• 2023-01-24 05:42:14
  • ព័ត៌មាន

លោក ថាក់ស៊ីន ជា​សេដ្ឋី​មាន​ប្រាក់​ច្រើន​ជាង​គេ​បំផុត​ម្នាក់​របស់​ប្រទេស​ថៃ ដែល​​ជោគជ័យ​ខាង​វិស័យ​កុំព្យូទ័រ​និង​ទូរស័ព្ទ

  • 2023-01-24 05:42:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក ថាក់ស៊ីន ឈីនណាវ៉ាត្រ ជាអតីត​នាយករដ្ឋមន្រ្តី​ថៃបាន​កើត​នៅ​ថ្ងៃ​ទី​២៦ ខែ​កក្កដា ឆ្នាំ​១៩៤៩ នៅ​ស្រុក​សានកំផែង ខេត្ត​ឈៀងម៉ៃ ភាគ​ខាង​ជើង​ប្រទេស​ថៃ។

លោក ថាក់ស៊ី បាន​រៀបការ​ជាមួយ​លោកស្រី ភុចាម៉ាន ដាម៉ាភុង (Pojaman Damapong) នៅ​ឆ្នាំ​១៩៨០ ហើយ​មាន​កូន​ប្រុស​ម្នាក់​និង​ស្រី​ពីរ​នាក់។ លោក ថាក់ស៊ីន និង​ភរិយា​របស់​លោក​បាន​លែង​លះ​គ្នា​កាល​ពី​ឆ្នាំ​២០០៨ កន្លង​ទៅ។

លោក ថាក់ស៊ីន ឈីនណាវ៉ាត្រ បាន​ចាប់​ផ្តើម​អាជីព​ដំបូង​ជា​មន្ត្រី​ប៉ូលិស​មួយ​រូប​នៅ​ឆ្នាំ​១៩៧៣។ នៅ​ឆ្នាំ​១៩៨៧ លោក ថាក់ស៊ីន ឈីនណាវ៉ាត្រ បាន​លាលែង​ពី​អង្គភាព​ប៉ូលិស​ជាតិ។ ក្រោយ​ការ​លាលែង​ពី​កង​ប៉ូលិស​នៅ​ឆ្នាំ​១៩៨៧ លោក ថាក់ស៊ីន ឈីនណាវ៉ាត្រ បាន​ចាប់​ផ្តើម​មុខ​ជំនួញ​ផ្ទាល់​ខ្លួន​ដោយ​បើក​ក្រុមហ៊ុន​កុំព្យូទ័រ​និង​ទូរស័ព្ទ​ឈ្មោះ​ថា Shinawatra Computer and Communication Company Limited.។

លោក ថាក់ស៊ីន ជា​សេដ្ឋី​មាន​ប្រាក់​ច្រើន​ជាង​គេ​បំផុត​ម្នាក់​ក្នុង​ចំណោម​សេដ្ឋី​មួយ​ចំនួន​របស់​ប្រទេស​ថៃ ដែល​លោក​រក​ស៊ី​ជោគជ័យ​ខាង​វិស័យ​កុំព្យូទ័រ​និង​ទូរស័ព្ទ។

នៅ​ឆ្នាំ​១៩៩៤ ដល់ ១៩៩៥ លោក ថាក់ស៊ីន ត្រូវ​បាន​ព្រះ​មហាក្សត្ស​តែងតាំង​ជា​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​នៃ​ព្រះរាជាណាចក្រ​ថៃ។ ឆ្នាំ​១៩៩៥ លោក ថាក់ស៊ីន ត្រូវ​បាន​តែងតាំង​ជា​ឧប​នាយក​រដ្ឋមន្រ្តី​ក្នុង​សម័យ​លោក ឆាវ៉ាលីត យុងឆៃយុត (Chavalit Yongchaiyudh) ជា​នាយក​រដ្ឋមន្រ្តី។ នៅ​ឆ្នាំ​១៩៩៨ លោក ថាក់ស៊ីន បាន​បង្កើត​បក្ស​នយោបាយ​មួយ​ឈ្មោះ​ថា "ថៃ​រ៉័ក​ថៃ" ឬ​ប្រែ​ថា "ថៃ​ស្រឡាញ់​ថៃ"។

នៅ​ក្នុង​សង្គម​ថៃ លោក ថាក់ស៊ីន ឈីនណាវ៉ាត្រ ត្រូវ​បាន​គេ​កត់ត្រា​ថា លោក​មាន​តួនាទី​ជា​ច្រើន​ក្នុង​ការងារ​សង្គម មាន​ជា​អាទិ​ខាង​វិស័យ​អបរំ។ លោក ថាក់ស៊ីន បាន​ផ្តួចផ្តើម​បង្កើត​មូលនិធិ​សម្រាប់​កម្មវិធី​អប់រំ​មួយ​ឈ្មោះ​ថា មូលនិធិ​ថៃខំ (THAICOM) ដើម្បី​ជំរុញ​ឲ្យ​ក្មេងៗ​នៅ​តាម​តំបន់​ដាច់​ស្រយ៉ាល​បាន​បន្ត​ការ​សិក្សា​ដល់​ថ្នាក់​វិទ្យាល័យ។

នៅ​ឆ្នាំ​១៩៩៨ លោក ថាក់ស៊ីន ឈីនណាវ៉ាត្រ ជា​ប្រធាន​សមាគម​ប្រជាជន​ភាគ​ឦសាន​នៃ​ប្រទេស​ថៃ។ លោក​បាន​ជាប់​ឆ្នោត​ជា​នាយករដ្ឋមន្ត្រី ហើយ​កាន់​អំណាច​ពេញ​មួយ​អាណត្តិ ចាប់​តាំង​ពី​ឆ្នាំ​២០០១ ដល់​ឆ្នាំ​២០០៥។ នៅ​ក្នុង​ការ​បោះ​ឆ្នោត​សម្រាប់​អាណត្តិ​ថ្មី កាល​ពី​ឆ្នាំ​២០០៥ ដោយ​មាន​អ្នក​គាំទ្រ​ភាគ​ច្រើន​ពី​ប្រជាជន​នៅ​ភាគ​ខាង​ជើង​និង​ភាគ​.ឦសាន​ប្រទេស​ថៃ លោក ថាក់ស៊ីន បាន​ទទួល​សំឡេង​ឆ្នោត​គាំទ្រ​ច្រើន​លើស​លប់​បំផុត​ក្នុង​ប្រវត្តិ​សាស្ត្រ​ថៃ ដែល​នាំ​ឲ្យ​លោក​ដឹក​នាំ​រដ្ឋាភិបាល​ផ្តាច់​មុខ។

នៅ​ក្នុង​អំឡុង​ពេល​កាន់​អំណាច​ជា​នាយរដ្ឋមន្ត្រី​របស់​លោក ថាក់ស៊ីន ឈីនណាវ៉ាត្រ ត្រូវ​បាន​គេ​កត់​សម្គាល់​ថា លោក​ទទួល​បាន​ការ​គាំទ្រ​ច្រើន​លើស​លប់​ពី​តាម​បណ្តា​ខេត្ត ព្រោះ​តែ​លោក​បាន​កែ​ទម្រង់​រដ្ឋបាល​ខ្លះៗ និង​ផ្តោត​ការ​យក​ចិត្ត​ទុក​ខ្លាំង​ទៅ​លើ​ការ​លើក​ស្ទួយ​ជីវភាព​ប្រជាជន​ក្រីក្រ​នៅ​តាម​ជនបទ ទាំង​វិស័យ​សុខាភិបាល​និង​អភិវឌ្ឍន៍​ជនបទ។

បន្ទាប់​ពី​កាន់​អំណាច​ក្នុង​អាណត្តិ​ថ្មី​បាន​រយៈ​ពេល​ជាង​១​ឆ្នាំ លោក ថាក់ស៊ីន ឈីនណាវ៉ាត្រ ត្រូវ​បាន​ទម្លាក់​ពី​អំណាច​តាម​រយៈ​រដ្ឋ​ប្រហារ​យោធា​មិន​បង្ហូរ​ឈាម​មួយ កាល​ពី​ខែ​កញ្ញា ឆ្នាំ​២០០៦ ក្នុង​ពេល​ដែល​លោក​បំពេញ​បេសកកម្ម​នៅ​ក្រៅ​ប្រទេស។ ​​លោក ថាក់ស៊ីន ​​មាន​គម្រោង​ថា​នឹង​ផ្ដល់​កុំព្យូទ័រ​យូរ​ដៃ (Computer laptop) ឲ្យ​សិស្ស​ម្នាក់មាន​​កុំព្យូទ័រ​យូរ​ដៃ​​ ១គ្រឿង។ គ្រាន់​តែ​គិត​ប៉ុណ្ណោះ មិន​ទាន់​បាន​ធ្វើ​ផង ក៏ត្រូវ​រដ្ឋ​ប្រហារ​ទម្លាក់លោកតែម្ដង។

ក្រោយ​ការ​ធ្លាក់​ពី​អំណាច លោក ថាក់ស៊ីន ត្រូវ​តុលាការ​ថៃ​ចោទ​ប្រកាន់​អំពី​កំហុស​ជាច្រើន ហើយ​ក្នុង​នោះ​តុលាការ​បាន​កាត់​ទោស​លោក​កំបាំង​មុខ​ពី​បទ​ទំនាស់​ផល​ប្រយោជន៍។ នៅ​ខែ​តុលា ឆ្នាំ​២០០៨ លោក ថាក់ស៊ីន ត្រូវ​តុលាការ​កំពូល​រក​ឃើញ​ថា លោក​មាន​កំហុស​ក្នុង​ទំនាស់​ផល​ប្រយោជន៍ ហើយ​ផ្តន្ទាទោស​ដាក់​គុក​រយៈ​ពេល​ពីរ​ឆ្នាំ។ ចាប់​តាំង​ពី​ពេល​នោះ​មក លោក ថាក់ស៊ីន សុំ​សិទ្ធិ​ជ្រក​កោន​នៅ​ប្រទេស​អង់គ្លេស។

បន្ទាប់​ពី​លោក ថាក់ស៊ីន បាន​ទទួល​ការ​តែតាំង​ជា​ទី​ប្រឹក្សា​ផ្ទាល់​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​ជា​ទីប្រឹក្សា​សេដ្ឋកិច្ច​របស់​រដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា កាល​ពី​ថ្ងៃ​ទី​១០ ខែ​វិច្ឆិកា ឆ្នាំ​២០០៩ រដ្ឋាភិបាល​លោក អាភីស៊ិត វេតឆាឈីវ៉ាក់ (Abhisit Vejjajiva) បាន​ស្វែង​ការ​បញ្ជូន​ខ្លួន​លោក ថាក់ស៊ីន ទៅ​ប្រទេស​ថៃ​វិញ ក៏​ប៉ុន្តែ​សំណើ​របស់​រដ្ឋាភិបាល​លោក អាភីស៊ិត ត្រូវ​រដ្ឋាភិបាល​កម្ពុជា​បដិសេធ៕

អត្ថបទ៖ សៀនហួរ

មតិយោបល់
អត្ថបទថ្មី