- 2023-05-29 08:09:38
- ព័ត៌មាន
មិនអត់ប្រយោជន៍ទេ ការប្រឹងប្រែងរបស់យើងទាំងអស់គ្នាបត់បេះដូងកន្លងមក ឥឡូវបានជួយដល់បងប្អូនអត្តពលិកពិការមួយចំណែកធំ
- 2023-05-29 08:09:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិនអត់ប្រយោជន៍ទេ ការប្រឹងប្រែងរបស់យើងទាំងអស់គ្នាបត់បេះដូងកន្លងមក ឥឡូវបានជួយដល់បងប្អូនអត្តពលិកពិការមួយចំណែកធំ
ចន្លោះមិនឃើញ
ការចូលរួមប្រឹងប្រែងរបស់យុវជន ក៏ដូចជាពលរដ្ឋកម្ពុជាក្នុងការចូលរួមយុទ្ធនាការបត់បេះដូង ១លាន បេះដូងក្នុងយុទ្ធនាការរបស់ Beyond the Game កាលពីមុនចូលឆ្នាំមកនេះ មិនអត់ប្រយោជន៍នោះទេ ព្រោះថ្ងៃនេះ បានជួយមួយចំណែកដល់បងប្អូនអត្តពលិកពិការ ដែលកំពុងត្រៀមធ្វើពលិកម្មតំណាងជាតិក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី ១២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
ក្នុងយុទ្ធនារការបត់បេះដូងរបស់កម្ពុជាកន្លងមក បានបំបែកកំណត់ត្រាពិភពលោករបស់ប្រទេសអង់គ្លេសដែលកាន់កាប់កំណត់ត្រាជាង ៥ម៉ឺនបេះដូង។ ដោយឡែកកម្ពុជាសម្រេចបានចំនួន ៣,៩១៧,៨០៥ បេះដូង។
តាមឯកឧត្តម សុខ សប្បាយណា ប្រធានប្រតិបត្តិនៃយុទ្ធនាការ BeyondTheGames បានឲ្យដឹងថា យុទ្ធនាការនេះ បានចាប់ផ្ដើមនៅថ្ងៃ ៣០ ខែកញ្ញា ២០២២។ ដោយឡែកយុទ្ធនាការ បត់បេះដូង បានប្រកាសផ្លូវការនៅថ្ងៃទី ២៧ មករា ២០២៣ ជាមួយផែនការដំបូង គឺចំនូន ១លានបេះដូង។ ក្នុងរង្វង់ប្រមាណ ២ខែ យុទ្ធនាការប្រមូលបានបេះដូងលើសផែនការ។
ឯកឧត្តមបន្តថា យុទ្ធនាការនេះ បានបង្ហាញពីការរួបរួម មិនប្រកាន់ពណ៌សម្បុរ និន្នការនយោបាយ ក្នុងពាក្យស្លោករួមគ្នាថា "បេះដូងលោតក្នុងចង្វាក់តែ១។ ជាលទ្ធផល មានក្រុមហ៊ុនឯកជន ១៩៧ ក្រុមហ៊ុនបានចូលរួម ធ្វើឲ្យកម្មវិធីសម្រេចបានលើគោលដៅកំណត់ និងកាន់កាប់កំណត់ពិភពលោកចំនួន ជិត ៤លានបេះដូង។
នៅក្នុងយុទ្ធនាការដ៏ធំនេះ ក្រុមហ៊ុនឧបត្ថម្ភធំទាំង ៥ សន្យាឧបត្ថម្ភចំនួន ៥០០រៀលក្នុង១បេះដូង។ ជាលទ្ធផល យុទ្ធនាការប្រមូលបានការឧបត្ថម្ភពីក្រុមហ៊ុនឧបត្ថម្ភទាំងអស់ចំនូន ៥០០លានរៀល។ ថវិកានេះ ត្រូវបានបរិច្ចាគទៅគណៈកម្មការធិការជាតិប៉ារ៉ាឡាំពិក សម្រាប់ចាត់ចែងបន្តលើការរៀបចំ និងគាំទ្រអត្តពលិកពិការទាំងឡាយ។
ទទួលបានថវិកានោះ ឯកឧត្តម យី វាសនា អគ្គលេខាធិកាគណៈកម្មការធិការជាតិប៉ារ៉ាឡាំពិក បានមានប្រសាសន៍ថា ឯកឧត្តម នឹងនាំយកថវិកាប្រើប្រាស់ដើម្បីជាប្រយោជន៍ដល់អត្តពលិក។ ឯកឧត្តម ក៏ឲ្យតម្លៃខ្ពស់អំពីព្រឹត្តិការណ៍បត់បេះដូង ដែលជាយុទ្ធនាការមួយរបស់ Beyond the Game ថា ជាព្រឹត្តិការណ៍បណ្ដុះស្មារតីរួបរួម បង្ហាញពីក្ដីស្រឡាញ់ក្នុងចំណោមពលរដ្ឋកម្ពុជាគ្រប់ស្រទាប់។ ដូច្នេះជាថ្មីបន្តទៀត ឯកឧត្តមសន្យាប្រើប្រាស់ថវិកានេះ ដើម្បីផ្សារភ្ជាប់ក្ដីស្រឡាញ់បងប្អូនជនពិការដូចអត្ថន័យ Beyond the Game ដោយការទិញសម្ភារៈចាំបាច់នានាជួយសម្រួលដល់ការហ្វឹកហាត់ ឬប្រើប្រាស់របស់បងប្អូនជនពិការ ដែលចំណុចនេះបង្ហាញពីក្ដីស្រឡាញ់ដូចយុទ្ធនាការដ៏ធំនេះដែរ។
Beyond the Game គឺជាកម្មវិធីមួយក្នុងចំណោមកម្មវិធីជាច្រើនរបស់សហភាពសហព័ន្ធយុវជនកម្ពុជា ហៅកាត់ថា ស.ស.យ.ក។ ថ្លែងក្នុងពិធីប្រគល់ថវិកាប្រមូលបានពីការបត់បេះដូងបំបែកកំណត់ត្រាពិភពលោក ប្រធាន ស.ស.យ.ក លើកឡើងថា គ្រប់កម្មវិធី គ្រប់យុទ្ធនាការរបស់ ស.ស.យ.ក ទាំងអស់ តែងមានការផ្សារភ្ជាប់។ ដូចជា Beyond the Game ជាដើម គឺធ្វើឡើងដើម្បីបង្កើតការជួបជុំ បណ្ដុះស្មារតីចូលរួមជួយសង្គម និងប្រមូលថវិកាទៅជួយបងប្អូនអត្តពលិកពិការ។
ឯកឧត្តម បន្តថា គោលដៅចម្បងនៃយុទ្ធនាការទាំងអស់របស់ ស.ស.យ.ក គឺប្រមូលផ្ដុំ ជំរុញ និងលើកទឹកចិត្តយុវជនចូលរួមសង្គមតាមរយៈសកម្មភាពតូចៗ។ ជាក់ស្ដែងដូចជាព្រឹត្តិការណ៍បត់បេះដូង បានឲ្យឃើញពីកម្លាំងសាមគ្គី រួបរួមគ្នារបស់យុវជនខ្មែរ។ នេះជាអ្វីដែល ស.ស.យ. ចង់ឃើញ និងសង្ឃឹមថាស្មារតីនេះនៅមានជាដរាប ក្នុងន័យថា បើទោះមិនមាន ស.ស.យ.ក ក៏ស្មារតីជួយសង្គមរបស់យុវជនខ្មែរនៅតែមានក្នុងដួងចិត្តរបស់ពួកគេរហូតទៅ៕