- 2023-01-26 06:30:00
- ព័ត៌មាន
សម្តេច ស្នើឲ្យបញ្ចប់រឿង អ្នកកាសែតនិងអ្នកជួយនៅស្ពានជ្រោយចង្វា និងគ្រូកាត់សក់នៅសំពៅលូន មកគិតពីស៊ីហ្គេមវិញ
- 2023-01-26 06:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សម្តេច ស្នើឲ្យបញ្ចប់រឿង អ្នកកាសែតនិងអ្នកជួយនៅស្ពានជ្រោយចង្វា និងគ្រូកាត់សក់នៅសំពៅលូន មកគិតពីស៊ីហ្គេមវិញ
ចន្លោះមិនឃើញ
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្នើឱ្យបញ្ចប់រឿងជម្លោះពាក់ព័ន្ធអ្នកសារព័ត៌មាន និងអ្នកជួយលើកម៉ូតូក្នុងគ្រោះថ្នាក់ចរាចរណ៍មួយលើស្ពានជ្រោយចង្វារ និងគ្រូកាត់សក់នៅសំពៅលូន ដែលកើតឡើងកាលពីពេលថ្មីៗកន្លងទៅនេះ ហើយមករួមគ្នាឱ្យស៊ីហ្គេមវិញ ។ សម្ដេចតេជោ លោកថ្លែងយ៉ាងដូច្នេះ នាឱកាសសម្ដេចបានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីចែកសញ្ញាបត្រ ជូននិស្សិតជ័យលាភីថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត នៃសាកលវិទ្យាល័យវេស្ទើន ជាង៣ពាន់នាក់ នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣នេះ ។
សម្ដេចលោកបាន បញ្ជាក់ថា សុំស្នើឱ្យពលរដ្ឋទាំងអស់បញ្ចប់ការឆ្លងឆ្លើយលើករណីជម្លោះរវាងអ្នកកាសែត និងអ្នកជួយលើកម៉ូតូនៅស្ពានជ្រោយចង្វា និងករណីលោកគ្រូកាត់សក់កូនស្រី នៅស្រុកសំពៅលូន ខេត្តបាត់ដំបង ដែលធ្វើឱ្យមហាជនជាច្រើនចាប់អារម្មណ៍ ជជែកវែកញែកគ្នា ពាសពេញបណ្ដាញសង្គមនាពេលថ្មីៗនេះ ដោយសម្ដេចថ្លែងថា រឿងត្រូវគិតត្រូវចូលរួមនោះគឺSea Games ហើយបាន អំពាវនាវឱ្យប្រជាពលរដ្ឋ រួមគ្នាធ្វើឱ្យការប្រកួតកីឡាស៊ីហ្គេម ក្លាយទៅជាចលនាជាតិ ធ្វើឱ្យកម្ពុជាស្អាត ចាំទទួលភ្ញៀវរាប់ម៉ឺននាក់ ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំនៅតែសុំឱ្យប្រជាពលរដ្ឋរបស់យើង ចូលរួមនៅក្នុងដំណើរការនៃស៊ីហ្គេម ដែលយើងរង់ចាំ៦៤ឆ្នាំហើយ សុំឱ្យប្រជាពលរដ្ឋប្រើប្រាស់ឱកាសនៃការប្រកួតស៊ីហ្គេម នៅកម្ពុជាក្លាយទៅជាចលនាជាតិ មិនមែនជាបញ្ហាដាច់ដោយឡែក របស់វិស័យកីឡានៅទីក្រុងភ្នំពេញទេ ធ្វើម៉េចឱ្យប្រទេសរបស់យើងស្អាត មនុស្សរាប់ម៉ឺននាក់នឹងមកកាន់ទីក្រុងភ្នំពេញ ដែលជាជនបរទេស គ្រាន់តែកីឡាករ កីឡាករិនីជិតម៉ឺននាក់ទៅហើយ អីចឹងអ្នកគាំទ្រដទៃទៀតគេមកដែរ»។
សូមជម្រាបថា ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ នៅកម្ពុជា នឹងប្រព្រឹត្ដទៅ ចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ និងកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ នៅកម្ពុជា ចាប់ផ្ដើមការប្រកួតពីថ្ងៃទី៣-០៩ ខែមិថុនា ឆ្នាំ២០២៣។ «កីឡារស់ក្នុងសន្តិភាព» «ប្រជាជនម្នាក់លេងកីឡាមួយមុខ» «កម្ពុជាកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍» និង «កម្ពុជាស្អាត» គឺជាពាក្យស្លោក ត្រូវបានបំផុសឲ្យប្រជាពលរដ្ឋ និងអ្នកស្នេហាវិស័យកីឡា ចូលរួមទាំងអស់គ្នា៕