• 2022-11-21 04:39:04
  • ព័ត៌មាន

បើកឆាកចាញ់ក្រុមភ្ញៀវ ប៉ុន្តែពលរដ្ឋកាតា មានមតិបែបនេះចំពោះការរៀបចំធ្វើជាម្ចាស់ផ្ទះ World Cup

  • 2022-11-21 04:39:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រជាជនកាតា សម្តែងការសប្បាយរីករាយខណៈដែលប្រទេសរបស់ខ្លួន កំពុងធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ប្រកួតបាល់ទាត់ពិភពលោក វើលខាប់ ២០២២។

សង្កេតឃើញថាតាមបណ្តាលទីសាធារណៈ តាមផ្សារ និង តាមតំបន់ទីប្រជុំជន មានប្រជាជនចម្រុះជាតិសាសន៍ និយាយភាសាខុសៗគ្នា មកគាំទ្រក្រុមជម្រើសជាតិរបស់ពួកគេ នៅប្រទេសកាតា។ លោក Nasser ដែលជាជនជាតិកាតា បានប្រាប់អ្នកសារព័ត៍មានថា “ប្រជាជននៅជុំវិញពិភពលោក កំពុងប្រមូលផ្តុំជួបជុំគ្នានៅទីនេះ។ ក្នុងនាមជាពលរដ្ឋកាតាម្នាក់ ខ្ញុំពិតជាមានមោទកភាព និង សប្បាយចិត្តខ្លាំងណាស់”។

ចំណែកតាមហាងកាហ្វេនានា នៅក្នុងប្រទេសកាតា បានចាក់បញ្ចាំងការផ្សាយផ្ទាល់ការប្រកួតវើលខាប់ ខណៈមនុស្សដែលចូលទៅហូបកាហ្វេ សម្លឹងទៅកាន់កញ្ចក់ទូរទស្សន៍មិនដាក់ភ្នែក។ ពលរដ្ឋកាតាម្នាក់ទៀតឈ្មោះ Naji Rashed Al Naimi បានថ្លែងប្រាប់ BBC ថា “អារម្មណ៍ខ្ញុំនៅពេលនេះ មិនអាចធ្វើការពណ៌នាបានឡើយ។ ប្រទេសដ៏សែនតូចរបស់ខ្ញុំ ពេលនេះក្លាយជាតំបន់ចំណុចកណ្តាលនៃពិភពលោក”។

លោក Salem Hassan Al Mohanadi សម្តែងការរីករាយជាពន់ពេក ដោយអាចមើលព្រឹត្តិការណ៍ប្រកួតបាល់ទាត់ពិភពលោកដោយផ្ទាល់ភ្នែក។ បុរសខាងលើថ្លែងប្រាប់ពីអារម្មណ៍របស់លោកឱ្យដឹងថា “វាហាក់ដូចជាការយល់សុបិន្តមួយ ប៉ុន្តែឥឡូវនេះអ្នកអាចមើលឃើញនៅផ្ទាល់នឹងមុខ វាជាការពិត មិនមែនជាការស្រមើលស្រម៉ៃទៀតទេ”។

ម្ចាស់ផ្ទះកាតា បានប្រកួតបើកឆាកទល់នឹងក្រុម អេក្វាទ័រ ដោយលទ្ធផលបញ្ចប់ទៅ ក្រុមជម្រើសជាតិ អេក្វាទ័រយកឈ្នះ ២ ទល់នឹង ០ កាលពីថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ២០២២នេះ៕

ប្រភព៖ BBC អត្ថបទ ៖ សង្ហា

មតិយោបល់