- 2023-02-08 09:05:00
- ព័ត៌មាន
ខ្លោងទ្វារតាកាវ នៃក្រុងអង្គរធំ ជួសជុលរួចរាល់១០០ភាគរយហើយ ស្រស់ស្អាតត្រដឹមត្រដែតណាស់!
- 2023-02-08 09:05:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ខ្លោងទ្វារតាកាវ នៃក្រុងអង្គរធំ ជួសជុលរួចរាល់១០០ភាគរយហើយ ស្រស់ស្អាតត្រដឹមត្រដែតណាស់!
ចន្លោះមិនឃើញ
ក្រោយគម្រោងជួសជុលអស់រយៈជាច្រើនខែកន្លងមកនេះ ពេលនេះខ្លោងទ្វារតាកាវនៃក្រុងអង្គរធំ បានជួសជុលរួចរាល់១០០ភាគរយ រួចរាល់ជាស្ថាពរហើយ ។ នេះបើតាមការផ្សាយរបស់ អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី ០៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។
គម្រោងជួសជុលខ្លោងទ្វារតាកាវនៅទិសខាងលិចរបស់ក្រុងអង្គរធំ បានរួចរាល់ជាស្ថាពរហើយ ដែលបច្ចុប្បន្នក្រុមការងារកំពុងសម្អាតទីតាំងការដ្ឋាន និងបង្ហើយការងារដែលនៅសេសសល់មួយចំនួនតូចតែប៉ុណ្ណោះ។ នេះបើយោងតាមការលើកឡើងរបស់ឯកឧត្ដម គឹម សុធិន អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរា។
ឯកឧត្តម បានឱ្យដឹងទៀតថា ការងារស្ថិតនៅជាប់ខ្លោងទ្វារនេះ គឺក្រុមការងារអាជ្ញាធរជាតិអប្សរាបន្តជួសជុលជញ្ជាំងតែប្រវែង៥ម៉ែត្រ និងកម្ពស់១ម៉ែត្រ៤តឹក ឋិតនៅពីលើកំពែងភ្ជាប់សងខាងតួខ្លោងទ្វារ ទៅតាមអនុសាសន៍របស់អ្នកជំនាញការអាយស៊ីស៊ី-អង្គរ ដើម្បីរក្សាបាននូវទ្រង់ទ្រាយដើមរបស់រចនាសម្ពន្ធខ្លោងទ្វារឡើងវិញ។ ការងារនេះ នៅសល់តែដាប់ខ្សែក្បាច់ និងចាក់ដីបំពេញកន្លែងហូរច្រោះលើខ្នងកំពែងជាប់នឹងតួខ្លោងទ្វារ ហើយនឹងបញ្ចប់នាពេលឆាប់ៗខាងមុខ។ រីឯការងារជួសជុលចម្លាក់ទេវតាទាញព្រ័ត្រ ក្រុមការងារនឹងបន្តជួសជុលជាបន្តបន្ទាប់ ដោយដាក់រូបពេញលេញ មានដៃ ជើង និងមានព្រះកេសខ្លះៗ ដោយឡែក រូបយក្សទាញព្រ័ត្រ គឺមានភាពស្មុកស្មាញបន្ទិចដោយសារគ្រឹះ។
ឯកឧត្ដម បន្តទៀតថា មុននឹងបញ្ចប់ការងារជួសជុលខ្លោងទ្វារទាំងមូល អាជ្ញាធរជាតិអប្សរា កំពុងធ្វើកំណាយស្រាវជ្រាវត្រង់ចំណុចច្រកចេញចូលនៃតួខ្លោងទ្វារ ដើម្បីស្វែងយល់ពីរចនាសម្ពន្ធបាតរបស់ខ្លោងទ្វារ។ យើងបានរកឃើញមានរន្ធសម្រាប់ដាក់សសរឈើនៅកម្រាលថ្មបាយក្រៀម ថ្មភក់ដែលអាចមានសំណង់ឈើនៅសម័យនោះផង៕
ប្រភព៖ អាជ្ញាធរជាតិអប្សរា