- 2023-02-23 10:09:24
- ព័ត៌មាន
រដ្ឋមន្ត្រីក្រសួងកសិកម្ម នឹងធ្វើទស្សនកិច្ចនៅកសិដ្ឋានចិញ្ចឹមគោយកទឹកដោះដ៏ធំ និងទំនើបបំផុតនៅកម្ពុជា
- 2023-02-23 10:09:24
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រដ្ឋមន្ត្រីក្រសួងកសិកម្ម នឹងធ្វើទស្សនកិច្ចនៅកសិដ្ឋានចិញ្ចឹមគោយកទឹកដោះដ៏ធំ និងទំនើបបំផុតនៅកម្ពុជា
ចន្លោះមិនឃើញ
ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ អមដំណើដោយប្រតិភូជាថ្នាក់ដឹកនាំក្រសួង នឹងអញ្ជើញធ្វើដំណើរទស្សនកិច្ចនៅកសិដ្ឋានគិរីសួគ៌ របស់ក្រុមហ៊ុនខ្មែរហ្វ្រេស មីល ឯ.ក ជាកសិដ្ឋានមួយប្រើបច្ចេកវិទ្យាទំនើបបំផុត នៅថ្ងៃសុក្រ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣។
ក្នុងដំណើរទស្សនកិច្ចនេះ កសិដ្ឋាននឹងធ្វើការបង្ហាញជូនឯកឧត្ដមរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ ប្រតិភូអមដំណើរ និងអ្នកសារព័ត៌មានជាច្រើនស្ថាប័ននូវផ្នែកដាំដុះ រួមមានគ្រឿងចក្រ ម៉ាស៊ីន ដាំដុះ ច្រូតកាត់ ចម្ការពោត ចម្ការស្មៅម៉ុមបាសា ប្រព័ន្ធស្រោចទឹក អាងស្ដុកទឹក និងស្ថានីយ៍បូមទឹក។
នៅកសិដ្ឋានចិញ្ចឹមគោយកទឹកដោះគិរីសួគ៌ដែលស្ថិតនៅភូមិឱភាសាំង ឃុំកណ្ដឹង ស្រុកបាទី ខេត្តតាកែវនេះផងដែរ ក៏មានការបង្ហាញនូវដំណើរការចង្វាក់ផលិតកម្មនៃការផលិតទឹកដោះគោស្រស់ យ៉ាអួ ស្ដង់ដារក្រោលគោ និងការលាយចំណី ដោយប្រើជាផ្នែកនៃកសិកម្មទំនើប។
លោក ជី សិលា សហស្ថាបនិកនៃក្រុមហ៊ុន ខ្មែរហ្វ្រេស មីល ឯ.ក បានមានប្រសាសន៍ថា៖ «ក្ដីស្រមៃរបស់ខ្ញុំ ខ្ញុំគិតថា ខ្ញុំចង់ឱ្យមានឱកាសអញ្ជើញថ្នាក់ដឹកនាំ រដ្ឋមន្ត្រីយើងឱ្យបានកាន់តែច្រើន ឱ្យបានចូលរួម ជាពិសេសរដ្ឋមន្ត្រីក្រសួងកសិកម្ម បើអាចសម្ដេចនាយករដ្ឋមន្ត្រីលោកអាចមកទស្សនកិច្ចនៅកសិដ្ឋានទឹកដោះគោយើងគឺកាន់តែប្រពៃមែនទែន!»។
កសិដ្ឋានគិរីសួគ៌យើងតាំងពីចាប់ផ្ដើមសាងសង់រហូតដល់ទទួលបានតំណក់ទឹកដោះគោដំបូង រហូតដល់ឥឡូវនេះ មានរយៈពេលជាង៤ឆ្នាំហើយ។ កសិដ្ឋានក៏័បានចែកចាយនៅលើទីផ្សារ តាមផ្សារទំនើប ផ្សារធម្មតា ពីរបីពាន់កន្លែង ដោយទទួលបានការគាំទ្រច្រើនមែនទែន។
លោក ជី សិលា បានបន្តថា៖ «ក្នុងន័យនេះក៏យើងគិតថា វាជាការជោគជ័យមួយជំហាន ទី១ ដែលយើងបានឈរក្នុងនាមជាក្រុមហ៊ុនក្នុងស្រុកមួយ ហើយក៏ជាកសិដ្ឋានផលិតទឹកដោះគោទី១ដែលយើងមានទំហំចែកធំ ហើយមានការផលិតធំ»។
ចាប់តាំងពីវិបត្តិកូវីដបានថមថយ កសិដ្ឋានគិរីសួគ៌បានបើកទ្វារទទួលនូវសិស្សសាលា ភ្ញៀនិងវជាច្រើន ដើម្បីចូលទៅមើល និងទស្សនកិច្ចសិក្សា ក៏ដូចជាទៅទទួលយកចំណេះដឹងពីកសិដ្ឋានគិរីសួគ៌ ដែលប្រើបច្ចេកវិទ្យាទំនើប។ លោកបានបញ្ជាក់ថា៖ «យើងមិនត្រឹមតែថាប្រើម៉ាស៊ីនច្រើនទេ យើងថែមទាំងប្រើទាំងផ្នែក Big Data Technology ទៀតដូចជា AI ដើម្បីឱ្យដឹងថាគោហ្នឹងវាមានជំងឺ ឬក៏សុខភាពល្អ ឬក៏ផឹកទឹក មិនផឹកទឹកអី ហើយសូម្បីតែការស្រោចស្រពដំណាំរបស់យើងគឺយើងប្រើបច្ចេកវិទ្យាតាម IOT ( Internet of Things)។
លោកបានបន្តថា៖ «សម្រាប់យើង ក៏វាជាមោទនភាពផង ដោយសារនិន្នាការរបស់រាជរដ្ឋាភិបាលយើងឥឡូវនេះកំពុងតែផ្ដោតទៅលើកសិកម្មឱ្យបានច្រើន ជាពិសេសកសិកម្មទំនើប។ យើងចង់ចូលរួមចំណែកមួយដែរជាមួយរាជរដ្ឋាភិបាល ដើម្បីជួយផ្សព្វផ្សាយក៏ដូចជាលើកទឹកចិត្តឱ្យអ្នកវិនិយោគទុនក្នុងស្រុក ក៏ដូចជាក្រៅស្រុកឱ្យមកស្រុកខ្មែរឱ្យបានកាន់តែច្រើនដើម្បីវិនិយោគជួយធ្វើម៉េចឱ្យការបង្កើនផលិតកម្ម ហើយបង្កើតម៉ាកយីហោ ឬក៏ផលិតផលក្នុងស្រុកឱ្យបានកាន់តែច្រើន»។
សត្វគោដែលត្រូវបានចិញ្ចឹមនៅកសិដ្ឋានគិរីសួគ៌ ត្រូវបានដឹកតាមយន្តហោះពីអូស្ត្រាលីចំនួន ៥០០ជាងក្បាល។ មកដល់សព្វថ្ងៃនេះ សត្វគោបានកើតកូនចៅរហូតដល់ជំនាន់ទី៣ហើយ ដោយចំនួនសរុបចូលជាង ១ពាន់ក្បាល។
លោក ជី សិលា បានឱ្យដឹងថា៖ «យើងមាន ៥០០-៦០០ក្បាលដែលផលិតទឹកដោះគោ ក្រៅពីហ្នឹងគឺគោដែលកំពុងតែធំ គោកំពុងតែផើម ឬគោដែលកំពុងសម្រាកពីការផលិតទឹកដោះ»។
ក្នុង១ថ្ងៃ កសិដ្ឋានគិរីសួគ៌ផលិតបានប្រហែលពី ១២០០០ ទៅ ១៥០០០លីត្រ ដើម្បីឆ្លើយតបទៅនឹងកំណើនតម្រូវការ។ លោកសង្ឃឹមថា ទៅមុខទៀតក៏យើងសង្ឃឹមថា យើងអាចផលិតទឹកដោះគោយើងកាន់តែច្រើន ហើយទឹកដោះគោយើងអាចផលិតបានប្រភេទផ្សេងៗទៀត។
លោក ជី សិលា សហស្ថាបនិកនៃក្រុមហ៊ុន ខ្មែរហ្វ្រេស មីល ឯ.ក បានឱ្យដឹងថា៖ «ឥឡូវហ្នឹង យើងផលិតទឹកដោះគោស្រស់។ តិចទៀតយើងចង់ផលិតទឹកដោះគោដែលអាចទុកយូរបាន ហើយយើងឥឡូវហ្នឹងមានយ៉ាអួ យើងសង្ឃឹមថា យើងនឹងមានយ៉ាអួអាចផឹកបាន។ ថ្មីៗនេះយើងបានផលិតនូវប័រ និងក្រែមទឹកដោះគោ ហើយក៏យើងបានលក់ទឹកដោះគោស្រស់របស់យើងឱ្យទៅក្រុមហ៊ុនផ្សេងៗទៀតដែលគាត់ផលិតឈីសលក់នៅតាមទីផ្សារ និងតាមភោជនីយដ្ឋាន តាមសណ្ឋាគារនានា»។