• 2023-03-28 04:14:22
  • ព័ត៌មាន

ខេត្តសៀមរាបនឹងមានរោងចក្រផលិតទឹកស្អាត តម្លៃជាង១០០លានដុល្លារ អាចផ្គត់ផ្គង់ទូទាំងក្រុង និងស្រុកជាច្រើនទៀត

  • 2023-03-28 04:14:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មន្ដ្រីរដ្ឋាករទឹកស្វយ័តខេត្ដសៀមរាប បានឱ្យដឹងថា ការសាងសងរោងចក្រផលិតទឹកស្អាតថ្មីមួយទៀត នៅសង្កាត់ជ្រាវ ក្រុងសៀមរាបបានសម្រេច ៩៩% ហើយ ដោយគ្រោងនឹងសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅខែឧសភាឆ្នាំ២០២៣ខាងមុខ ក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា។

លោក សៀក ប៉េងគៀង អគ្គនាយករង នៃរដ្ឋាករទឹកស្វយ័តខេត្ដសៀមរាប មានប្រសាសន៍ថា រោងចក្រផលិតទឹកស្អាតនេះ ក្រោមគម្រោងឥន្នទានរបស់អង្គការJACA ដែលអាចផលិតទឹកស្អាត និងចែកចាយទឹកទៅដល់ប្រជាពលរដ្ឋបានជាង៦ម៉ឺនម៉ែត្រគូប ក្នុងមួយថ្ងៃ ដោយបានបូមទឹកពីបឹងទន្លេសាប។ ជាមួយគ្នានេះ រោងចក្រថ្មីនោះមានអាងស្ដុកទឹកទុកចំណុះមួយម៉ឺនម៉ែត្រគូប​ បើទោះបីដាច់ប្រព័ន្ធចរន្ដអគ្គីសនីក៏អាចចែកចាយទឹកស្អាតបានដែរ។

លោកបានបន្ដថា រោងចក្រផលិតទឹកស្អាតរបស់រដ្ាឋករទឹកស្វយ័តរបស់ខេត្ដសៀមរាបនេះ គឺជាសមិទ្ធផលថ្មីមួយទៀត ដែលមានការគាំទ្រពីប្រមុខរាជរដ្ឋាភិបាលលើកការអភិវឌ្ឍន៍វិស័យទឹកស្អាត។ ជាពិសេសសមិទ្ធផលដ៏ធំនេះ កើតឡើងដោយសារប្រទេសជាតិមានសន្ដិភាព បើគ្មានសន្ដិភាព ក៏គ្មានការអភិវឌ្ឍន៍គ្រប់វិស័យដែរ។

លោកបានបន្ដថា ការផលិតទឹកស្អាតនេះ មិនត្រឹមតែចែកចាយនៅក្នុងក្រុងសៀមរាបប៉ុណ្ណោះទេ ថែមទាំងមានគម្រោងចែកចាយទៅដល់ព្រលានយន្ដហោះអន្ដរជាតិសៀមរាបអង្គរ ស្រុកសូទ្រនិគម នៅភូមិធម្មជាតិរុនតាឯក ភូមិធម្មជាតិពាក់ស្នែង និងស្រុកប្រាសាទបាគង៕

មតិយោបល់