- 2023-06-09 05:04:38
- ព័ត៌មាន
សម្ដេចតេជោ ហ៊ុន សែន ស្នើឲ្យបញ្ឈប់ភ្លាមសកម្មភាពរឹបអូសផ្ទះប្រជាពលរដ្ឋ
- 2023-06-09 05:04:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សម្ដេចតេជោ ហ៊ុន សែន ស្នើឲ្យបញ្ឈប់ភ្លាមសកម្មភាពរឹបអូសផ្ទះប្រជាពលរដ្ឋ
ចន្លោះមិនឃើញ
ថ្លែងនៅក្នុងជំនួបសំណេះសំណាលជាមួយកម្មករ កម្មការិនី សរុបចំនួនជិត ២ម៉ឺននាក់ នៅស្រុកកំពង់ត្រឡាច និងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង(លើកទី២) ព្រឹកថ្ងៃទី ០៩ ខែ មិថុនា ឆ្នាំ ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន ស្នើឲ្យបញ្ឈប់ភ្លាមសកម្មភាពរឹបអូសផ្ទះប្រជាពលរដ្ឋ។
សម្ដេចតេជោ ហ៊ុន សែន ថ្លែងថា “បញ្ឈប់ភ្លាមនូវសកម្មភាពរឹបអូស ហើយរៀបចំឥណទានឡើងវិញ...”។ នេះជាការអន្តរាគមន៍លើកទី១ បន្ទាប់ពីមានព័ត៌មាន ពីការរឹបអូសផ្ទះរបស់ប្រជាពលរដ្ឋដោយស្ថាប័នហិរញ្ញវត្ថុ ដោយសារតែម្ចាស់ផ្ទះមានការយឺតយ៉ាវក្នុងការបង់សងត្រឡប់ទៅវិញនោះ។ យ៉ាងណា សម្ដេចបញ្ជាក់ដែរថា សម្រាប់ប្រជាពលរដ្ឋដែលជួបបញ្ហាក៏ត្រូវមានការទទួលខុសត្រូវចំពោះការបង់សងត្រឡប់ទៅស្ថាប័នហិរញ្ញវត្ថុ ឬម្ចាស់អភិវឌ្ឍវិញ។
ប៉ុន្តែស្នើឲ្យស្ថាប័នហិរញ្ញវត្ថុ និងម្ចាស់អភិវឌ្ឍសូមមានការយោគយល់ មានការយោគយល់ និងគួរមានលក្ខខណ្ឌបន្ធូរបន្ថយខ្លះនៅក្នុងកាលៈទេសៈសេដ្ឋកិច្ចមានភាពលំបាក ដោយការបន្ថយការបង់បណ្ដោះអាសន្ននូវកម្រិតសមស្របណាមួយ ឧទាហរណ៍ប្រសិនបើ ត្រូវបង់ ៥០០ដុល្លារ គួរបន្ថយមកត្រឹម៣០០ដុល្លារអាមេរិកក្នុង១ខែ។
នៅក្នុងករណីនេះដែរ សម្ដេចនាយករដ្ឋមន្ត្រី ស្នើឲ្យមានការស្រាវជ្រាវបន្ទាន់នូវតួលេខពិតប្រាកដថា ផ្ទះប្រជាពលរដ្ឋប៉ុន្មានត្រូវរឹបអូស បុរីណាខ្លះ បានរឹបអូសផ្ទះប្រជាពលរដ្ឋ។ សម្ដេចតេជោ ក៏បានលើកឡើងផងដែរ អំពីផ្ទះដែលត្រូវបានរឹបអូសរួចហើយថា ក្នុងករណីនេះ សម្ដេចស្នើឲ្យមានការផ្ដល់សំណងខ្លះមកផ្ទះលំនៅដ្ឋាន ក្នុងករណីដែលពួកគេបានបង់យូរឆ្នាំ ឬមានទំហំទឹកប្រាក់ច្រើនទៅហើយនោះ។
“ហើយផ្ទះដែលរឹបអូសហើយហ្នឹងនោះ អីចឹងថៅកែពិនិត្យមើលអាចឲ្យត្រឡប់ទៅវិញខ្លះទេ? ព្រោះអាហ្នឹងយកលុយប្រាក់គេមកទទេតែម្ដង អាហ្នឹងវាដូចជាហួសហេតុពេកហើយ ហួសហេតុពេកហើយ ខ្ញុំសូមអង្វរ សូមអង្វរ!”៕