• 2023-01-12 10:14:32
  • ព័ត៌មាន

ចូលរួមទាំងអស់គ្នា! ប្រព័ន្ធ​ជំនួយការ​ឌីជីថល (Chatbot) ដើម្បី​ប្រយុទ្ធ​ប្រឆាំង​ការ​បំពាន​ផ្លូវភេទ​លើ​កុមារ​តាម​អនឡាញ នៅកម្ពុជា

  • 2023-01-12 10:14:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ ២០២២ អង្គការមិនមែនរដ្ឋាភិបាលដែលមានមូលដ្ឋាននៅប្រទេសកម្ពុជា អង្គការសកម្មភាពដើម្បីកុមារ (APLE) បានប្រកាសដាក់ឱ្យដំណើរការកម្មវិធីជំនួយការឌីជីថលដំបូង (Chatbot) ដើម្បីផ្តល់ការគាំទ្រដល់កុមារ និងយុវជន ដែលងាយទទួលរងហានិភ័យនៃការកេងប្រវ័ញ្ចផ្លូវភេទតាមអនឡាញ (OCSE) អាចស្វែងរកជំនួយ។

ជំនួយការឌីជីថល(Chatbot) គឺជាវេទិកាមួយដែលពួកគេអាចរាយការណ៍ពីកង្វល់របស់ពួកគេ រៀនពីរបៀបរក្សាសុវត្ថិភាពតាមប្រព័ន្ធអនឡាញ និងស្វែងរកជំនួយគាំទ្រចាំបាច់នានា។ ជំនួយការឌីជីថល(Chatbot) ត្រូវបានបង្កើតឡើងដោយមានការគាំទ្រផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុពីអង្គការ ដែនដីមនុស្សហូឡង់(Terre des Hommes Netherlands) និងអង្គការយូនីសេហ្វប្រចាំប្រទេសកម្ពុជា(UNICEF)។ ជំនួយការឌីជីថលនេះអាចឆ្លើយតបទៅនឹងអ្នកប្រើប្រាស់បានច្រើនគ្នាក្នុងពេលតែមួយ និងទទួលយកសំណើរបស់ពួកគេក្នុងរយៈពេលពីរបីវិនាទី ដោយគ្រាន់តែចុចចូលប្រព័ន្ធមួយនេះ។

យោងតាមរបាយការណ៍សិក្សាស្តីពីការបញ្ឈប់គ្រោះថ្នាក់នៅកម្ពុជា (Cambodia Disrupting Harm Study report) ដែលបានផ្សព្វផ្សាយនៅឆ្នាំ ២០២២ កុមារប្រមាណ ១៦០០០០នាក់ អាយុពី ១២ ដល់ ១៧ឆ្នាំ នៅក្នុងប្រទេសកម្ពុជា បានរងគ្រោះថ្នាក់ពីទម្រង់មួយចំនួននៃការកេងប្រវ័ញ្ចផ្លូវភេទតាមអនឡាញ (OCSE) ហើយនេះជាហេតុផលដែលទាមទារក្រុមហ៊ុនបច្ចេកវិទ្យា ចូលរួមបង្កាជាចាំបាច់។

លោក ញ៉ែម ពិសិដ្ឋ អ្នកវិភាគមាតិកានៃបណ្តាញរាយការណ៍តាមអ៊ីនធឺណិតរបស់អង្គការ APLE មានប្រសាសន៍ថា៖ «Chatbot គឺជាជំនួយការឌីជីថលដែលត្រូវបានរចនាឡើងប្រកបដោយភាពច្នៃប្រឌិត បែបកុមារមេត្រី និងងាយស្រួលប្រើជាមួយនឹងសក្តានុពលក្នុងការបង្កើនការចូលប្រើប្រាស់ធនធានអំពីការរំលោភបំពាននិងកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ (OCSE) និងការរាយការណ៍។ អ្នកប្រើប្រាស់អាចធ្វើអន្តរកម្មជាមួយប្រព័ន្ធឌីជីថល ដោយប្រើសារជាអក្សរ ឬជាសំឡេងជាភាសាខ្មែរ និងអង់គ្លេស។ វាគឺជាឧទាហរណ៍ដ៏ល្អមួយអំពីរបៀបដែលបច្ចេកវិទ្យាអាចត្រូវបានប្រើប្រាស់ ដើម្បីបង្កើនសុវត្ថិភាពតាមប្រព័ន្ធអនឡាញ និងការទទួលបានព័ត៌មានត្រឹមត្រូវ»។

ព្រឹត្តិការណ៍ប្រកាសដាក់ឱ្យដំណើរនេះនៃការប្រើប្រាស់នេះធ្វើឡើងតាមប្រព័ន្ធអនឡាញ ដោយមានអ្នកចូលរួមចំនួន៣១នាក់ រួមមាន៖ តំណាងកុមារ យុវជន តំណាងអង្គការមិនមែនរដ្ឋាភិបាល និងមន្រ្តីអនុវត្តច្បាប់។ ជំនួយការឌីជីថល (Chatbot) ត្រូវបានបង្កើតឡើងដោយផ្អែកលើការពិគ្រោះយោបល់គ្រប់ជ្រុងជ្រោយជាមួយកុមារ យុវជន ឪពុកម្តាយ និងតំណាងអង្គការមិនមែនរដ្ឋាភិបាលដែលធ្វើការពាក់ព័ន្ធក្នុងកិច្ចការពារកុមារ។ ជំនួយការឌីជីថល (Chatbot) គឺជាឧបករណ៍ដែលអ្នកប្រើប្រាស់អាចចូលប្រើប្រាស់ដោយអនាមិក និងឯករាជ្យពីកុមារតាមរយៈគេហទំព័រ និងទំព័រ Facebook ផ្លូវការរបស់ អង្គការសកម្មភាពដើម្បីកុមារ(APLE) ។ ក្នុងករណីចាំបាច់ ជំនួយការឌីជីថល(Chatbot) នឹងអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចទំនាក់ទំនងដោយផ្ទាល់ទៅកាន់បុគ្គលិកបណ្តាញរាយការណ៍បន្ទាន់ ឬបុគ្គលិកសង្គមដែលមានបទពិសោធន៍ ដែលនឹងនផ្តល់ប្រឹក្សាយោបល់ និងបញ្ជូនទៅរកសេវាគាំទ្រសមស្រប។

អង្គការ APLE បាននិងកំពុងដំណើរការបណ្តាញរាយការណ៍បន្ទាន់តាមអ៊ីនធឺណិតតាំងពីឆ្នាំ២០១៥ ដែលត្រូវបានតភ្ជាប់ទៅបណ្តាញរាយការណ៍សកល INHOPE ដែលកំពុងប្រតិបត្តិការនៅក្នុងប្រទេសចំនួន ៤៦ ហើយសកម្មក្នុងការលើកកម្ពស់ការយល់ដឹងអំពីអំពើរំលោភបំពាន និងកេងប្រវ័ញ្ចផ្លូវភេទកុមារ(OCSE) ដោយបានបណ្តុះ បណ្តាលអ្នកពាក់ព័ន្ធរាប់ពាន់នាក់លើបញ្ហាដែលកំពុងកើនឡើងនេះ រួមទាំង រដ្ឋាភិបាល នគរបាល ព្រះរាជអាជ្ញា បុគ្គលិកសង្គមជួរមុខ គ្រូបង្រៀន ឪពុកម្តាយ និងកុមារ។ នៅឆ្នាំ ២០២៣ អង្គការ APLE នឹងផ្សព្ធផ្សាយ ជំនួយការឌីជីថល(Chatbot)ឱ្យបានទូលំទូលាយដល់ភាគីពាក់ព័ន្ធដែលធ្វើការការពារកុមារ ដើម្បីលើកកម្ពស់ការប្រើប្រាស់។ យុទ្ធនាការអនឡាញនេះ ក៏នឹងត្រូវបានធ្វើឡើងផងដែរ ដើម្បីធានាថាឧបករណ៍នេះផ្តល់អត្ថប្រយោជន៍ដល់កុមារ និងយុវជនកម្ពុជាឱ្យច្រើនបំផុត។

លោក គង់ វីឡា អ្នកគ្រប់គ្រងកម្មវិធីរបស់អង្គការដែនដីមនុស្សហូឡង់ ( Terre des Hommes Netherlands ) មានប្រសាសន៍ថា៖ «នៅពេលដែលកុមារ និងយុវជនប្រើប្រាស់ Chatbot មិនត្រឹមតែពួកគេអាចស្វែងរកព័ត៌មានដ៏សម្បូរបែប និងសេវាកម្មគាំទ្រចាំបាច់នានាប៉ុណ្ណោះទេ ប៉ុន្តែយើងក៏នឹងរៀនសូត្រអំពីបទពិសោធន៍ និងតម្រូវការរបស់កុមារ យុវជន និងយើងក៏អាចស្វែងយល់បន្ថែមអំពីអំពើររំលោភបំពាន និងកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ(OCSE)និងការវិវត្តន៍របស់វា ហើយទីបំផុតការអភិវឌ្ឍនូវកម្មវិធីបន្ថែមកាន់តែមានការពាក់ព័ន្ធ និងមានសក្តានុពលបន្ថែមទៀត»។

  • សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនង៖
  • លោក ផៃ សុភ័ក្ត្រ ប្រធានកម្មវិធីអភិវឌ្ឍផ្នែកយុត្តិធម៌ព្រហ្មទណ្ឌ អង្គការ APLE
  • អ៊ីម៉ែល៖ p.sopheak@aplecambodia.org
  • ទូរស័ព្ទ៖ 092 469 970
មតិយោបល់
អត្ថបទថ្មី