• 2023-05-24 06:57:37
  • ព័ត៌មាន

ត្រៀម CV ស្អែកនេះ ក្នុង​ពិព័រណ៌​ការងារ ក្រុមហ៊ុនធំៗ១០ ត្រូវ​ការ​បុគ្គលិកជាង១ពាន់កន្លែង

  • 2023-05-24 06:57:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុនធំៗចំនួន១០ នឹងផ្តល់ឱកាសការងារថ្មីបន្ថែមទៀតចំនួន ១១៧៣កន្លែង សម្រាប់ យុវជន សិស្ស/និស្សិត និងអ្នកកំពុងស្វែងរកការងារធ្វើនៅក្នុងកម្មវិធី “វេទិកាការងារ” ដែលសហការរៀបចំដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង សហភាពសហព័ន្ធយុវជនកម្ពុជាវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាថ្ងៃស្អែកនេះចាប់ពីម៉ោង ៨:០០ព្រឹក ដល់ម៉ោង ០៥:០០ល្ងាច នៅក្នុងបរិវេណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

ក្រុមហ៊ុនធំទាំង១០ ដែលនឹងចូលរួមជ្រើសរើសបុគ្គលិកក្នុងវេទិកាការងាររបស់ NEA នោះរួមមាន៖ ធនាគារ CAB, ក្រុមហ៊ុន CPF(CP), ក្រុមហ៊ុន GOODHILL, MR Training, MEKONGNET, ក្រុមហ៊ុន JACCS,ក្រុមហ៊ុន UDAYA ,ក្រុមហ៊ុន RMA, និងក្រុមហ៊ុន PATE POK, ក្រុមហ៊ុន MJQ Mengly J. Quach Education។ ចំពោះសិស្ស/និស្សិត និងអ្នកកំពុងតែស្វែងរកការងារធ្វើ ឬចង់ផ្លាស់ប្តូរការងារអាចយកប្រវត្តិរូបសង្ខេប (CV) ដើម្បីចូលរួមដាក់ពាក្យ និងសម្ភាសផ្ទាល់ជាមួយ អ្នកតំណាងក្រុមហ៊ុនទាំងនោះបាន។

កញ្ញា ដា គីមយ៉េង បុគ្គលិកផ្នែកស្វែងរក និងជ្រើសរើសធនធនធានមនុស្សនៃក្រុមហ៊ុន CP បានលើកឡើងថា ដោយសារតែឃើញខាង NEA បានផ្សព្វផ្សាយពីឱកាសការងារ និងរៀបចំវេទិកាការងារស្ទើរគ្រប់ទីកន្លែង ដើម្បីជួយដល់អ្នកមានបំណងចង់ស្វែងរកការងារ ឬផ្លាស់ប្តូរការងារ ទើបក្រុមហ៊ុនស្នើសុំខាង NEA ដើម្បីចូលរួមផ្សព្វផ្សាយពីឱកាសការងារផងដែរ។ កញ្ញា ជឿជាក់ថាតាមរយៈការសហការជាមួយ NEA នេះ នឹងជួយដល់ក្រុមហ៊ុនឆាប់ទទួលបានបុគ្គលិកតាមតម្រូវការ។

គួរបញ្ជាក់ផងដែរថា កម្មវិធី “វេទិកាការងារ” នេះ គឺយន្តការនៃការផ្តល់សេវាការងារសាធារណៈរបស់រាជរដ្ឋាភិបាលក្នុងការជួយស្វែងការងារធ្វើជូនដល់យុវជន ហើយត្រូវបានរៀបចំឡើងជាប្រចាំដោយ NEA ដើម្បីជួយផ្គូរផ្គង និងផ្គត់ផ្គង់កម្លាំងពលកម្មទៅដល់ក្រុមហ៊ុន សហគ្រាស ដែលកំពុងត្រូវការបុគ្គលិក និង កម្មករនិយោជិត។

ដើម្បីទទួលព័ត៌មានបន្ថែម សូមទាក់ទងមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញនៃ ទីភ្នាក់ងារជាតិមុខរបរ និងការងារ តាមរយៈលេខទូរស័ព្ទ ០១៦ ៧៨៦ ៦៥៥ ឬគេហទំព័រ www.nea.gov.kh និងទំព័រ facebook neakhmer (អិនអ៊ីអេ ខ្មែរ)៕ ប្រភព៖ ក្រសួងការងារ

អត្ថបទ៖ ទារិកា

មតិយោបល់