- 2022-10-31 08:27:18
- ព័ត៌មាន
ពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០២២ ទទួលបានអ្នកចូលរួមទស្សនា និងដាក់ពាក្យជាង ៣ ម៉ឺននាក់
- 2022-10-31 08:27:18
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០២២ ទទួលបានអ្នកចូលរួមទស្សនា និងដាក់ពាក្យជាង ៣ ម៉ឺននាក់
ចន្លោះមិនឃើញ
ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២២ រយៈពេលពីរថ្ងៃ ដែលបានធ្វើឡើងនៅថ្ងៃទី២៨ និង២៩ ខែតុលា ឆ្នាំ២០២២ នៅអគារពិព័រណ៍កោះពេជ្រ ត្រូវបានបញ្ចប់ជាស្ថាពរដោយមានយុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារ ជាង ៣ ម៉ឺននាក់បានចូលរួមទស្សនាដោយផ្ទាល់ និងដាក់ពាក្យស្វែងរកការងារយ៉ាងច្រើនកុះករដែលលើសពីការរំពឹងទុក។
ក្រុមហ៊ុនទាំង ១៥០ ដែលបានចូលរួមតាំងបង្ហាញរយៈពេលពីរថ្ងៃនេះ ទទួលបាន CV ពីបេក្ខជនរហូតដល់ជិត ៣ ម៉ឺន CVs។ ចំណែកអ្នកដែលបានចូលទស្សនាតាមអនឡាញ www.carreefair.gov.kh គឺមានចំនួនជាង ៦ ម៉ឺនដង ដែលបានចូលមើលឱកាសការងាររបស់ក្រុមហ៊ុន និង សហគ្រាសទាំងនោះ។
គួរបញ្ជាក់ផងដែរថា ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២២នេះ ត្រូវរៀបចំឡើងដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រោមកិច្ចសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ និងសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) ដោយមានក្រសួង-ស្ថាប័ន ក្រុមហ៊ុន សហគ្រាស គ្រឹះស្ថានអប់រំបណ្តុះបណ្តាល ដៃគូអភិវឌ្ឍន៍ និងអង្គការជាតិ-អន្តរជាតិ ចូលរួមតាំងបង្ហាញចំនួន ១៥០បញ្ជរ ដែលនាំមកនូវឱកាសការងារថ្មីៗថែមទៀតចំនួនជាង ២ម៉ឺនកន្លែង នៅក្នុងវិស័យនាំមុខសំខាន់ៗដូចជា៖ ធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធានារ៉ាប់រង, សេវាកម្មលក់ដុំនិងរាយ, ទេសចរណ៍និងបដិសណ្ឋារកិច្ច, ម្ហូបអាហារនិងភេសជ្ជៈ, អចលនទ្រព្យនិងសំណង់, ទូរគមនាគមន៍និងបច្ចេកវិទ្យាព័ត៌មានវិទ្យា, ឧស្សាហកម្មនិងកម្មន្តសាល ព្រមទាំងវិស័យសេវាកម្មផ្សេងៗ។
ពិព័រណ៍ការងារ និងផលិតភាពជាតិគឺជាអន្តរាគមន៍ទីផ្សារការងារដ៏ចាំបាច់មួយនៅក្នុងដំណើរការផ្តល់សេវាការងារ ដែលមាន លក្ខណៈប្រមូលផ្តុំ នូវព័ត៌មាននិងកាលានុវត្តភាព ហើយត្រូវបានរៀបចំឡើងក្នុងមួយឆ្នាំម្តង បន្ថែមទៅលើការផ្តល់សេវាការងារជាប្រចាំថ្ងៃរបស់ NEA។ NEA សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ ក្រសួង ស្ថាប័ន ក្រុមហ៊ុន សហគ្រាស គ្រឹះស្ថានអប់រំបណ្ដុះបណ្ដាល និងអង្គការជាតិ-អន្ដរជាតិ ក្រុមហ៊ុននិងដៃគូអភិវឌ្ឍដែលបានផ្តល់ការឧបត្ថម្ភគាំទ្រសម្រាប់ការរៀបចំព្រឹត្តិការណ៍នេះ, ព្រមទាំងចូលរួមតាំងបង្ហាញផ្សព្វផ្សាយ, ចែករំលែកនូវចំណេះដឹង និងបទពិសោធន៍ដ៏មានតម្លៃក្នុងការចូលរួមបង្កើតឱកាសការងារសម្រាប់ប្រជាពលរដ្ឋកម្ពុជាយ៉ាងសស្រាក់សស្រាំក្រៃលែង។
ទោះបីជាមហាព្រឹត្តិការណ៍ការងារប្រចាំឆ្នាំនេះ ត្រូវបានបញ្ចប់ទៅយ៉ាងណាក្តី យុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារ ដែលខកខានមិនបានមកចូលរួម ក៏នៅតែអាចទទួលបានសេការងាររបស់រាជរដ្ឋាភិបាលនេះ តាមរយៈកម្មវិធីដែលរៀបចំជាប្រចាំដោយ NEA ដូចជា៖វេទិកាការងារ កិច្ចសម្ភាសប្រចាំសប្តាហ៍នៅតាមមជ្ឈមណ្ឌលការងារទាំង ១៣ ដោយងាយស្រួល និងឥតគិតកម្រៃ។ ដើម្បីទទួលព័ត៌មានបន្ថែម សូមទាក់ទងមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញនៃ ទីភ្នាក់ងារជាតិមុខរបរ និងការងារ តាមរយៈលេខទូរស័ព្ទ ០១៦ ៧៨៦ ៦៥៥ (Telegram ) ឬគេហទំព័រ www.nea.gov.kh និងទំព័រ facebook neakhmer (អិនអ៊ីអេ ខ្មែរ)៕