• 2023-05-12 02:48:53
  • ព័ត៌មាន

ល្អ​ណាស់! ប្រសិន​បើ​ទៅ​ក្រាល​កន្ទេល​លើ​ឆ្នេរ ហើយ​មាន​គេ​ទារ​លុយ ប្រញាប់​ទាក់ទងទៅ​លេខ​ទូរស័ព្ទ​២ខ្សែ​នេះ

  • 2023-05-12 02:48:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដ្ឋបាល​ក្រុង​ព្រះសីហនុ ចាប់​ផ្ដើម​រៀប​ចំ​សណ្ដាប់​ធ្នាប់​ក្រុង ពិសេស​បរិវេណ​ឆ្នេរ ដើម្បី​ភាព​ពេញចិត្ត និង​រក្សា​កំណើន​ភ្ញៀវ​ទេសចរ ចាប់​តាំង​ពី​ខេត្ត​នេះ​ទទួល​បាន​វត្តមាន​ភ្ញៀវ​ទេសចរ​សម្រុក​មក​លេង​វិញ ក្រោយ​ដំណើរ​ការ​ផ្លូវ​ល្បឿន​លឿន​រួច​មក។

ជា​ផ្នែក​មួយ​នៃ​កិច្ចការ​នេះ រដ្ឋបាល​ក្រុង​ព្រះសីហនុ បាន​ជូន​ដំណឹង​អំពី​កំណត់​ការ​សម្រាក​កម្សាន្ត​លើ​ឆ្នេរ​ខ្សាច់ គឺ​មិន​មាន​​តម្រូវ​ឲ្យ​បង់​ប្រាក់​ដូច​កាល​ពី​អតីតកាល​នោះ​ឡើយ។ "រដ្ឋបាល​ក្រុង​ព្រះសីហនុ សូមជម្រាបជូនដំណឹងសារជាថ្មីដល់សាធារណជនជ្រាបថា ការលេងកម្សាន្តនៅលើឆ្នេរខ្សាច់ គឺមិនតម្រូវឱ្យមានការបង់ប្រាក់នោះទេ…!”

នេះ​ជា​​ការ​ជូន​ដំណឹង​ជា​ថ្មី​ទៀត បន្ទាប់​ពី​កន្លង​មក រដ្ឋបាលក្រុង ធ្លាប់​ជូន​ដំណឹង​ម្ដង​រួច​មក​ហើយ ដើម្បី​ធានា​ភាព​ប្រាកដប្រជា​នៃ​ការ​រៀប​ចំ​របស់​ក្រុង​លើ​តំបន់​ឆ្នេរ​ជា​ទី​ពេញ​និយម​របស់​ភ្ញៀវ​ទេសចរ​ទាំង​ជាតិ និង​អន្តរជាតិ។ ក្នុង​ន័យ រដ្ឋបាល​ក្រុង​ព្រះសីហនុ បញ្ជាក់​ទៀត​ថា "បងប្អូនអាចក្រាលកន្ទេល ឬតង់សម្រាប់អង្គុយលេង ឬពិសារម្ហូបអាហារ ប៉ុន្តែមិនអនុញ្ញាតឱ្យនរណាម្នាក់វាតទីយកឆ្នេរសាធារណៈធ្វើជាទីតាំងផ្ទាល់ខ្លួន ដើម្បីប្រកបអាជីវកម្មជាដាច់ខាត"។

រដ្ឋបាល​ក្រុង សង្កត់​ធ្ងន់​ថា ប្រសិន​បើ​ករណីមានអ្នកទារលុយពីបងប្អូនដែលមកលេងកម្សាន្ត​នៅលេីឆ្នេរសាធារណៈ​ បង​ប្អូន​ភ្ញៀវ​ទេសចរ អាច​ផ្តល់ព័ត៌មានតាមទូរស័ព្ទលេខ៖ 096 723 6600 /​ 070 633 338។​

អត្ថបទ៖ ទារិកា

មតិយោបល់