• 2023-05-31 04:41:55
  • ព័ត៌មាន

ស្រួង ភាវី សម្រេច ជាមួយ​ក្រុមហ៊ុន​អាកាចរណ៍មួយ ក្នុង​ការ​នាំអ្នក​ជំងឺ​ទៅព្យាបាលនៅកូរ៉េ​មិន​គិត​ប្រាក់

  • 2023-05-31 04:41:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាការិនី​កីឡាក​ប៊ែយែការ៉ុម ស្រួង ភាវី បាន​ឈាន​មួយ​ជំហាន​ទៀត​ក្នុង​បេសកម្ម​សប្បុរសធម៌​របស់​ខ្លួន ក្រោយ​ពី​បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​ក្រុម​ហ៊ុន​អាកាសចរណ៍ SKY ANGKOR ឈាន​ទៅ​ដឹក​ជញ្ជូន​អ្នក​ជំងឺ​កុមារ​ទៅ​ព្យាបាល​នៅ​ប្រទេស​កូរ៉េ​ដោយ​មិន​យក​ប្រាក់។ នេះ​បើ​តាម​ការ​ជូន​ដំណឹង​របស់​កីឡាការិនី​នៅ​លើ​បណ្ដាញ​សង្គម​របស់​ខ្លួន។

កិច្ច​ព្រមព្រៀង​រវាង​កីឡាការិនី​ និង​ក្រុមហ៊ុន​អាកាស​ចរណ៍ គឺ​កីឡាការិនី ទទួល​ធ្វើ​ជា​ទូត​សុច្ឆន្ទៈ​របស់​ក្រុមហ៊ុន។ ក្នុង​ការងារ​នេះ ភាវី ប្រាប់​ថា នាង​មិន​យក​ប្រាក់​សម្រាប់​ប្រើ​ជា​ប្រយោជន៍​ខ្លួន​ឯង​នោះ​ទេ ប៉ុន្តែ​បាន​បង្វិល​ទៅ​ក្នុង​ការងារ​សប្បុរសធម៌​វិញ។

ភាវី ថ្លែង​ថា "ប្រសិន​បើ​ខ្ញុំ​ត្រូវ​មាន​កិច្ចការ​សប្បុរសធម៌​ត្រូវ​ធ្វើ​ ឬ​មាន​ប្អូន​ៗ​ ក៏​ដូចជា​ប្រជាជន​ខ្មែរ​យើង​ដែល​មាន​ជីវភាព​ខ្វះ​ខាត​ ហើយ​ត្រូវ​បាន​អង្គការ​សប្បុរសធម៌​របស់​នាង​ខ្ញុំ​ធានា​ពួកគាត់​មក​ព្យាបាល​ជំងឺ​នៅ​ប្រទេស​កូរ៉េ​ គឺ​មិន​តម្រូវ​ឱ្យ​យក​ប្រាក់​ពី​ពួកគាត់​ឡេីយ"​។ ការ​ស្នើ​លក្ខខណ្ឌ​​នេះ​ ត្រូវ​បាន​ខាង​ក្រុមហ៊ុន​ទទួល​យល់​ព្រម​ដោយ​សេចក្ដី​សោមនស្ស​ទាំង​អស់​គ្នា​។

នៅ​ក្នុង​កិច្ចការ​នេះ​ដែរ ភាវី ប្រាប់ Sabay បន្ថែម​ថា ការ​ផ្ដល់​ជូន គឺ​ផ្ដោត​តែ​លើ​ម្ដាយ​ឪពុក​ក្រខ្សត់ និង​មាន​កូន​តូច​មាន​ជំងឺ​បេះដូង​ចំហរ។ យ៉ាង​ណា លក្ខខណ្ឌ​លម្អិត​ថែម​ទៀត​ពាក់​ព័ន្ធ​នឹង​ការ​ព្រម​ទទួល​ឲ្យ​ទៅ​ព្យាបាល​នៅ​ប្រទេស​កូរ៉េ គឺ​ត្រូវ​ពិនិត្យ​ជាក់​ស្ដែង​ដោយ​អង្គការ​របស់​នាង លើ​ស្ថានភាព​អ្នក​កុមារ​។ ប្រសិន​បើ​ឃើញ​ថា អ្នក​ជំងឺ​កុមារ មាន​ស្ថានភាពត្រូវ​នឹង​លក្ខខណ្ឌ គឺ​អង្គការ​ព្រមទទួល។

អ្នក​នាង ស្រួង ភាវី ប្រាប់​ថា​សម្រាប់​ការ​ធ្វើ​ដំណើរ​តាម​អាកាសចរណ៍ SKY ANGKOR និង​ការព្យាបាល​នៅ​ប្រទេស​កូរ៉េ គឺ​រាប់រងដោយ​ក្រុមហ៊ុន​អាកាសចរណ៍ និង​អង្គការ​ជា​ដៃគូ​របស់​នាង។ នេះ​ជា​ជំហាន​ថ្មី​ទៀត ដើម្បី​ជួយ​ពលរដ្ឋ​កម្ពុជា​របស់​នាង។ កីឡាការិនី ស្រួង ភាវី ប្រាប់​ថា ការ​ទៅ​ព្យាបាល​នៅ​កូរ៉េ គឺ​ជា​រឿង​ដ៏​ពិបាក ដូច្នេះ​សម្រាប់​ប្រតិបត្តិការ​លើក​នេះ អ្នកនាង សង្ឃឹម​ថា នឹង​ជួយ​កុមារ​កម្ពុជា​បាន​ច្រើន ហើយ​ថា អ្នក​នាង​ធ្វើ​កិច្ចការ​នេះ​ម្ដង​មួយ​ជំហានៗ។

នេះ​មិន​មែន​ជា​លើក​ទី​១​នោះ​ទេ ដែល​កីឡាការិនី ស្រួង ភាវី បាន​ចំណាយ​កម្លាំង​កាយ និង​ធនធាន​ទៅក្នុង​ការងារ​សប្បុរសធម៌។ ប៉ុន្តែ​នាង បាន​ធ្វើ​វា​ជា​ច្រើន​ឆ្នាំ​ និង​បាន​ជួយ​ពលរដ្ឋ​កម្ពុជា​ជួប​ការ​លំបាក​មក​ពី​កត្តា​ផ្សេង​ៗ ពិសេស​ភាព​ក្រីក្រ ជា​ច្រើន​នាក់​មក​ហើយ។ អ្នក​នាង ប្រាប់​ថា សហ​ប្រតិបត្តិការ​ខាង​លើ អាច​មាន​យូរ​អង្វែង ហើយ​បេសកម្ម​សប្បុរសធម៌​ផ្ទាល់​ខ្លួន​អ្នក​នាង ក៏​យូរ​អង្វែង​ដូច​គ្នា​ដែរ។

អ្នក​នាង ស្រួង ភាវី គឺ​ជា​អ្នក​ខេត្ត​ត្បូង​ឃ្មុំ តែ​បាន​ទៅ​រស់​នៅ​ប្រទេស​កូរ៉េ​ជាមួយ​ស្វាមី។ នៅ​ទី​នោះ អ្នក​នាង​បាន​សាង​កេរ្តិ៍​ឈ្មោះ​ល្បី​រន្ទឺ​ក្នុង​នាម​ជា​កីឡាការិនី​ប៊ីយែការ៉ុម​ឆ្នើម​តំណាង​កូរ៉េ និង​កម្ពុជា។ ថ្មី​ៗ​នេះ ទើប​នឹង​បង្កើត​ឲ្យ​មាន​មោទនភាព​ថ្មី​ទៀត​ឲ្យ​ប្រទេស​កំណើត ក្រោយ​ពី​បាន​តំណាង​កម្ពុជា ប្រកួត​​ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​លើក​ទី៣២។

ភាវី ទទួល​បាន​មេដាយមាស​១ សំរិទ្ធ ១ ក្នុង​ព្រឹត្តិការណ៍​នោះ។ ចំណុច​គួរ​កត់​សម្គាល់ អ្នក​នាង​មិន​ទទួល​យក​ប្រាក់​រង្វាន់​នោះ​ទេ តែ​បាន​បង្វែរ​ថវិកា​ទាំង​អស់​ទៅ​កិច្ចការ​សប្បុរសធម៌ ជួយ​អ្នក​ទីទ័ល ក៏​ដូច​ជា​កុមារ​រងគ្រោះ​ផ្សេង​ៗ​ដូច​ករណី​ខាង​លើ​ដែរ៕

អត្ថបទ៖ ទារិកា

មតិយោបល់