- 2023-02-01 03:26:00
- ព័ត៌មាន
អបអរសាទរ! កម្ពុជា ប្រមូលពន្ធដារសម្រាប់ឆ្នាំ២០២២ បានលើសពី១០០ភាគរយ
- 2023-02-01 03:26:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អបអរសាទរ! កម្ពុជា ប្រមូលពន្ធដារសម្រាប់ឆ្នាំ២០២២ បានលើសពី១០០ភាគរយ
ចន្លោះមិនឃើញ
យោងតាមលិខិតដែលសម្ដេចតេជោ នាយករដ្ខមន្ត្រី កោតសរសើរឯកឧត្តម គង់ វិបុល និងមន្ដ្រីរាជការ នៃអគ្គនាយកដ្ឋានពន្ធដារ ដែលបានខិតខំអស់ពីកម្លាំងកាយចិត្ត ក្នុងការបំពេញបេសកកម្មដោយជោគជ័យ ធ្វើឱ្យកម្ពុជាប្រមូលចំណូលពន្ធដារផ្ទៃក្នុង សម្រាប់ឆ្នាំ២០២២ចូលរដ្ឋ លើសពី១០០ភាគរយ លើសផែនការ នេះជាការជោគជ័យខ្ពស់បំផុតសម្រាប់កម្ពុជាយើង ។
ក្នុងលិខិតបានបញ្ជាក់បន្ថែមថា នេះគឺជាលទ្ធផលគួរឲ្យស្ញប់ស្ញែង ដែលអគ្គនាយកដ្ឋានពន្ធដារ បានប្រមូលចំណូលលើសផែនការរហូតដល់ ២២,៥៤ ភាគរយ ស្មើនឹង ២៥៧៤,០៧ ប៊ីលានរៀល ប្រមាណជា៦៣៥,៥៧ លានដុល្លារ ដែលជាកំណត់ត្រាចំណូលពន្ធលើសផែនការច្រើនជាងគេរបស់កម្ពុជា និងជាសមិទ្ធផលដ៏ធំធេង សម្រាប់ជាតិ និងប្រជាជនកម្ពុជាក្នុងគ្រាដ៏លំបាក ដែលយើងបានជួបប្រទះកន្លងមកនេះ ជាអាទិ៍ ដោយសារការបន្តរីករាលដាលនៃជំងឺកូវីដ-១៩, ភាពតានតឹងភូមិសាស្ត្រនយោបាយសាកល, ការកើនឡើងសម្ពាធអតិផរណា, និងផលប៉ះពាល់ពីសង្គ្រាម និងគោលនយោបាយបរទេសនានា។
សមិទ្ធផលគួរជាទីមោទនៈនេះ បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជួយគាំទ្រដល់សេដ្ឋកិច្ចជាតិ និងជីវភាពប្រជាជន ក្នុងអំឡុងពេលដែលសេដ្ឋកិច្ចសកលលោក ក៏ដូចជាសេដ្ឋកិច្ចកម្ពុជា បាននិងកំពុងជួបនឹងវិបត្តិ និងភាពមិនប្រាកដប្រជាច្រើន ហើយលទ្ធផលនេះពិតជានឹងមិនអាចសម្រេចបានទេប្រសិនបើគ្មានការខិតខំប្រឹងប្រែងប្រកបដោយឆន្ទៈមោះមុត និងការលះបង់ខ្ពស់ របស់អគ្គនាយកដ្ឋានពន្ធដារ ក្រោមការដឹកនាំដោយផ្ទាល់របស់ឯកឧត្តម។
ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី លោកបានកោតសរសើរឯកឧត្តម គង់ វិបុល និងមន្ដ្រីរាជការ នៃអគ្គនាយកដ្ឋានពន្ធដារ ទាំងអស់ យ៉ាងដូច្នេះថា «ខ្ញុំសូមសម្តែងនូវការកោតសរសើរដោយស្មោះ និងសូមអបអរសាទរជូន ឯកឧត្តម និងថ្នាក់ដឹកនាំ ព្រមទាំងមន្តី្ររាជការទាំងអស់ នៃអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលបានខិតខំអស់ពីកម្លាំងកាយចិត្ត ក្នុងការបំពេញបេសកកម្មដោយជោគជ័យ ដោយបានប្រមូលចំណូលពន្ធដារផ្ទៃក្នុង ជូនរដ្ឋបានគ្រប់ និងលើសផែនការដែលកំណត់ដោយច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២ ចំនួន ១២២,៥៤ភាគរយ ។ ខ្ញុំពិតជាមានសេចក្តីត្រេកអរ និងសាទរជាខ្លាំងចំពោះលទ្ធផលនៃការប្រមូលចំណូលពន្ធដារផ្ទៃក្នុងនេះ ដែលបាននាំឲ្យកម្ពុជាបញ្ចប់ឆ្នាំ២០២២ ដោយជោគជ័យ និងប្រកបដោយមោទកភាពខ្ពស់ សម្រាប់ប្រទេសជាតិយើង» ៕