• 2023-01-27 09:20:00
  • ព័ត៌មាន

អ្នកបង្កើតមាតិកា ដែលយកស្គរសម្ភោរទៅច្នៃប្រើដាក់កែវទឹក ចេញមុខសុំទោស ទទួលស្គាល់កំហុសហើយ!

  • 2023-01-27 09:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយមហាជននៅលើបណ្តាញសង្គមបានធ្វើការរិះគន់ចំពោះការយកឧបករណ៍ភ្លេងបុរាណខ្មែរ ស្គរសម្ភោរទៅច្នៃប្រើដាក់កែវទឹក ពេលនេះ ស្ថាបនិកគេហទំព័រនោះ បានដឹងកំហុស ចេញមុខសុំទោស ទទួលស្គាល់កំហុសហើយ ។

ស្ថាបនិកគេហទំព័រហ្វេសបុក «Think with PingAnn គិតជាមួយប៉េងអាន» ក្រោយពីរងការរិះគន់អ្នកបង្កើតមាតិការូបនេះ ក៏បានសុំការអធ្យាស្រ័យចំពោះកំហុស យ៉ាងដូច្នេះថា «ខ្ញុំខុស ខ្ញុំទទួលកំហុស ហើយខ្ញុំរៀនពីកំហុស ដើម្បីឲ្យខ្លួនឯងប្រសើរជាងមុន។ អរគុណបងៗសិល្បករ ដែលបានផ្ញើសារមកអប់រំប្អូន។ ដោយការគោរព ស្រលាញ់ពីខ្ញុំ» ។ លោកបន្តថា ក្រោយពីការមើលឃើញពីកំហុសរបស់ខ្លួន លោកបាន លុបវីដេអូ ហើយយកចំនុចខ្វះខាតទាំងនេះជាមេរៀន ហើយសិក្សាស្រាវជ្រាវឱ្យបានច្បាស់លាស់ជាមុន កុំឱ្យកើតមានកំហុសឆ្គងដូចនេះកើតឡើង។

សូមបញ្ជាក់ថា សម្ភោរ គឺជាឧបករណ៍ភ្លេងបុរាណខ្មែរមួយប្រភេទ នៅក្នុងជំនឿរបស់គ្រូភ្លេងបុរាណ សម្ភោរ ត្រូវបានគេគោរពខ្លាំងណាស់ គេហៅថាគ្រូចង្វាក់ ឬមេចង្វាក់ ហើយពេលលេងភ្លេងម្ដងៗសម្ភោរតែងនាំមុខគេជានិច្ច ហើយបើពេលមានកម្មវិធីសំពះគ្រូរបាំធំៗ សិស្សរបាំ គ្រូរបាំ តែងនាំគ្នាទៅធុជធូបលើសម្ភោរ ឬរៀបចំបាយសី ក្រាលក្រណាត់ស នៅពីមុខសម្ភោរជាដើម ពេលគ្រូៗភ្លេងលេងបទសាធុការ គឺគេវៃសម្ភោរនាំមុខមុនគេ ទើបគេចាប់ផ្ដើមលេងឧបករណ៍ផ្សេងៗតាមក្រោយ ។ កាលពីដើមតាមការសាកសួរលោកគ្រូភ្លេងចាស់ៗ គេមានតំណមណាស់ មិនអោយសិស្សណាម្នាក់ប្រមាថឧបករណ៍ណាមួយឬដើរកន្លងឬលោតកន្លងលើឧបករណ៍នោះទេ វាទៅជាឈឺនេះឈឺនោះជាដើម »។

យោងតាមទំព័រហ្វេសប៊ុក បុរាណាចារ្យ បានឱ្យដឹងដែរថា នៅក្នុងវង់ភ្លេងបុរាណខ្មែរយើង សម្ភារជាឧបករណ៍សំខាន់បំផុតមួយ ដោយដើរតួនាទីជាអ្នកកំណត់ចង្វាក់ពេលចាប់ផ្តើមប្រគុំម្ដងៗ ។ សម្ភោរកំណត់អោយចង្វាក់១ជាន់ ២ជាន់ ៣ជាន់ ឬដល់បទនានាទៀត និងជាមេជាបរមគ្រូធំ ក្នុងការសក្ការៈឧទ្ទិសដល់គ្រូធំទាំងឡាយ។ មុននឹងលេងសម្ភោរ អ្នកទះត្រូវតែគោរពបូជាសម្ភោរ ម៉្យាងអ្នកលេងសម្ភោរ ត្រូវតែជាអ្នកមាន ចរិតសមរម្យ ថ្លៃថ្នូរ អង្គុយបត់ជើងត្រឹមត្រូវតាមប្រពៃណីខ្មែរ» ៕

សូមទស្សនាវីដេអូនៅខាងក្រោម ៖

អត្ថបទដោយ៖ ស៊ូ អីន

មតិយោបល់