/kumnith-Social/social(30)/63ca408153bb9_1674199140_medium.jpg)
- 2023-01-20 07:30:27
- ព័ត៌មាន
ថ្នាក់ដឹកនាំ Sabay ទទួលបានអនុសាសន៍ល្អៗ ក្នុងជំនួបសម្ដែងការគួរសមជាមួយរដ្ឋមន្ត្រីក្រសួងព័ត៌មាន
- 2023-01-20 07:30:27
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ថ្នាក់ដឹកនាំ Sabay ទទួលបានអនុសាសន៍ល្អៗ ក្នុងជំនួបសម្ដែងការគួរសមជាមួយរដ្ឋមន្ត្រីក្រសួងព័ត៌មាន
ចន្លោះមិនឃើញ
នៅថ្ងៃនេះ ថ្នាក់ដឹកនាំក្រុមហ៊ុន Sabay Digital Plus ដឹកនាំដោយលោក ជី សិលា នាយកប្រតិបត្តិក្រុមហ៊ុន បានចូលជួបសម្ដែងការគួរសម និងសុំអនុសាសន៍ណែនាំខ្លះៗពីឯកឧត្តមរដ្ឋមន្ត្រី ខៀវ កាញ៉ារីទ្ធ រដ្ឋមន្ត្រីក្រសួងអប់រំ លើប្រតិបត្តិការផលិត និងផ្សព្វផ្សាយមាតិកាព័ត៌មានប្រចាំថ្ងៃរបស់ខ្លួន។
គោលបំណងសំខាន់នៃជំនួបនេះ លោក ជី សិលា បានប្រាប់ឲ្យដឹងថា ទី១គឺចូលជួបសម្ដែងការគួរ សុំអនុសាសន៍ល្អៗពីឯកឧត្តមរដ្ឋមន្ត្រីសម្រាប់ការផលិតមាតិកាព័ត៌មានប្រចាំថ្ងៃរបស់ Sabay និងទី២ ដើម្បីណែនាំសមាសភាពក្រុមការងារខ្លះ ដែលក្នុងនោះមានលោកស្រី ប៉ាន ស៊ីម៉ាឡា និពន្ធនាយិកាគេហទំព័រ Sabay លោក ឌុំ វណ្ណៈគំនិត ប្រធានមាតិកាព័ត៌មាន លោក លន ហ្សាឌីណា ប្រធានផ្នែកផលិតមាតិកាវីដេអូ និងអ្នកនាង កែវ សិរីរត្នន៍ ផលិតករគម្រោងវីដេអូ។
ក្រៅពីជម្រាបជូនខ្លះៗអំពីការផលិតមាតិកាព័ត៌មានប្រចាំថ្ងៃ លោក ជី សិលា បានជម្រាបជូនឯកឧត្តមរដ្ឋមន្ត្រីបន្ថែមថា នៅឆ្នាំ ២០២៣នេះ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលដែលទទួលបានសិទ្ធិធ្វើជាម្ចាស់ផ្ទះរៀបចំកីឡា SEA GAME នោះ Sabay មានយុទ្ធនាការពិសេសមួយដើម្បីគាំទ្រព្រឹត្តិការណ៍ពិសេសនេះដែលមានមាតិកាចម្រុះទាំងអត្ថបទ និងវីដេអូរាប់រយមាតិកា។
លោកនាយកប្រតិបត្តិ បានគូសបញ្ជាក់ថា យុទ្ធនាការនេះ គឺដើម្បីផ្សព្វផ្សាយពីកម្ពុជា ក៏ដូចជាវិស័យកីឡានៅកម្ពុជាទៅកាន់ពិភពលោក លើកទឹកចិត្តអត្តពលិក ពិសេសគឺជំរុញការឲ្យតម្លៃវិស័យកីឡាក្នុងស្រទាប់មហាជន ព្រោះថាកីឡានាំមកនូវសាមគ្គីភាព និងសុខភាពល្អថែមទៀត។ ចំណុចនេះ ស្របទៅនឹងប្រសាសន៍សម្ដេចតេជោ ហ៊ុន សែន ក្នុងពិធីជួបជុំជាមួយអ្នកសារព័ត៌មានកាលពីពាក់កណ្ដាលខែមករានេះដែរ។
គ្រានោះសម្ដេចនាយករដ្ឋមន្ត្រី ស្នើប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក ជួយបំផុសស្មារតីកីឡានៅក្នុងព្រឹត្តការណ៍ SEA GAME ក្នុងនោះចូលរួមជាមួយគ្នារាប់ថយក្រោយទាំងអស់នៅថ្ងៃទី ២៥ ជាពេលត្រូវរាប់ថយក្រោយចំនួន ១០០ថ្ងៃ សម្រាប់ការមកដល់ព្រឹត្តិការណ៍កីឡាដ៏ធំនេះ។ បន្ថែមពីលើនេះ សម្ដេច ក៏ស្នើប្រព័ន្ធផ្សព្វផ្សាយ ជួយជំរុញប្រជាពលរដ្ឋខ្មែរឲ្យនាំគេលេងកីឡាដើម្បីសុខភាពទៀតផង។
ឆ្លើយតបនឹងការជម្រាបជូនពីថ្នាក់ដឹកនាំក្រុមហ៊ុន Sabay Digital Plus ឯកឧត្តមរដ្ឋមន្ត្រី ខៀវ កាញ៉ារីទ្ធ បានសាទរចំពោះយុទ្ធនាការពិសេសគាំទ្រ SEA GAME របស់គេហទំព័រ Sabay ព្រោះថា នេះជាព្រឹត្តិការណ៍ធំ មានរឿងជាច្រើនដែលប្រព័ន្ធផ្សព្វផ្សាយត្រូវជួយផ្សាយបន្តទៅកាន់ប្រជាពលរដ្ឋ និងទៅអន្តរជាតិ។
ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា SEA GAME ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ មានវិញ្ញាសារកីឡាជាង ៦០០ ក្នុងនោះវិញ្ញាសារខ្លះ អាចមិនត្រូវបានផ្សាយផ្ទាល់ ហើយទូរទស្សន៍នឹងចូលទៅបំពេញចន្លោះនោះដោយព្យាយាមធ្វើការផ្សាយផ្ទាល់ឲ្យបានគ្រប់វិញ្ញាសារ និងលើកទឹកចិត្តប្រព័ន្ធផ្សព្វផ្សាយផ្សេងជួយផ្សាយបន្តផងដែរ។
ទទួលបានអនុសាសន៍ពីឯកឧត្តមរដ្ឋមន្ត្រី លោក ជី សិលា បានថ្លែងអំណរគុណ និងទទួលយក ព្រមទាំងអនុវត្តដោយការព្យាយាម និងសង្ឃឹមថា Sabay អាចជួយបំពេញបន្ថែមមួយចំណែកលើព្រឹត្តិការណ៍ដ៏មានសារសំខាន់នេះ ជាមួយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកដទៃទៀត។
តាមឯកឧត្តម ផុស សុវណ្ណា អគ្គនាយកនៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ កម្ពុជា ត្រៀមប្រារព្ធព្រឹត្តិការណ៍រាប់ថយក្រោយសម្រាប់ការមកដល់ព្រឹត្តិការណ៍ SEA GAME លើកទី៣២នេះ នៅវិមានឈ្នះៗ នាថ្ងៃទី ២៥ មករា ២០២៣នេះ៕