- 2022-10-18 08:20:34
- ព័ត៌មាន
ពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០២២ នឹងផ្តល់ឱកាសការងារថ្មីៗបន្ថែមទៀតចំនួនជាង ២ ម៉ឺនកន្លែងដល់យុវជន
- 2022-10-18 08:20:34
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០២២ នឹងផ្តល់ឱកាសការងារថ្មីៗបន្ថែមទៀតចំនួនជាង ២ ម៉ឺនកន្លែងដល់យុវជន
ចន្លោះមិនឃើញ
ថ្លែងក្នុងធ្វើសនិ្នសីទសារព័ត៌មានអំពី "ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២២" នាថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន ដោយមានការចូលរួមជាវាគ្មិនពីតំណាងសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ, សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) និងធនាគារកាណាឌីយ៉ា ព្រមទាំងតំណាង ក្រសួង ស្ថាប័ន ក្រុមហ៊ុន សិស្ស/និស្សិត ចំនួនប្រមាណ ៤០០នាក់ ឯកឧត្តម ហៃ ហ៊ុនឡេង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាប្រធានទីភ្នាក់ងារជាតិមុខរបរនិងការងារ បានឱ្យដឹងថាក្នុងព្រឹត្តិការណ៍នេះនឹងមានការចូលរួមពីវិស័យនាំមុខគេជាច្រើនរួមមាន៖ ធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធានារ៉ាប់រង, សេវាកម្មលក់ដុំ និងរាយ, ទេសចរណ៍ និងបដិសណ្ឋារកិច្ច, ម្ហូបអាហារ និងភេសជ្ជៈ, អចលនទ្រព្យ, សេវាកម្ម ព្រមទាំងវិស័យឧស្សាហកម្ម និងកម្មន្តសាល។
ពិព័រណ៍ការងារនេះ នឹងត្រូវរៀបចំឡើងនៅអគារពិព័រណ៍កោះពេជ្រ រយៈពេលពីរថ្ងៃ គឺថ្ងៃ ទី២៨-២៩ ខែតុលា ឆ្នាំ ២០២២ ចាប់ពីម៉ោង ៨ ព្រឹក ដល់ ៨ យប់ និងត្រូវបានសហការរៀបចំដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ និងសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) ។ ពិព័រណ៍នេះ គឺជាអន្តរាគមន៍ទីផ្សារការងារដ៏ធំ និងមានលក្ខណៈប្រមូលផ្តុំដែលត្រូវបានរៀបចំឡើងក្នុងមួយឆ្នាំម្តង បន្ថែមទៅលើការផ្តល់សេវាការងារជាប្រចាំថ្ងៃ សំដៅពង្រីកការផ្សព្វផ្សាយ បង្កើនការយល់ដឹង និងការត្រៀមខ្លួនចូលទីផ្សារការងារឱ្យកាន់តែទូលំទូលាយដល់គ្រប់ភាគីពាក់ព័ន្ធ។ ជាពិសេស ព្រឹត្តិការណ៍ ឆ្នាំ២០២២ នេះ នឹងត្រូវបានរៀបចំឡើងដោយជុំគ្នាផ្ទាល់ជាថ្មីឡើងវិញ បន្ទាប់ពីស្ថានភាពកូវីដ-១៩ បានធូរស្រាល។
ក្រៅពីផ្តល់ឱកាសការងារគ្រប់ប្រភេទជាង ២ម៉ឺនកន្លែង ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំនេះ នឹងមានការរៀបចំសិក្ខាសាលាលើកកម្ពស់ផលិតភាពក្រោមប្រធានបទស្តីពី៖ «ការលើកកម្ពស់កម្លាំងពលកម្មជំនាញ ឌីជីថលនីយកម្ម និងផលិតភាព» ផងដែរ។ លោក កាំង ម៉ូនីកា អគ្គលេខាធិការរងសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) បានឱ្យដឹងថា វិស័យឧស្សាហកម្មនៅកម្ពុជាបានទួលការរីកចម្រើនយ៉ាងខ្លាំងក្លា ហើយវិស័យមួយនេះ ក៏មានចំណែកស្រូបទាញកម្លាំងយុវជនយ៉ាងច្រើននៅកម្ពុជា។ លោកបានចាត់ទុកថាមុខជំនាញបច្ចេកទេសវិជ្ជាជីវៈ គឺជាវិស័យមួយដ៏ល្អសម្រាប់យុវជនដែលត្រូវសិក្សាស្វែងយល់ និងរៀនសូត្រដើម្បីបង្កើតមុខរបរសម្រាប់ចិញ្ចឹមជីវិតទៅថ្ងៃខាងមុខ។
ដោយឡែក លោក សុំ មនោរម្យ តំណាងសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ បានថ្លែងដោយជំរុញឱ្យយុវជនសិក្សាស្វែងយល់ក្នុងពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២២ ដោយសារថ្ងៃនេះ គឺជាការជួបជុំដោយក្រុមហ៊ុន និងអ្នកជំនាញដែលសិស្សនិស្សិតអាចសិក្សាស្វែងយល់ ហើយអាចមានឱកាសការងារនឹងកន្លែងផ្ទាល់។ លោក បានលើកឡើងដោយបញ្ជាក់បន្ថែមថា៖ “សហភាពសហព័ន្ធយុវជនកម្ពុជាបច្ចុប្បន្នបានចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការអប់រំ និងបណ្តុះបណ្តាលយុវជនឱ្យក្លាយជាមនុស្សជំនាន់ថ្មីប្រកបដោយសមត្ថភាព និងគុណភាពសម្រាប់បម្រើដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។”
មហាព្រឹត្តិការណ៍ការងារប្រចាំឆ្នាំនេះ ត្រូវបានរំពឹងថានឹងមានអ្នកស្វែងរកការងារដែលមានសក្ដានុពល ចំនួនប្រមាណ ៣ ម៉ឺននាក់ នឹងចូលរួមដាក់ពាក្យរកការងារជាមួយក្រុមហ៊ុនធំៗ ១៥០ ផងដែរ។ លោកស្រី កង បូរ៉ា នាយិការង នាយកដ្ឋានគ្រប់គ្រងបណ្តាញសាខា និងជាប្រធានតំបន់ភ្នំពេញខាងត្បូងរបស់ធនាគារ កាណាឌីយ៉ា បានលើកឡើងក្នុងសន្និសីទសារព័ត៌មាននាព្រឹកមិញថា ធានាគារកាណាឌីយ៉ា តែងតែចូលរួមជាមួយពិព័រណ៍ការងាររបស់ NEA ជានិច្ច ដោយសារមានបេក្ខជនល្អៗជាច្រើនបានដាក់ពាក្យស្វែងរកការងារ ហើយមានបុគ្គលិកខ្លះត្រូវបានជ្រើសរើសជាបុគ្គលិកពេញសិទ្ធិ និងបានវិវត្តន៍ខ្លួនទៅជាអ្នកគ្របគ្រងនាពេលបច្ចុប្បន្នទៀតផង៕