្នុង និងជុំវិញតំបន់ការពារធម្មជាតិ។

លោក សេង ទៀក នាយកអង្គការ WWFកម្ពុជា បានមានប្រសាសន៍ថា៖ «បេសកកម្មរបស់ អង្គការWWF នៅកម្ពុជា គឺអភិរក្សធនធានជីវចម្រុះដ៏សម្បូរបែបនៅក្នុងប្រទេស។ ព្រៃឈើក្នុងប្រទេសកម្ពុជានៅមានសភាពល្អផ្តល់អំណោយផលជាទីជម្រកធម្មជាតិយ៉ាងសំខាន់សម្រាប់ប្រភេទសត្វរងគ្រោះថ្នាក់ជិតផុតពូជជាច្រើនប្រភេទ។ ដូច្នេះហើយ យើង​តែងរិះរកនូវវិធីសាស្រ្ត និងបច្ចេកវិទ្យាថ្មីៗប្រកបដោយការច្នៃប្រឌិត តួយ៉ាងដូចជាកម្មវិធី WoodAI នេះ ព្រោះវាអាចដើរតួនាទីមួយក្នុងការជួយកាត់បន្ថយសម្ពាធមួយចំនួនដែលកំពុងគំរាមកំហែងដល់ព្រៃឈើធម្មជាតិ»។

ការផ្តល់ដល់រោងចក្រនូវបច្ចេកវិទ្យាដែលរួមចំណែកក្នុងការសម្រេចចិត្តបានកាន់តែប្រសើរ គឺជាការបោះជំហានល្អមួយក្នុងការរួមចំណែកកាត់បន្ថយ សម្ពាធលើព្រៃឈើ ការពារជីវចម្រុះដ៏សម្បូរបែប និងឆ្លើយតបនឹងបញ្ហាអាកាសធាតុសកល។ វាជា គន្លឹះចាំបាច់ក្នុងវិស័យវាយនភ័ណ្ឌដោយថាមពល ដែលគេប្រើក្នុងការផលិតសំលៀកបំពាក់ គឺជាកត្តារួមចំណែកធំបំផុតទៅដល់ការបំភាយឧស្ម័នផ្ទះ កញ្ចក់។ ថាមពលនេះ ត្រូវបានគេប្រើក្នុងខ្សែសង្វាក់ផលិតកម្មដូចជា ការបោកគក់ និងការ អ៊ុត​សំលៀកបំពាក់ជាដើម ហើយដែលថាមពលនេះមានប្រភពមកពី ធ្យូង ថ្ម ឧស្ម័ន និង ជីវម៉ាស ដូច ជា ឈើនេះជាដើម។​

ការប្រើប្រាស់កម្មវិធី WoodAI ជាផ្នែកមួយក្នុងចំណោមវិធីសាស្ត្រផ្សេងៗទៀតរួមគ្នា វាក្លាយជាធន​ធានដ៏សំខាន់មួយក្នុងការគាំទ្រដល់កិច្ចខិតខំ ប្រឹងប្រែងដើម្បីគ្រប់គ្រងចំការឈើដាំ និងព្រៃឈើធម្មជាតិនៅកម្ពុជា ប្រកបដោយការទទួលខុសត្រូវ។

លោក Christer Horn af Aminne នាយកក្រុមហ៊ុន H&M Group ប្រចាំប្រទេសកម្ពុជាមានប្រសាសន៍ថា៖ «វាពិតរំភើបណាស់សម្រាប់ ការសាកល្បងអនុវត្តបច្ចេកវិទ្យាថ្មីនេះនៅកម្ពុជា និងស្វែងរកនូវវិធីសាស្ត្រ ថ្មីៗដើម្បីគាំទ្រដល់កិច្ចការរបស់យើងជាមួយបណ្តាក្រុមអ្នកផ្គត់ផ្គង់ ដែលអាចជួយកាត់បន្ថយហេតុប៉ះពាល់អវិជ្ជមានលើព្រៃឈើធម្មជាតិរបស់កម្ពុជា»៕

អត្ថបទ៖ ទារិកា

មតិយោបល់