• 2022-10-14 04:17:56
  • ព័ត៌មាន

មហោស្រពអក្សរសិល្ប៍ខ្មែរ លើកទី៥ នឹង​ប្រព្រឹត្ត​ទៅ​នៅ​ពោធិសាត់​ចុង​ខែ​នេះ

  • 2022-10-14 04:17:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

«មរតករស់នៃអក្សរសិល្ប៍» ជាប្រធានបទចម្បងនៃមហោស្រពអក្សរសិល្ប៍លើកទី៥ ដែលនឹងប្រារព្ធជាផ្លូវការចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២ ខាងមុខនេះ នៅវិទ្យាល័យ ពោធិ៍សាត់ និងទីតាំងជាច្រើនទៀតនៅក្នុងក្រុងពោធិ៍សាត់។

ជាទូទៅ មហោស្រពអក្សរសិល្ប៍ខ្មែរ​មានគោលបំណងធំៗបីគឺ៖ ១) កសាងសហគមន៍អក្សរសិល្ប៍សម្រាប់ទស្សនិកជនកម្ពុជា, ២) បង្កើនគុណតម្លៃរបស់អ្នកនិពន្ធ ជាពិសេសផ្តោតលើគុណតម្លៃអភិវឌ្ឍសង្គម, និង ៣) ពង្រីកឱកាស ដៃគូ​ និងទីផ្សារសម្រាប់អ្នកនិពន្ធ និងអ្នកបោះពុម្ពកម្ពុជា។

អ្នកនិពន្ធ សូ ភីណា ស្ថាបនិកមហោស្រពអក្សរសិល្ប៍ខ្មែរ​បានមានប្រសាសន៍ថា៖ «ការ ប្រារព្ធមហោស្រពអក្សរសិល្ប៍ខ្មែរនៅខេត្តពោធិ៍សាត់ មានតម្លៃថ្លៃមិនអាចកាត់ថ្លៃបាន។ ជាពលរដ្ឋ និងអ្នកនិពន្ធ ដែលមានដើមកំណើតនៅខេត្តពោធិ៍សាត់ ដែលជាខេត្តមួយមានសក្តានុពលសិល្បៈ វប្បធម៌ពិសេសមួយ មហោស្រពនេះធ្វើឱ្យខ្ញុំរំភើបចិត្តជាខ្លាំង។ ការប្តេជ្ញាចិត្តរៀបចំមហោស្រពនេះ មិនអាចកើតឡើងបានទេ ប្រសិនបើគ្មានអ្នកស្ម័គ្រចិត្តជាច្រើនរូប ពុះពារមិនខ្លាចនឿយហត់។»

មហោស្រពអក្សរសិល្ប៍ខ្មែរ លើកទី៥ នេះ មានរយៈពេល៣ថ្ងៃ មានកម្មវិធី​​ពិសេសៗ​ ជាច្រើន​ដូចជា ទស្សនកិច្ចវប្បធម៌ រាត្រីអំណាន អំណានអំពីពោធិ៍សាត់ សិក្ខាសាលានិពន្ធ វេទិកាពិភាក្សា ពិព័រណ៍មរតកអក្សរសិល្ប៍ សួនកំណាព្យសិល្បៈ កម្មវិធីប្រកាសជ័យលាភីអក្សរសិល្ប៍ និង

ការសម្ដែងទស្សនីយភាព ដែលមានរបាំប្រចាំខេត្តពោធិ៍សាត់ ល្ខោនអាន និងល្ខោននិយាយ ចម្រៀង និងចាប៉ីដងវែងផងដែរ។

ជាប្រធានកម្មវិធីនៃមហោស្រពអក្សរសិល្ប៍ខ្មែរ ឥន្ទ សម៉ាណាក់ បានបញ្ជាក់ថា «មហោស្រព អក្សរសិល្ប៍ខ្មែរលើកទី៥ឆ្នាំនេះនឹងប្លែកភ្នែក ព្រោះរៀបចំនៅខេត្តពោធិ៍សាត់ដែលមិនសូវជាមានការរៀបចំកម្មវិធីបែបសិល្បៈវប្បធម៌នោះទេ។ ជាពិសេសមហោស្រពនឹងរៀបចំនៅវិទ្យាល័យពោធិ៍សាត់ ដែលមានប្អូនៗសិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូកំពុងសាទររង់ចាំចូលរួម។ ខ្ញុំសូមអញ្ជើញអ្នកនៅភ្នំពេញ និងខេត្តផ្សេងទៅចូលរួមមហោស្រព ដើម្បីឈ្វេងយល់ពីគុណតម្លៃ និងមរតករស់នៃអក្សរសិល្ប៍ខ្មែរ ព្រមទាំងបានស្គាល់ពីសិល្បៈវប្បធម៌នៅក្នុងខេត្តពោធិ៍សាត់ផងដែរ។»

មហោស្រពអក្សរសិល្ប៍ខ្មែរលើកទី៥ បានទទួលការគាំទ្រពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងព័ត៌មាន រដ្ឋបាលខេត្តពោធិ៍សាត់ សហគមន៍អក្សរសិល្ប៍នានា និងសប្បុរសជន និងសាធារណជនជាច្រើនរូប។ ការចែករំលែកថវិកាដើម្បីគាំទ្រការប្រព្រឹត្តិទៅនៃមហោស្រព ជាកាយវិការគួរឱ្យគោរព និងកក់ក្តៅបំផុត។ ដើម្បីឈ្វេងយល់កាន់តែច្បាស់អំពីការប្រព្រឹត្តិទៅកម្មវិធីមហោស្រពអក្សរសិល្ប៍ខ្មែរ លោក លោកស្រីអាចតាមដានទំព័រហ្វេសប៊ុកមហោស្រពអក្សរសិល្ប៍ខ្មែរ Khmer Literature Festival និងអាចទាក់ទងមក ឥន្ទ សម៉ាណាក់ តាម រយៈលេខ ០១០ ៩៤១ ២២៤។

អត្ថបទ៖ ទារិកា

មតិយោបល់