- 2023-06-14 03:16:24
- ព័ត៌មាន
សម្ដេច បង្ហើបតម្រុយខ្លះ ក្រោយជំនួបជាមួយអន្ទិត សាន សុជា
- 2023-06-14 03:16:24
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សម្ដេច បង្ហើបតម្រុយខ្លះ ក្រោយជំនួបជាមួយអន្ទិត សាន សុជា
ចន្លោះមិនឃើញ
ព្រះតេជគុណ សាន សុខជា កាលពីមុន ឥឡូវជាអន្ទិត សាន សុជា បានជួបសម្ដេចតេជោ ហ៊ុន សែនក្នុងកិច្ចការមួយដែលមិនបើកចំហរ ឥឡូវនេះបានដឹងរឿងខ្លះៗហើយក្រោយពីសម្ដេចនាយករដ្ឋមន្ត្រី បានបង្ហើប។
បន្ទាប់ចាកផ្នួសកាលពីចុងខែមុន អន្ទិត សាន សុជា បានស្វះស្វែងសម្រាប់ជំនួបជាមួយសម្ដេចតេជោ ហ៊ុន សែន និងត្រូវបានការអនុញ្ញាតិឲ្យជួបនៅថ្ងៃម្សិលមិញ។ តាមសម្ដេចតេជោ ហ៊ុន សែន បានបង្ហើបនៅថ្ងៃនេះ ក្នុងជំនួបសំណេះសំណាលជាមួយកម្មករ និយោជិត នៅជិតវត្តព្រៃស្ពឺ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានឲ្យដឹងថា ក្នុងជំនួបនេះ អន្ទិត សាន សុជា ស្នើសុំការគាំទ្រកិច្ចការមួយ។
សម្ដេចមិនបាននិយាយលម្អិតថា នោះជាកិច្ចការអ្វីនោះទេ ប៉ុន្តែបានបន្តថា អ្វីដែលជាការស្នើសុំនោះ ក៏ជាអ្វីដែលរាជរដ្ឋាភិបាលចង់បានដែរ។ សម្ដេចថា ចង់បាន អ្នកដែលមានចំណេះដឹងជ្រៅជ្រះខាងធម៌បែបនេះ មកជួយផ្សព្វផ្សាយធម៌អប់រំលើកកម្ពស់ការធ្វើអំពើល្អនៅក្នុងសង្គម រក្សាសន្តិភាព រក្សាសន្តិភាពនយោបាយ។
សម្ដេចថ្លែងថា "យើងក៏ត្រូវការ ដើម្បីឱ្យព្រះសង្ឍដែលលាចាកសិក្ខាបទ ដែលមានចេះធម៌អាហ៍ត្រឹមត្រូវ គឺបន្តទៅតាមផ្លូវ ជួយទៅដល់ការអប់រំសង្គម អប់រំផ្លូវចិត្ត ដើម្បីធ្វើយ៉ាងម៉េច ប្រើប្រាស់ធម៌អាខ្លះ សម្រាប់ការរក្សាសន្តិភាព រក្សាស្ថិរភាពនយោបាយ ជាពិសេសការកសាងអំពើល្អនៅក្នុងចំណោមប្រជាជនរបស់យើង!”។
ព្រះតេជគុណ សាន សុខជា បានក្លាយជាបុគ្គលសាធារណៈមួយរូប តាមរយៈការផ្សព្វផ្សាយព្រះធម៌ និងសារអប់រំផ្លូវចិត្ត លើកទឹកចិត្តជាច្រើនឆ្នាំព្រះអង្គ។ បន្ទាប់ពីបានអះអាងថា អស់ឧបនិស្ស័យក្នុងផ្លូវព្រះធម៌បន្តទៀត ព្រះអង្គ បានសុំញោមស្រី(ម្ដាយ)ចាកភ្នួស មកបន្តជីវិតក្នុងផ្លូវលោកវិញ។
ក្នុងដំណើរចាកភេទជាបព្វជិតនេះ សាន សុជា រងការសង្ស័យមួយចំនួន ថាដើម្បីស្វែងរកគូ អ្នកខ្លះថា ទំនងជាត្រៀមយសសក្ដិនានា។ តបនឹងមន្ទិលទាំងឡាយ អន្ទិត សាន សុជា មិនបានបដិសេធឡើយចំពោះការស្វែងរកគូ តែថាបើថា លោកចាកភ្នួសដើម្បីតែរឿងប៉ុណ្ណេះ វាដូចជាបេសកកម្មតូចពេកសម្រាប់ជីវិត។ យ៉ាងណា លោកមិនបានអធិប្បាយលម្អិតឡើយថា លោកមានកិច្ចសំខាន់អ្វីផ្សេងទៀតនោះ៕