• 2023-02-27 03:40:00
  • ព័ត៌មាន

សូមជួយថែរក្សាទាំងអស់គ្នា! សាជី ត្បាញអំពីឫស្សី រចនាបទខ្មែរបុរាណ កំពុងប្រឈមការបាត់បង់

  • 2023-02-27 03:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សារមន្ទីរជាតិ ជាឃ្លាំងសមុច្ច័យវត្ថុសិល្បៈជិតពីរម៉ឺន ធ្វើអំពីថ្ម លោហៈ កុលាភាជន៍ វាយនភណ្ឌ គំនូរ និងរបស់ប្រើប្រាស់ប្រចាំថ្ងៃ។ល។ សមុច្ច័យទាំងនោះ មានអាយុកាលចាប់ពីសម័យបុរេប្រវត្តិសាស្ត្រ រហូតមកដល់សម័យទំនើប។

ក្រៅពីការរក្សាទុកនូវវត្ថុបុរាណ សារមន្ទីរជាតិក៏បានទទួល និងប្រមូលទុកនូវរបស់ប្រើប្រាស់ប្រចាំថ្ងៃ ឬវត្ថុសិល្បៈសម័យទំនើប សម្រាប់ជាភស្តុតាងបង្ហាញអំពីការប្រែប្រួល រួមជាមួយការវិវត្តនៃសង្គមមនុស្ស សម្រាប់ដាក់តាំងបង្ហាញ និងផ្សព្វផ្សាយជូនសាធារណជននាពេលអនាគត ជាពិសេសគឺរបស់ប្រើប្រាស់កម្រៗដែលកំពុងប្រឈមនឹងការបាត់បង់។ របស់ប្រើប្រាស់ខាងក្រោមនេះគឺជា សាជី ដែលធ្វើតាមលំអានបែបប្រពៃណី។ សារមន្ទីរកំពុងទាក់ទងអ្នកភូមិដើម្បីផលិតយកមករក្សាទុកជាប្រយោជន៍នៃការផ្សព្វផ្សាយ នៅពេលដែលរបស់កម្រទាំងនេះបាត់បង់ទាំងស្រុងនាពេលអនាគត។

សាជី ត្បាញអំពីឫស្សី និងកំពូលធ្វើអំពីឈើគគីរ ឬប្រេងខ្យល់ ដោយលោក លឹម អេងលី អាយុ ៦៥ឆ្នាំនៅភូមិកំពង់ដ ឃុំជ្រាយតាកែវ ស្រុកកោះធំ ខេត្តកណ្តាល។

ក្នុងន័យនេះ សារមន្ទីរជាតិ សូមអំពាវនាវដល់សាធារណជនចូលរួមបរិច្ចាគ ឬផ្តល់ជាអំណោយនូវរបស់ប្រើប្រាស់ប្រចាំថ្ងៃដែលទុកចោល មកសារមន្ទីរដើម្បីប្រើប្រាស់ជាប្រយោជន៍សម្រាប់ការផ្សព្វផ្សាយឲ្យកូនខ្មែរជំនាន់ក្រោយ ក៏ដូចជាជនបរទេសបានស្គាល់ និងយល់ដឹងពីវប្បធម៌ដ៏សំបូរបែបរបស់ខ្មែរ ៕

ប្រភព៖ សារមន្ទីរជាតិកម្ពុជា

មតិយោបល់