• 2023-03-24 00:59:00
  • ព័ត៌មាន

ក្រុមហ៊ុន ហួយវ័ន អុិនសួរេន ម.ក និងសាលាអន្តរជាតិ ចុងអុីង សហការគ្នាក្នុងការផ្តល់ការធានារ៉ាប់រងគ្រោះថ្នាក់បុគ្គលសម្រាប់សិស្សានុសិស្ស

  • 2023-03-24 00:59:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន ហួយវ័ន អុិនសួរេន ម.ក និងសាលាអន្តរជាតិ ចុងអុីង បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាដើម្បីផ្តល់ការធានារ៉ាប់រងគ្រោះថ្នាក់បុគ្គលដល់សិស្សានុសិស្ស។ អនុស្សរណៈនៃការយោគយល់នេះបញ្ជាក់ពីកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរដើម្បីធានាសុវត្ថិភាព និងសុខុមាលភាពរបស់សិស្សានុសិស្ស។

ពិធីចុះហត្ថលេខានេះដឹកនាំដោយលោកស្រី សាលី ស៊ូឡឺវ៉ាន់ អគ្គនាយិកា ក្រុមហ៊ុនធានារ៉ាប់រង ហួយវ័ន អុិនសួរេន ម.ក និង លោក សេង វណ្ណារិទ្ធ អគ្គនាយក សាលាអន្តរជាតិ ចុងអុីង ដែលមានការចូលរួមជាសាក្សីដោយថ្នាក់ដឹកនាំរបស់ស្ថាប័នទាំង២។

ជាមួយនឹងកិច្ចសហប្រតិបត្តិការនេះ ក្រុមហ៊ុន ហួយវ័ន អុិនសួរេន ម.ក នឹងផ្តល់ការធានារ៉ាប់រងសម្រាប់សិស្សទាំងអស់របស់សាលាអន្តរជាតិ ចុងអុីង ដោយធានាពួកគេពីហានិភ័យដែលកើតមានឡើងដោយចៃដន្យហើយ បណ្តាលអោយរងរបួសលើរាងកាយ ឬបាត់បង់ជីវិតអំឡុងពេលសិក្សារបស់ពួកគេ។ នេះមានន័យថាមាតាបិតា លែងមានការព្រួយបារម្ភអំពីការខាតបង់ហិរញ្ញវត្ថុសម្រាប់ការចំណាយដែលអាចកើតឡើងពីគ្រោះថ្នាក់ ឬរបួសដែលមិននឹកស្មានដល់ដែលកូនៗរបស់ពួកគាត់នឹងអាចជួបប្រទះនៅសាលារៀន។

ភាពជាដៃគូរវាងក្រុមហ៊ុន ហួយវ័ន អុិនសួរេន ម.ក និងសាលាអន្តរជាតិ ចុងអុីង បង្ហាញពីការប្តេជ្ញាចិត្តរបស់ពួកគេចំពោះសុវត្ថិភាព និងសុខុមាលភាពរបស់សិស្សានុសិស្ស។ កិច្ចព្រមព្រៀងនេះគឺជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកការសម្រេចបាននូវគោលដៅរួមនៃការផ្តល់នូវបរិយាកាសសិក្សាប្រកបដោយសុវត្ថិភាពសម្រាប់សិស្សានុសិស្សទាំងអស់នៃសាលាអន្តរជាតិ ចុងអុីង។

កិច្ចព្រមព្រៀងនេះមិនត្រឹមតែជាសញ្ញានៃកិច្ចសហការរវាងស្ថាប័នទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការបង្ហាញពីការទទួលខុសត្រូវរបស់ពួកគេចំពោះសិស្សក្នុងសកម្មភាពសិក្សារបស់សិស្សានុសិស្សនៅក្នុងសាលាផងដែរ។​ ក្រុមហ៊ុន ហួយវ័ន អុិនសួរេន ម.ក និងសាលាអន្តរជាតិ ចុងអុីង ជឿជាក់ថាភាពជាដៃគូនេះនឹងជំរុញទំនាក់ទំនងកាន់តែរឹងមាំរវាងស្ថាប័នទាំងពីរ និងផ្តល់អត្ថប្រយោជន៍ដល់សិស្សានុសិស្សក្នុងរយៈពេលយូរអង្វែងតទៅមុខ។

មតិយោបល់