• 2023-05-03 04:00:26
  • ព័ត៌មាន

ឯកឧត្តម ស៊ុន ចាន់ថុល ឆ្លើយ​រឿង​ដើម​ឈើ​លើ​ទ្រូង​ថ្នល់​ងាប់ និង​មាន​ផែន​ការ​ថ្មី​ខុស​មុន!

  • 2023-05-03 04:00:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ពី​មាន​ការ​រិះគន់ ​រឿង​ដើម​ឈើ​លើ​ទ្រូង​ផ្លូវ​ជាតិ​លេខ​៣​ដែល​ទើប​នឹង​ដាក់​ឲ្យ​ដំណើរ​សោះ ប៉ុន្តែ​បែរ​ជា​ខ្វះការ​យក​ចិត្ត​ទុកដាក់ ទុក​ងាប់​ឲ្យអស់​នោះ ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​ទទួល​ស្គាល់​លើ​បញ្ញា​ឆក​ល្វែង​នេះ តែ​ថា ក្រសួង​បាន​ត្រៀម​ផែន​ការ​ថ្មី​ហើយ។

ថ្លែង​នៅ​ក្នុង​សន្និសីទ​ជាមួយ​អ្នក​សារព័ត៌មាន​នា​ថ្ងៃ​បើក​សម្ពោធ​ទី​តាំង​ឈៀក​រថយន្ត​ថ្មី​នៅ​តាម​បណ្ដោយ​ផ្លូវ​ហាណូយ​ថ្មី​ៗ ឯកឧត្តម ទេសរដ្ឋមន្ត្រី បានលើក​ឡើង​ថា ក្រសួង​បាន​ និង​កំពុង​រៀប​ផែន​ការ​ថ្មី សម្រាប់ការ​ដាក់ដាំដុះ​ដើម​ឈើ​លម្អ​នៅ​លើ​ទ្រូងផ្លូវ​ថ្នល់​នានា ពិសេស​ផ្លូវ​ជាតិ​លេខ​៣។ យ៉ាងណា​ផែន​ការ​ថ្មី​នេះ ខុស​ពី​លើក​មុន។

រូបតំណាង

ឯកឧត្តម ស៊ុន ចាន់ថុល បញ្ជាក់​ថា ​សម្រាប់​ផែន​ការ​ថ្មី​នៃ​ការ​ដាំ​ដើម​ឈើ​លើ​ទ្រូង​ផ្លូវ​នេះ។ ក្រសួង​មាន​ផែន​ការ​ទាញ​​ចូល​រួម​ឲ្យបាន​ទូលំទូលាយ​ពី​សាមី​មន្ទីរ​រាជធានីខេត្ត ពោល​គឺ​ទទួល​ខុសត្រូវ​តាម​តំបន់​សមត្ថកិច្ច​រៀង​ខ្លួន។

ឯកឧត្តម​ថ្លែង​ថា៖ "រឿង​ដើម​ឈើ​ហ្នឹង នៅ​រស់​ពេល​គេ​មើល​ថែ ដល់​តែ​គេ​ប្រគល់​មក​ឲ្យ​យើង គឺ​ងាប់ អត់​មាន​អ្នក​ស្រោច​ទឹក​អី​ទេ។ អីចឹង​យើង​បាន​ឯកភាព​គ្នា​បែប​ចែក​ទទួល​ខុសត្រូវ​តាម​ខេត្ត​នីមួយៗ ដី​របស់​ខ្លួន​ឯង​ថែ​ទាំ​សួន​ច្បារ​ហ្នឹង គឺ​មើល​ថែ​ស្រោច​ទឹក​ខ្លួន​ឯង!”។

រូបតំណាង

ចំពោះ​ដើម​ឈើ​លើ​ទ្រូង​ផ្លូវ​ងាប់​នេះ មិន​មែន​មាន​តែ​លើ​ផ្លូវ​ជាតិ​លេខ​៣​នោះ​ទេ ប៉ុន្តែ​ស្ទើរ​ខេត្តក្រុង មាន​ជា កំពង់ចាម បាត់ដំបង​ជា​ដើម។ ដូច្នេះ​ហើយ ឯកឧត្តម​ទេសរដ្ឋមន្ត្រី បញ្ជាក់​ថា នឹង​ត្រូវ​ស្តារ​ឡើង​វិញ ដោយ​ផែន​ការ​ថ្មី​នេះ ក្រសួង​បាន និង​កំពុង​ខ្នះខ្នែង​កៀរគរ​ថវិកា ដើម្បីដំណើរ​គម្រោង​ឲ្យ​បាន​ឆាប់។ នេះបើ​តាម​ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូនបញ្ជាក់​ជា​ចុង​ក្រោយ៕

អត្ថបទ៖ ទារិកា

មតិយោបល់
អត្ថបទថ្មី