• 2023-06-13 03:05:42
  • ព័ត៌មាន

លក់ផ្ទះយកលុយ វិនិយោគលើ Bitcoin ពេលនេះក្លាយជា CEO ក្រុមហ៊ុនធំមួយ មានលុយរាប់លាន

  • 2023-06-13 03:05:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Changpeng Zhao មានឈ្មោះហៅក្រៅថា CZ ជានាយកប្រតិបត្តិនៃក្រុមហ៊ុន Binance ដែលជាក្រុមហ៊ុន វិនិយោគលុយគ្រីបតូ (Cryptocurrency)។

Changpeng Zhao លោកមានសញ្ជាតិកាណាដា ដើមកំណើតចិន។ បុរសពហុជំនាញរូបនេះ សព្វថ្ងៃជាសហគ្រិន ជាអ្នកវិនិយោគ និង ជាវិស្វករ ព័ត៍មានវិទ្យា។ ក្រុមហ៊ុនធំដែលលោកកំពុងកាន់គឺជាក្រុមហ៊ុន Binance។ Binance ជាក្រុមហ៊ុនលំដាប់ពិភពលោកធំជាងគេ នៅក្នុងវិស័យវិនិយោគលុយគ្រីបតូ។ បើយោងតាមទស្សនាវដ្តី Bloomberg លោក Changpeng Zhao មានលុយប្រមាណ ១៣ពាន់លានដុល្លារអាមេរិក។

Zhao កើតនៅខេត្ត Jiangsu ប្រទេសចិន។ នៅអំឡុងឆ្នាំ ១៩៨០ នៅពេលដែលលោកមានអាយុ ១២ឆ្នាំ Zhao បានភៀសខ្លួនជាមួយក្រុមគ្រួសារទៅកាន់ប្រទេសកាណាដា។ ម្តាយឪពុករបស់លោកមានមុខរបរ ជាគ្រូបង្រៀន។ ដើម្បីជួយជីវភាពគ្រួសារ Zhao បានចូលធ្វើការនៅ McDonald ដែលជាហាងលក់អាហារ fast food។ ស្របពេលជាមួយគ្នានោះ លោកបានចូលរៀនជំនាញ វិទ្យាសាស្រ្តកុំព្យូទ័រ នៅសកលវិទ្យាល័យ McGill ក្នុងក្រុង Quebec ប្រទេសកាណាដា។

ក្រោយបញ្ចប់ការសិក្សាថ្នាក់មហាវិទ្យាល័យ Changpeng Zhao ត្រូវបានជ្រើសរើសជាអ្នកហាត់ការ ទៅធ្វើការនៅប្រទេសជប៉ុន ផ្នែក ទីផ្សារភាគហ៊ុន។ នៅទីនោះលោក ធ្វើជាអ្នកអភិវឌ្ឍន៍ទៅលើ software សម្រាប់អ្នកវិនិយោគផ្សារភាគហ៊ុន។ ក្រោយមកទៀតលោកបានធ្វើការពេញម៉ោង ជាអ្នកអភិវឌ្ឍន៍លើ software នៅ Bloomberg Tradebook អស់រយៈពេល ៤ឆ្នាំ។

នៅក្នុងឆ្នាំ ២០០៥ លោក Zhao បានផ្លាស់ទៅនៅទីក្រុងសៀងហៃ ប្រទេសចិន។ នៅទីនោះ លោកបានចាប់ផ្តើមបើកក្រុមហ៊ុនបច្ចេកវិទ្យា startup មួយ ដែលផ្តោតលើការបង្កើត platforms ទំនើបសម្រាប់អ្នកលេងផ្សារភាគហ៊ុន។ នៅឆ្នាំដដែលនោះ លោកបានលក់អាផាតមិនផ្ទាល់ខ្លួន ដើម្បីយកលុយមកទិញ Bitcoin។ បន្តមកទៀតនៅក្នុងឆ្នាំ ២០១៣ Zhao បានចូលរួមជាសមាជិកក្នុងក្រុមមួយដែលអភិវឌ្ឍន៍ទៅ Blockchain។

ក្រុមហ៊ុន Binance បានចាប់កំណើតនៅក្នងឆ្នាំ ២០១៧។ ត្រឹមរយៈពេលតិចជាង ៨ខែ លោក Zhao បានធ្វើឱ្យ Binance ក្លាយជាក្រុមហ៊ុនគ្រីបតូ ដ៏ធំលំដាប់ពិភពលោក។ នៅក្នុងកិច្ចសម្ភាសន៍មួយជាមួយកាសែត The New York Times លោក Zhao បាននិយាយថា មនុស្សកំពុងយកលុយវិនិយោគទៅលើវិស័យគ្រីបតូ ខណៈដែលពួកគេឃើញថាវិស័យមួយនេះកំពុងដើរទៅមុខ។

Zhao បាននិយាយថា លោកមានគម្រោងបរិច្ចាកទ្រព្យសម្បត្តិរបស់លោក ៩៩ភាគរយ ទៅកាន់មនុស្សធម៌ដូចដែលអ្វីដែលសហគ្រិន អ្នកវិនិយោគ និងមហាសេដ្ឋីនានាធ្លាប់បានធ្វើយ៉ាងដូច្នេះដែរ។ យោងទៅតាមសារព័ត៍មាន Reuters លោក Zhao ធ្លាប់មានទំនាក់ទំនងស្នេហាជាមួយពិធិការិនីទូរទស្សន៍របស់ចិន ហើយមានកូន ១ ផងដែរ។ សព្វថ្ងៃ Zhao កំពុងស្នាក់នៅទីក្រុង ឌូបៃ ប្រទេសអារ៉ាប់រួម៕

អត្ថបទ ៖ សង្ហា

មតិយោបល់