- 2023-01-30 08:23:18
- ព័ត៌មាន
ក្រសួងអប់រំ យុវជន និងកីឡា និងមូលនិធិព្រីនស៍ ប្រកាសបើកទទួលពាក្យអាហារូបករណ៍ ចេន ហ្ស៊ី ជំនាន់ទី២ តាមប្រព័ន្ធអនឡាញ
- 2023-01-30 08:23:18
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រសួងអប់រំ យុវជន និងកីឡា និងមូលនិធិព្រីនស៍ ប្រកាសបើកទទួលពាក្យអាហារូបករណ៍ ចេន ហ្ស៊ី ជំនាន់ទី២ តាមប្រព័ន្ធអនឡាញ
ចន្លោះមិនឃើញ
មូលនិធិព្រីនស៍ ពិតជាមានសេចក្តីសោមន្សរីករាយក្នុងការប្រកាសដល់សិស្សានុសិស្សអំពីការបើកទទួលពាក្យអាហារូបករណ៍ ចេន ហ្ស៊ី ជំនាន់ទី២ តាមប្រព័ន្ធអនឡាញ។ កម្មវិធីអាហារូបករណ៍នឹងផ្តល់ជូននូវ ការបង់ថ្លៃសិក្សាពេញ១០០ភាគរយ ប្រាក់ឧបត្ថម្ភប្រចាំខែ កម្មវិធីអភិវឌ្ឍន៍ខ្លួន និងឱកាសកម្មសិក្សាជូនដល់សិស្សានុសិស្សក្រីក្រចំនួន ១០០នាក់ សម្រាប់ឆ្នាំសិក្សា ២០២៣ នេះ។
លក្ខខណ្ឌក្នុងការពាក្យស្នើសុំគឺ សិស្សានុសិស្សត្រូវមានសញ្ជាតិខ្មែរ និងជាសិស្សដែលបានបញ្ចប់ថ្នាក់ទុតិយភូមិឆ្នាំ២០២១ ឬ ២០២២ ជាមួយនឹងការរើសមុខជំនាញសិក្សានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) សាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM) ឬនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC)។
តំណភ្ជាប់អនឡាញនៃបែបបទបំពេញពាក្យអាហារូបករណ៍ czs2023.com នឹងមានចាប់ពីថ្ងៃទី២៧ ខែមករា ដល់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣។
សិស្សដែលជាប់ក្នុងវគ្គជម្រុះនឹងត្រូវបានអញ្ជើញឱ្យចូលរួមសម្ភាសន៍ចុងក្រោយនៅក្នុងខែកុម្ភៈ ហើយជ័យលាភីអាហារូបករណ៍ចំនួន ១០០នាក់ នឹងត្រូវបានប្រកាសនៅក្នុងខែមីនា។
កម្មវិធីអាហារូបករណ៍នេះ គឺជាផ្នែកមួយនៃចក្ខុវិស័យរបស់ក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប ក្នុងការចូលរួមអភិវឌ្ឍធនធានមនុស្សរបស់ព្រះរាជាណាចក្រកម្ពុជា តាមរយៈភាពជាដៃគូសាធារណៈ និងឯកជន។ មូលនិធិព្រីនស៍ មានសេចក្តីសោមនស្សរីករាយដែលអាចផ្តល់ឱ្យយុវជនកម្ពុជានូវលទ្ធភាពទទួលបានការអប់រំប្រកបដោយគុណភាព និងនិងឱកាសវិជ្ជាជីវៈ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងការផ្លាស់ប្តូរជាវិជ្ជមាននៅកម្ពុជា។
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់ កញ្ញា ខៀវ មរកត តាមរយៈលេខទូរស័ព្ទ +៨៥៥ ១២៦៧២៦០៣ ឬតាមរយៈអ៊ីម៉ែល morokort.kheav@princefoundation.com។
អំពីអាហារូបករណ៍ ចេន ហ្ស៊ី៖
កម្មវិធីអាហារូបករណ៍ ចេន ហ្ស៊ី គឺជាគម្រោងកម្មវិធីអាហារូបករណ៍ប្រចាំឆ្នាំដែលត្រូវបានបង្កើតឡើង និងដឹកនាំដោយសប្បុរសជន អ្នកឧកញ៉ា ចេន ហ្ស៊ី ប្រធានក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប រួមសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា (MoEYS) សម្រាប់ផ្តល់អត្ថប្រយោជន៍ដល់និស្សិតសាកលវិទ្យាល័យកម្ពុជាចំនួន ៤០០នាក់ ក្នុងរយៈពេលប្រាំពីរឆ្នាំ។
អំពីមូលនិធិព្រីនស៍៖
មូលនិធិព្រីនស៍ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៥ គឺជាមូលនិធិសប្បុរសធម៌ឈានមុខគេមួយនៅកម្ពុជា។ ក្នុងនាមជា សមាជិករបស់ក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប ដែលជាសម្ព័ន្ធក្រុមហ៊ុនដ៏ធំមួយនៅកម្ពុជា មូលនិធិនេះមានគោលបំណងធ្វើការជាមួយសហគមន៍មូលដ្ឋានដើម្បីកសាងការរស់នៅ និងបរិយាកាសការងារដែលលើកកម្ពស់សុខុមាលភាព និងការរស់នៅរបស់ប្រជាជនស្របតាមចក្ខុវិស័យ «រួមគ្នាកសាងអនាគតកាន់តែប្រសើរសម្រាប់កម្ពុជា»។
ដោយផ្តោតលើវិស័យអប់រំ ការអភិវឌ្ឍយុវជន វិស័យសុខាភិបាល និងកិច្ចផ្តួចផ្តើមសហគមន៍ មូលនិធិព្រីនស៍ បានបន្តធ្វើការជាមួយដៃគូនានាដើម្បីផ្តល់នូវកម្មវិធីដែលមាននិរន្តរភាពនិងឱកាសជាច្រើនដល់យុវជនកម្ពុជា ការបង្កើតនូវសហគមន៍ និងការចូលរួមក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធជានិរន្តរភាព។
គម្រោងដ៏លេចធ្លោរបស់មូលនិធិ គឺជាគម្រោងកម្មវិធីអាហារូបករណ៍ ចេន ហ្ស៊ី ដែលជាគម្រោងអាហារូបករណ៍ប្រចាំឆ្នាំដែលផ្តល់ជូនការបង់ថ្លៃសិក្សាពេញលេញ ប្រាក់ឧបត្ថម្ភប្រចាំខែ កម្មវិធីអភិវឌ្ឍន៍ខ្លួន ឱកាសកម្មសិក្សា និងឱកាសការងារជូនទៅដល់និស្សិតសាកលវិទ្យាល័យកម្ពុជាចំនួន ៤០០នាក់ ក្នុងរយៈពេលប្រាំពីរឆ្នាំ និងមជ្ឈមណ្ឌលបណ្តុះបណ្ដាលវិជ្ជាជីវៈ ព្រីនស៍នាឡិកា ដែលជាសាលាបណ្ដុះបណ្ដាលតែមួយគត់ក្នុងការផ្ដល់ឱកាសសិក្សាអំពីសិល្បៈនៃការផលិតនាឡិកាស្តង់ដាប្រទេសស្វីស។ មូលនិធិព្រីនស៍ បានផ្តួចផ្តើមកម្មវិធីមនុស្សធម៌ជាង ២៦០ កម្មវិធី ដែលបានជួយទៅដល់មនុស្សប្រមាណជាង ១លាន នាក់ ព្រមទាំងធ្វើការបរិច្ចាគដែលមានតម្លៃជាទឹកប្រាក់សរុបលើសពី ១៥ លានដុល្លារ។
ចុះឈ្មោះអាហារូបករណ៍ក្នុងគ្រុបតេឡេក្រាម តំណភ្ជាប់៖ https://t.me/+2unG1PCIcdY4ZTg1
កូដ QR សម្រាប់ការចុះឈ្មោះអាហារូបករណ៍