- 2023-02-27 03:05:00
- ព័ត៌មាន
មកស្គាល់! លោក ហ៊្សក ហ្គ្រោស៍លីយេរ៍ ស្ថាបនិកសារមន្ទីរជាតិកម្ពុជា ចំណាយពេលជាង២០ឆ្នាំ ផ្សព្វផ្សាយចំណេះដឹងពីមរតកបុរាណខ្មែរទៅកាន់ពិភពលោក
- 2023-02-27 03:05:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកស្គាល់! លោក ហ៊្សក ហ្គ្រោស៍លីយេរ៍ ស្ថាបនិកសារមន្ទីរជាតិកម្ពុជា ចំណាយពេលជាង២០ឆ្នាំ ផ្សព្វផ្សាយចំណេះដឹងពីមរតកបុរាណខ្មែរទៅកាន់ពិភពលោក
ចន្លោះមិនឃើញ
ក្រៅពីវិចិត្រករ បុរាណវិទូ និងអ្នកជំនាញថតរូប លោក ហ៊្សក ហ្គ្រោស៍លីយេរ៍ ក៏ជាស្ថាបនិក និងចាងហ្វាងសារមន្ទីរ «អាល់ប៊ែរត៍ សារ៉ូត៍» ដែលជាឈ្មោះសារមន្ទីរជាតិកម្ពុជា នៅពេលបើកសម្ភោធក្នុងឆ្នាំ១៩២០។ លោកក៏បានចុះបេសសកម្មទៅតាមបណ្តាខេត្តនានាទូទាំងស្រុកខ្មែរ ដើម្បីស្រាវជ្រាវ និងប្រមូលវត្ថុបុរាណខ្មែរ។
ក្នុងរយៈពេលជាង ២៥ឆ្នាំ លោកបានចូលរួមអភិរក្ស និងផ្សព្វផ្សាយចំណេះដឹងស្តីពីសិល្បៈខ្មែរទាំងមរតកបុរាណវត្ថុខ្មែរ និងសិល្បៈសហសម័យ។ ដោយសារលោកមានជំនក់ចិត្តក្នុងវិស័យទស្សនីយភាព តន្រ្ដី និងគំនូរ លោកបានចូលសិក្សាសិល្បៈតាំងពីវ័យកុមារ។ លោកបានសិក្សាពីរបាំព្រះរាជ្យទ្រព្យនៅរាជធានីភ្នំពេញអស់រយៈពេល១០ខែ ដើម្បីគូរកម្រងស្នាដៃដំបូងក្រោមចំណងជើងថា «នាដការិនីខ្មែរសម័យបុរាណ និងទំនើប» បោះពុម្ពផ្សាយក្នុងឆ្នាំ១៩១៣។
ចាប់ពីឆ្នាំ១៩១៦ មកលោកបានរួមរស់ជាមួយភរិយារបស់លោក និងប្រសូតបានកូនចំនួន ៣នាក់ ក្នុងនោះ កូនប្រុសពៅនាម ប៊ែរណាដ៍ ហ្វីលីព ហ្គ្រោស៍លីយេរ៍ ក៏ជាបុរាណវិទូ និងជាចាងហ្វាងអភិរក្សដ្ឋានអង្គរក្នុងទសវត្សរ៍ឆ្នាំ១៩៦០ទៀតផង។ គ្រួសាររបស់លោករស់នៅក្នុងផ្ទះមួយ ដែលសព្វថ្ងៃជាអគាររដ្ឋបាលនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។
នៅថ្ងៃទី១៨ មិថុនា ឆ្នាំ១៩៤៥ លោកបានទទួលមរណភាពដោយសារការធ្វើទារុណកម្មសួរចម្លើយរបស់ជប៉ុន។ លោកបានបន្សល់ទុកនូវស្នាដៃគួរឲ្យកត់សម្គាល់ជាច្រើនដូចជា ប្រលោមលោក ស្នាដៃស្រាវជ្រាវ អត្ថបទទស្សនាវដ្តី រឿងរ៉ាវទាក់ទងនឹងការធ្វើដំណើរ និងកម្រងឯកសារផ្សេងៗដែលមានភាពប្រាកដនិយមអមដោយទឡ្ហីករណ៍ជាក់លាក់ជារូបថត និងជារូបគំនូរដោយដៃ ៕
ប្រភព៖ សារមន្ទីរជាតិកម្ពុជា