• 2023-04-20 08:25:01
  • ព័ត៌មាន

ចូល​មើល​​ស៊ីហ្គេម បើ​មាន​បញ្ហា​សុខភាព ឬ​ត្រូវ​សង្គ្រោះ​បន្ទាន់ នេះ​ក្រសួងត្រៀម​ពេទ្យជាច្រើន​កន្លែង

  • 2023-04-20 08:25:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ព្រឹត្តិការណ៍​ប្រកួត​កីឡា​អាស៊ីអាគ្នេយ៍ (SEA GAMES) លើកទី៣២ ឆ្នាំ២០២៣ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ នឹង​ចាប់​ផ្ដើម​ពីថ្ងៃទី០៥ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ដែល​គេ​ជឿ​ថា នឹង​មាន​អ្នក​ចូល​រួម​ទស្សនា​ជាតិ និង​អន្តរជាតិ​ច្រើន។ ប្រសិន​បើ​មាន​តម្រូវ​ការ​ស្វែង​រក​សេវា​សង្គ្រោះ ត្រូវ​នេះ​ពី​ផែន​ការ​ត្រៀម​របស់​ក្រសួង​សុខាភិបាល​ដើម្បី​ដោះស្រាយ​ស្ថានការណ៍​ស្មាន​មិន​ដល់​នេះ

ចំពោះ​ករណី​នេះ ក្រសួងសុខាភិបាល បាន​ចេញ​សេចក្ដី​ជូន​ដំណឹង​សម្រាប់​បងប្អូន ប្រជាពលរដ្ឋ ភ្ញៀវជាតិ និងអន្តរជាតិ ដែល​ចូលរួមទស្សនាការប្រកួតកីឡា នៅ ពហុកីឡដ្ឋានជាតិមរតកតេជោ និងទីកន្លែងប្រកួតសំខាន់ៗមួយចំនួនទៀតនៅរាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តព្រះសីហនុ ខេត្តកំពត និងខេត្តកែប។

សេចក្ដី​ជូន​ដំណឹង​នោះ ក្រសួងសុខាភិបាលបាន សហការជាមួយស្ថាប័នពាក់ព័ន្ធ និងបានណែនាំដល់គ្រប់អង្គភាពក្រោមឱវាទពាក់ព័ន្ធ រួម​ទាំង​មូលដ្ឋានសុខាភិបាលឯកជនមួយចំនួន​ផង ដើម្បីរៀបចំផែនការការពារសុខភាព និងសង្គ្រោះបន្ទាន់ នៅ​តាម​ទីតាំង​ដូច​ខាង​ក្រោម៖

-មន្ទីរពេទ្យជាតិចំនួន០៧ (មន្ទីរពេទ្យជាតិតេជោសន្តិភាព មន្ទីរពេទ្យកាល់ម៉ែត មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មន្ទីរពេទ្យកុមារជាតិ មន្ទីរពេទ្យព្រះអង្គឌួង និងមជ្ឈមណ្ឌលជាតិ គាំពារមាតា និងទារក)

-មន្ទីរពេទ្យបង្អែកខេត្តចំនួន០៤ (ខេត្តសៀមរាប ខេត្តព្រះសីហនុ ខេត្តកំពត និងខេត្តកែប)។

-ក្រុមគ្រូពេទ្យសរុបចំនួន ៨៣៣នាក់ (រាជធានីភ្នំពេញចំនួន ៤៥៧នាក់)

-រថយន្តគិលានសង្គ្រោះចំនួន ១១៤គ្រឿង (រាជធានីភ្នំពេញចំនួន ៧២គ្រឿង)

-រថយន្តគ្លីនិកចល័តចំនួន ០៩ គ្រឿង (រាជធានីភ្នំពេញចំនួន ០៦គ្រឿង)

-តង់សុខភាពចំនួន ១១តង់ (រាជធានីភ្នំពេញចំនួន ០៧តង់)។

ក្នុងករណីបងប្អូនប្រជាពលរដ្ឋមានបញ្ហាសុខភាព សូមស្វែងរកសេវាសុខភាព និងសង្គ្រោះបន្ទាន់ដោយឥតគិតថ្លៃ នៅ តាមទីតាំងដូចមាននៅក្នុងសេចក្តីជូនដំណឹងនេះ និងសូមជូនភ្ជាប់មកជាមួយនូវតារាងកំណត់ទីតាំង (QR CODE) ប្រភេទ រថយន្តគិលានសង្គ្រោះ ឈ្មោះមន្ត្រីបុគ្គលិកទទួលខុសត្រូវ និងលេខទូរស័ព្ទតាមទីតាំងនីមួយៗ។ ក្រសួងសុខាភិបាលនឹងធ្វើ បច្ចុប្បន្នភាពទីតាំងផ្តល់សេវាសុខភាព និងសង្គ្រោះបន្ទាន់តាមស្ថានភាពជាក់ស្ដែង៕

អត្ថបទ៖ ទារិកា

មតិយោបល់