- 2022-12-26 02:40:00
- ព័ត៌មាន
ចប់បាក់ឌុបមកភ្នំពេញ! ដឹងរឿង៧យ៉ាងនេះលែងបារម្ភហើយ ទោះអត់មានសាច់ញាតិឬអ្នកស្គាល់នៅភ្នំពេញក៏ដោយ
- 2022-12-26 02:40:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចប់បាក់ឌុបមកភ្នំពេញ! ដឹងរឿង៧យ៉ាងនេះលែងបារម្ភហើយ ទោះអត់មានសាច់ញាតិឬអ្នកស្គាល់នៅភ្នំពេញក៏ដោយ
ចន្លោះមិនឃើញ
ក្នុង១ឆ្នាំៗ មានសិស្សរាប់ពាន់នាក់មកពីតាមបណ្ដាខេត្តនានា សម្រុកមករាជធានីភ្នំពេញ ដើម្បីបន្តការសិក្សាថ្នាក់បរិញ្ញាបត្រ បន្ទាប់ពីទទួលបានជោគជ័យ ក្នុងការប្រឡងមធ្យមសិក្សាទុតិយភូមិ។ ក្នុងន័យជួយសម្រួលនិស្សិតមកពីបណ្ដាខេត្តទាំងអស់ ក្នុងការទទួលបានព័ត៌មានសំខាន់ៗ Sabay សូមលើកយកនូវរឿង ៧យ៉ាង ដែលជាព័ត៌មានចាំបាច់បំផុតមុនឡើងមករាជធានីភ្នំពេញ ដូចខាងក្រោមនេះ៖
១. កន្លែងស្នាក់នៅ
ជាទូទៅសិស្សដែលមកពីតាមបណ្ដាខេត្តភាគច្រើន ត្រូវស្នាក់នៅបន្ទប់ជួល ដើម្បីបន្តការសិក្សា។ ថ្ងៃនេះ Sabay សូមណែនាំតំបន់សម្បូរផ្ទះជួល និងតម្លៃសមរម្យសម្រាប់និស្សិតដូចខាងក្រោម៖ តំបន់ស្ទឹងមានជ័យ ក្នុងមួយបន្ទប់ចន្លោះពី ៥០ទៅ៦០ដុល្លារ អាស្រ័យជាន់លើឫជាន់ក្រោម តំបន់ពេទ្យរុស្សី និស្សិតមកពីខេត្តភាគច្រើនពេញនិយមស្នាក់នៅតំបន់នោះ ដោយសារតម្លៃសមរម្យចន្លោះពី ៤០ ទៅ ៦០ដុល្លារ
តំបន់ចាក់អង្រែក្រោម តម្លៃចន្លោះពី ៤០ទៅ ៦០ដុល្លារ
តំបន់សំណង់១២ តម្លៃចន្លោះពី ៤០ ទៅ៧០ដុល្លារ
តំបន់ស្រះចក តម្លៃចន្លោះពី៦០ ទៅ៨០ដុល្លារ
តំបន់ក្រោយសាលាវ៉ាន់ដា តម្លៃចន្លោះពី ៥០ទៅ ៧០ដុល្លារ។ល។
២. កន្លែងសិក្សាស្រាវជ្រាវពេញនិយមសម្រាប់និស្សិត
បណ្ណាល័យល្បីៗមួយចំនួន ដែលនិស្សិតអាចសិក្សាស្រាវជ្រាវដោយមិនគិតថ្លៃមានដូចជា៖ បណ្ណាល័យជាតិ ទល់មុខសាកលវិទ្យាល័យជាតិគ្រប់គ្រង មានផ្ទុកឯកសារសំខាន់ៗរាប់ម៉ឺនក្បាល និស្សិតអាចចូលស្រាវជ្រាវបាន ប្រសិនបើចង់ខ្ចីត្រូវធ្វើកាតសមាជិកសិន
បណ្ណាល័យអាលីយ៉ង់ ហ្រ្វង់សេ មានសៀវភៅគ្រប់ប្រភេទ ទាំងភាសាជាតិ ភាសាបារាំង អង់គ្លេស ជាពិសេសកន្លែងអង្គុយបំពាក់ដោយម៉ាស៊ីនត្រជាក់មានផាសុកភាព។ ប្រសិនបើនិស្សិតចង់ខ្ចីសៀវភៅត្រូវកាតសមាជិក។
បណ្ណាល័យសម្ដេចហ៊ុន សែន ក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ជិត CKCC
បណ្ណាល័យសម្ដេចហ៊ុន សែន ក្នុងវិទ្យាល័យបឹងត្របែក។ល។
៣. សួនច្បារធំៗនិស្សិតអាចសម្រាកលម្ហែកាយ និងសិក្សាបាន
សួនច្បារមុខវត្តបទុមវតី
សួនច្បារវិមានឯករាជ្យ( មាន Free Wifi)
សួនច្បារម្ដុំក្ដាន់ពីរ
សួនច្បារមុខព្រះមរមរាជវាំង (មាន Free Wifi)
សួនច្បារ និងទីធ្លាក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ល។
៤. កន្លែងលក់អាហារឆ្ងាញ់ៗ និងតម្លៃថោក
Sabay សូមនាំទៅស្គាល់កន្លែងញ៉ាំអីឆ្ងាញ់ៗ ទោះបីមិនមែនអាហារក្នុងហាងទំនើបមែនតែរសជាតិឆ្ងាញ់មិនណយដែរ មិនត្រឹមប៉ុណ្ណោះតម្លៃធូរ អស់តែត្រឹម២ម៉ឺនហូបតឹងពោះង៉ាងបាត់។
នៅក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក៖ មានលក់ប្រហិតចៀន សាច់គោអាំង បុកល្ហុង បាយឆា មីឆា ដាក់លក់តម្រៀបហូរហែ
នៅសួនមុខវត្តបទុមវតី៖ កន្លែងនេះវិញកាន់តែសម្បូរបែបថែមទៀតមានលក់អាហារសឹងគ្រប់ប្រភេទដូចជា៖ សាច់ស្ងោដោតចង្កាក់ ប្រហិត បាយឆា មីឆា គុយទាវ គ្រឿងសមុទ្រ បបរមាន់ បាញ់ឆែវ សាច់ក្រកអាំង សាច់គោអាំង។ល។
នៅតាមបណ្ដោយសួនច្បារវិមានឯករាជ្យជិតក្រសួងបរិស្ថានចាស់៖ អាហារគួរឱ្យចង់ញ៉ាំទាំងអស់ដូចជា ប្រហិតស្ងោ ប្រហិតចៀន បបរមាន់ បាយឆាមីឆា បុកល្ហុងល។
សាច់ចង្កាក់ក្ដៅៗហុយៗនៅផ្សារតាប៉ាង៖ សាច់ចង្កាក់ក្ដៅៗយកស្រង់ចេញពីឆ្នាំងភ្លាមៗ យកទៅជ្រលក់ជាមួយទឹកសៀង និយាយពីថា ឆ្ងាញ់អត់ចង់លេបតែម្ដង។ ចំពោះតម្លៃវិញធូរថ្លៃបំផុត ១ចង្កាក់ត្រឹមតែ ១ ៥០០រៀលប៉ុណ្ណោះ។
៥. ត្រូវប្រុងប្រយ័ត្នដំណឹងអាហារូបករណ៍ក្លែងក្លាយ
សុខ សោភ័ណ សិស្សពីខេត្តបាត់ដំបងឡើងមកភ្នំពេញ ចាញ់បោកគេដោយសារតែបំពេញពាក្យផ្ដេសផ្ដាសតាមផ្លូវ។ យុវតីនេះឲ្យដឹងថា៖ "ដំបូងគេចែកក្រដាសតូចមួយឲ្យខ្ញុំបំពេញលេខទូរសព្ទ និងឈ្មោះដោយប្រាប់ថាបំពេញទៅនឹងមានឱកាសទទួលអាហារូបករណ៍រៀនភាសាអង់គ្លេសអត់អស់លុយ។ រំលងប្រហែល២អាទិត្យ មានគេខលប្រាប់ឲ្យខ្ញុំទៅប្រឡងម្ដុំសាលាបាក់ទូក និងជាប់អាហារូបករណ៍១០០% ភ្លាមៗ តែគេបែរជាឲ្យខ្ញុំត្រូវបង់លុយអស់១០ដុល្លារ ដើម្បីបានវិញ្ញាបនបត្រ និងបង់១០០ដុល្លារថ្លៃរដ្ឋបាល រៀនបន្ត។ ពេលនោះខ្ញុំសម្រេចមិនរៀន ហើយឲ្យគេអស់១០ដុល្លារថ្លៃវិញ្ញាបនបត្រហ្នឹងទៅ...ក្រោយមកខ្ញុំយករឿងនេះទៅប្រាប់មិត្តភក្ដិនៅសាលា គេថាខ្ញុំចាញ់បោកគេហើយ"។
៦. ត្រូវប្រុងប្រយ័ត្នការងារតាមបណ្ដាញគ្មានប្រភពច្បាស់លាស់
ដោយឡែកយុវជន ឧត្តម និសិ្សតមកពីខេត្តស្វាយរៀង ត្រូវបានមិត្តភក្តិជិតស្និទ្ធបោកប្រាស់អស់១០០ដុល្លារ ដោយសារចង់បានការងារនៅភ្នំពេញផង បានរៀនផង។ ឧត្តម ប្រាប់ថា៖ "កាលណោះខ្ញុំរៀនមិនទាន់ចប់ថ្នាក់ទី១២ទេ ខ្ញុំសុំម៉ែ ១០០ដុល្លារ តាមមិត្តសម្លាញ់មកភ្នំពេញម្ដុំផ្សារសំណង់១២ ខ្ញុំអាចរៀននិងធ្វើការផង ដល់ពេលរៀនអស់ពេល ១អាទិត្យ គ្មានបានស្អីទេ ហើយថែមទាំងឲ្យខ្ញុំទៅដើររកសិស្សពីខេត្តមករៀនទៀត ដោយគេគិតភាគរយឲ្យពីលើ បើរកមិនបានគឺអត់"។ គ្មានជម្រើស ឧត្តម ត្រូវត្រឡប់ទៅស្រុកវិញទាំងឈឺចាប់ ព្រោះមិត្តបោកប្រាស់ និងលែងនិយាយរកគ្នាដល់សព្វថ្ងៃ។
ងាកទៅ យុវជន ចាន់ធឿន មកខេត្តកំពង់ស្ពឺវិញ រៀបរាប់ហាក់ហួសចិត្ត មិននឹកស្មានថាត្រូវមិត្តភក្ដិបោកអស់១០ដុល្លារ ព្រោះចង់បានការងារប្រាក់ខែខ្ពស់។ យុវជន ប្រាប់ថា៖ " កាលនោះ ហេតុតែចង់បានការងារខ្លាំង មានមិត្តភក្ដិប្រាប់ថាមានក្រុមហ៊ុនត្រូវការបុគ្គលិក ដោយគ្រាន់តែចូលរួមស្ដាប់សិក្ខាសាលាលក់ផលិតផលហើយត្រូវចំណាយលុយអស់ ១០ដុល្លារ បានការងារហើយ។ នៅសិក្ខាសាលានោះ គេបង្វឹកឲ្យខ្ញុំចេះនិយាយបញ្ចុះបញ្ចូល និងដើរលក់ផលិតផល ហើយគេឲ្យចំណេញបន្ថែមជាភាគរយ ប្រសិនបើលក់ផលិតផលដាច់"។ ខ្ញុំចាប់ផ្ដើមសង្កេត ទី១. គេប្រាប់ថា ខ្ញុំនឹងក្លាយជាសេដ្ឋី ២. ធ្វើការដើរលេងក្រៅប្រទេស ៣. អាកប្បកិរិយា និងសំលៀកបំពាក់អ្នកបង្វឹកមិនសមរម្យ ជាដើម។ ទាំងនេះធ្វើឲ្យខ្ញុំដឹងច្បាស់ថាគេបោក ព្រោះគ្មានការងារណាធ្វើស្រួលៗបែបនេះឡើយ។
៧. សិក្ខាសាលាបោកប្រាស់
ស្រីចាន់ និស្សិតពីមកពីតាខ្មៅ ក៏ជួបរឿងចាញ់បោកនោះដែរ ព្រោះជឿខិតប័ណ្ណសាលាមួយផ្ដល់ការងារ និងប្រាក់ខែខ្ពស់។ គ្រានោះរៀនឆ្នាំទី១ ខ្លួន និងមិត្តនាំគ្នាចំណាយអស់ ១២ដុល្លារ/ម្នាក់ ទៅចូលរួមសិក្ខាសាលារបស់សាលាមួយនៅម្ដុំលូបឹងត្របែក។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺចូលរួម ហើយឱកាសជាប់ការងារ និងញ៉ាំអាហារបូហ្វេទៀតផង។ ប៉ុន្តែនៅថ្ងៃទី១ ស្រីចាន់ចាប់អារម្មណ៍វាគ្មិនដែលឡើងអត្ថាធិប្បាយនោះ គឺជាសិស្សដូចមិនទាន់រៀនចប់វិទ្យាល័យ ជាមួយកាយវិការមិនសមរម្យគួរឲ្យង៉ើងឆ្ងល់ និងអាហារញ៉ាំគឺបាយសាច់ជ្រូក១ប្រអប់ និងទឹកក្រូច១កំប៉ុង ពោលខុសទាំងស្រុងពីអ្វីបានផ្សព្វផ្សាយ។ រួចប៉ុន្មានថ្ងៃក្រោយមក ស្រីចាន់បដិសេធលែងទៅចូលរួម បើទោះបីគេប្រាប់ខ្លួនបានជាប់ការងារនៅទីនោះក៏ដោយ។
សរុបទៅទាំងនេះជាមេរៀនរបស់រៀមច្បងខាងលើ ចែករំលែកដល់ ប្អូនៗទើបជាប់ ឬមិនទាន់ជាប់បាក់ឌុបក្ដីគួរប្រុងប្រយ័ត្នពីល្បិចរបស់ជនខិលខូចទាំងនោះ។ យ៉ាងណាមិញដើម្បីបញ្ចៀសពីស្នៀតបោកប្រាស់នានា ប្រិយមិត្តអាចចូលរួមជាបទពិសោធន៍ចាញ់បោកណាមួយ សូមផ្ញើសារមកកាន់ Sabay News Social នេះបាន៕