• 2022-12-20 05:20:00
  • ព័ត៌មាន

ពេជ្រលាក់ខ្លួន! រមណីយដ្ឋានធម្មជាតិដ៏ប្រណីតមួយ ល្បីពេញពិភពលោក បង្កប់ខ្លួនក្នុងតំបន់ជួរភ្នំក្រវាញ

  • 2022-12-20 05:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជួរភ្នំក្រវាញ ជាដែនដីជង្រុកនៃធម្មជាតិមានទំហំប្រមាណ ១.៥លានហិកតា ស្ថិតនៅភាគនិរតីនៃប្រទេសកម្ពុជា។ ដែនដីព្រៃជួរភ្នំក្រវាញ ដ៏ស្រស់ត្រកាលនេះ មិនត្រឹមតែជារបាំងធម្មជាតិដ៏សំខាន់ ជួយ ស្រូបកាបូនបានច្រើនជាងគេនៅតំបន់អាស៊ីនិងជួយកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់នៅកម្ពុជាប៉ុណ្ណោះទេ តែតំបន់ជួរភ្នំមួយនេះ បានបង្កប់ទៅដោយជីវៈចម្រុះយ៉ាងក្រាសក្រែល ពិសេសតំបន់ជួរភ្នំក្រវាញទៀតសោត គឺជាឃ្លាំងនៃអេកូទេសចរណ៍ធម្មជាតិ ក្នុងនោះផងដែរ ក៏មានគ្រាប់ពេជ្រមួយកំពុងលាក់ខ្លួនក្នុងព្រៃភ្នំនេះ ដែលជារមណីយដ្ឋានធម្មជាតិដ៏ប្រណីត កំពុងមានកេរ្តិ៍ឈ្មោះល្បីរន្ទឺនៅលើពិភពលោកផងដែរ។

ទេសចរណ៍ផ្សារភ្ជាប់ទឹកដី «Shinta Mani Wild» គឺជារមណីយដ្ឋានទេសចរណ៍ធម្មជាតិដ៏ប្រណីតមួយកន្លែងដែលទទួលពានរង្វាន់អន្តរជាតិ មានទីតាំងស្ថិតនៅក្នុងតំបន់ដ៏ស្ងប់ស្ងាត់នៃតំបន់ជួរភ្នំក្រវាញកំពុងមានកេរ្តិ៍ឈ្មោះល្បីរន្ទឺនៅលើពិភពលោកបង្កប់ទៅដោយធម្មជាតិស្រស់បំព្រង មានទឹកជ្រោះ ជិះទូកកម្សាន្ត ចូលព្រៃជាដើម ព្រមទាំងទទួលបានអារម្មណ៍ស្រស់ស្រាយពីការម៉ាស្សាធ្វើឱ្យរសាយភាពតានតឹង និងញាំអាហារឆ្ងាញ់ៗ។ នេះបើតាមការផ្សាយរបស់ក្រសួងបរិស្ថាន នាថ្ងៃទី១៩ ខែធ្នូ ២០២២នេះ។

រមណីយដ្ឋានទេសចរណ៍ធម្មជាតិ «Shinta Mani Wild» បានជួយលើកកម្ពស់សក្តានុពលទេសចរណ៍ធម្មជាតិ ដល់ការធ្វើដំណើរកម្សាន្តក្នុងប្រទេសកម្ពុជា និងបានដាក់ព្រះរាជាណាចក្រកម្ពុជាយ៉ាងរឹងមាំនៅលើផែនទីអន្តរជាតិសម្រាប់និរន្តរភាពទេសចរណ៍។ ស្ថិតនៅលើផ្ទៃដីជាង ៣៥០ ហិកតាក្នុងខេត្តព្រះសីហនុ រមណីយដ្ឋាន Shinta Mani Wild គឺជាការចូលរួមយ៉ាងសំខាន់របស់វិស័យឯកជនជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីការពារព្រៃឈើ និងសត្វព្រៃដ៏មានតម្លៃរបស់កម្ពុជា ព្រមទាំងបានបង្កើតការងារ ផ្តល់ចំណូល និងបង្កើតសេដ្ឋកិច្ចមូលដ្ឋានយ៉ាងសំខាន់ និងធ្វើឱ្យស្គាល់កាន់តែច្បាស់ពីសម្បត្តិធម្មជាតិ និងទឹកដីកម្ពុជា ៕

ប្រភព៖ ក្រសួងបរិស្ថាន

ប្រភពរូបភាព៖ Shinta Mani Wild - A Bensley Collection

អត្ថបទដោយ៖ ស៊ូ អីន

មតិយោបល់