- 2023-01-24 04:36:00
- ព័ត៌មាន
អ្នកជិះផ្លូវល្បឿនលឿន មកស្គាល់ច្រកចេញចូល ETC និង ANPR កុំឱ្យចាំយូរនិងស្ទះទៀត
- 2023-01-24 04:36:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកជិះផ្លូវល្បឿនលឿន មកស្គាល់ច្រកចេញចូល ETC និង ANPR កុំឱ្យចាំយូរនិងស្ទះទៀត
ចន្លោះមិនឃើញ
ប្រើប្រាស់គន្លងចេញចូលលើផ្លូវល្បឿនលឿនឱ្យបានត្រឹមត្រូវតាមការណែនាំ នឹងជួយកាត់បន្ថយការកកស្ទះ ចំណាយពេលវេលាតិច និងមិនរង់ចាំយូរ ។ សូមបងប្អូនប្រជាពលរដ្ឋ ដែលជាអ្នកប្រើប្រាស់ផ្លូវល្បឿនលឿន មេត្តាស្វែងយល់នៃប្រភេទគន្លងនីមួយៗ និងត្រូវដឹងថារថយន្តរបស់ខ្លួន អាចប្រើប្រាស់គន្លងណាមួយដូចមានក្នុងរូបភាពខាងក្រោម។ នេះបើតាមការផ្សាយលើទំព័រហ្វេសប៊ុកផ្លូវការណ៍របស់ ផ្លូវល្បឿនលឿនភ្នំពេញ - ព្រះសីហនុ នៅថ្ងៃទី ២៣ ខែមករា ឆ្នាំ២០២៣នេះ។
ការចេញចូលផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ មានគន្លងអាទិភាព ពីរប្រភេទ គឺ ETC និង ANPR ដែលជួយសម្រួលក្នុងការចេញចូលដោយមិនរង់ចាំយូរ និងមានភាពងាយស្រួលដោយបង់សេវា ជាស្វ័យប្រវត្តិតាមផ្លាកលេខយានយន្ត។
ប្រសិនរថយន្តបានបំពាក់ឧបករណ៍ OBU នៅលើកញ្ចក់ឡាន និងបានបញ្ចូលទឹកប្រាក់ជាមុនគ្រប់គ្រាន់ បងប្អូនចាំបាច់ត្រូវចូលចេញតាមច្រក ETC ដែលនៅខាងឆ្វេងបង្អស់។ រថយន្តដែលគ្មានឧបករណ៍ OBU មិនអាចចេញចូលច្រក ETC បានឡើយ ទោះបីជាបានបញ្ចូលទឹកប្រាក់ជាមុនក៏ដោយ។
ប្រសិនបើបានបញ្ចូលទឹកប្រាក់រួចរាល់ និងគ្រប់គ្រាន់ក្នុងផ្លាកលេខ រថយន្តអាចចេញចូលគន្លងដែលមានសញ្ញា ANPR។ ការប្រើប្រាស់គន្លងនេះមានលក្ខណៈសាមញ្ញ និងងាយស្រួល ដោយមិនតម្រូវឲ្យយកកាត និងមិនប្រើប្រាស់ជាសាច់ប្រាក់ឡើយ។
ប្រសិនរថយន្តមិនមានឧបករណ៍ OBU និងមិនមានទឹកប្រាក់ក្នុងផ្លាកលេខ សូមបើកបរចូលគន្លង MTC ដែលមានសញ្ញា ។ ការចូលច្រកនេះ នឹងតម្រូវឲ្យយកកាត និងប្រើប្រាស់សាច់ប្រាក់នៅច្រកចេញ។
ដើម្បីបញ្ចូលសមតុល្យទៅក្នុងផ្លាកលេខសម្គាល់យានយន្តជាមុន បងប្អូនអាចធ្វើឡើងតាមរយៈកម្មវិធីធនាគារក្នុងទូរស័ព្ទដៃ (Mobile Banking) នៃគ្រឹះស្ថានហិរញ្ញវត្ថុ និងធនាគារដៃគូ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ឬចូលទៅកាន់វែបសាយដែលភ្ជាប់ទៅកាន់ ធនាគារដែលអាចបញ្ចូលប្រាក់តាមផ្លាកលេខសម្រាប់ទូទាត់កម្រៃប្រើប្រាស់ផ្លូវល្បឿនលឿនបានតាម https://ew.mpwt.gov.kh ។ បងប្អូនប្រជាពលរដ្ឋ អាចពិនិត្យសមតុល្យទឹកប្រាក់ដែលបានបញ្ចូល ឬនៅសល់ ដោយការស្គែន QR Code នៅលើលតាបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ (ឆៀក) ឬ លតាបត្រអនុញ្ញាតសម្រាប់ទោចក្រយានយន្ត។
គួរបញ្ជាក់ផងដែលថា ក្រុមហ៊ុនផ្លូវល្បឿនលឿន នឹងគូសគំនូសសញ្ញាបន្ថែមលើច្រកចេញចូលផ្លូវល្បឿនលឿន ដូចមានក្នុងរូបភាពខាងក្រោម នាពេលឆាប់ៗខាងមុខនេះ ដើម្បីឱ្យកាន់តែបង្កភាពងាយស្រួលបន្ថែម ក្នុងការយល់ដឹងជាមុននៃការចេញចូល ព្រមទាំងជៀសវាងការកកស្ទះ និងប្រើប្រាស់គន្លងខុស ដែលនាំឱ្យខាតពេលវេលា ៕
ប្រភព៖ ផ្លូវល្បឿនលឿនភ្នំពេញ - ព្រះសីហនុ