• 2022-09-30 02:35:55
  • ព័ត៌មាន

ចេះ​តែ​មាន​គោ​ឡើង​លើ​ផ្លូវ​ល្បឿន​លឿន ឥឡូវ​រក​ឃើញ​របង​សុវត្ថិភាព​ច្រើន​កន្លែង​ត្រូវ​កាត់​ផ្ដាច់

  • 2022-09-30 02:35:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចាប់​តាំង​ពី​ក្រសួង​សាធារណការ ​ប្រកាស​ឲ្យ​ប្រើ​ប្រាស់​សាក​ល្បង​នូវ​ផ្លូវ​ល្បឿន​លឿន​មក គេ​ឃើញ​មាន​បាតុភាព​សត្វ​ពាហនៈ​ដូច​ជាគោ បាន​លេច​វត្តមាន​លើ​ផ្លូវ​ប្រណិត​នេះ​ដែរ ធ្វើ​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ​សម្រាប់​អ្នក​ប្រើ​ប្រាស់​ផ្លូវ។

ករណី​នេះ ក្រសួង​សាធារណការ បាន​រក​ឃើញ​ពី​មូលហេតុ​ហើយ នោះ​ក៏​ព្រោះ​តែ​របង​សុវត្ថិភាព​ត្រង់​ចំណុច​ខ្លះ​ត្រូវ​បាន​កាត់​ផ្ដាច់។ ក្រសួង​លើក​ឡើង​ជា​សំណូមពរថា “សូមកុំកាត់របង ដើម្បីឆ្លងចូលទៅក្នុងផ្លូវល្បឿនលឿន ដោយគ្មានការអនុញ្ញាតជាដាច់ខាត”​

របងសុវត្ថិភាព​នេះ ត្រូវបានសង់ឡើង ក្នុងគោលបំណងការពារមិនឱ្យមានការឆ្លងកាត់ ពីអ្នកថ្មើរជើង សត្វពាហនៈ ឬមធ្យោបាយផ្សេងៗទៀត។ កន្លងមក របងនេះត្រូវបានកាត់ជាច្រើនកន្លែង ដើម្បីធ្វើការចេញចូលដោយគ្មានការអនុញ្ញាត ហើយក្រសួងសាធារណការ និងដឹកជញ្ជូន អាជ្ញាធរមានសមត្ថកិច្ច និងក្រុមហ៊ុនសាងសង់ ក៏បានចុះធ្វើការពន្យល់ណែនាំដល់ប្រជាពលរដ្ឋ ដែលបានកាត់របងសុវត្ថិភាពនោះថា ការធ្វើបែបនេះគឺវាបង្ករឱ្យមានគ្រោះថ្នាក់ដល់អ្នកបើកបរ និងប្រជាពលរដ្ឋខ្លួនឯងផ្ទាល់ ហើយសកម្មភាពទាំងអស់នេះក៏ល្មើសនឹងច្បាប់ផងដែរ។

ក្រសួងសាធារណការ និងដឹកជញ្ជូន សូមធ្វើការក្រើនរម្លឹកជាថ្មី ដល់បងប្អូនប្រជាពលរដ្ឋឱ្យបញ្ឈប់សកម្មភាពកាត់របងសុវត្ថិភាពនេះបន្តទៀត ហើយចូលរួមសហការតាមការណែនាំរបស់អាជ្ញាធរមានសមត្ថកិច្ចឱ្យបានខ្ជាប់ខ្ជួន។

ផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ មានរបារខណ្ឌចែកទិសចរាចរណ៍ច្បាស់លាស់ និងមិនអនុញ្ញាតឱ្យមានការឆ្លងកាត់ឡើយ។ ផ្លូវនេះ មានផ្លូវឆ្លងកាត់ទទឹងក្រោមដី ២០១កន្លែង និងស្ពានរំលងកាត់ទទឹង ២០ស្ពាន សម្រាប់ជួយសម្រួលដល់បងប្អូនប្រជាពលរដ្ឋ ក្នុងករណីចង់ឆ្លងកាត់ ដោយមិនប៉ះពាល់ដល់ចរាចរណ៍ លើផ្លូវល្បឿនលឿនឡើយ៕

អត្ថបទ៖ ទារិកា

មតិយោបល់