• 2023-06-29 09:09:51
  • ព័ត៌មាន

ចេញ App ថ្មី​មួយ ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ស្នើ​ពលរដ្ឋ​ឈប់​ពឹង​គេ​រត់ការ​ឲ្យ

  • 2023-06-29 09:09:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្លែង​នៅ​ថ្ងៃសម្ពោធ​ដាក់​ឲ្យ​ប្រើ​ប្រាស់​មណ្ឌលផ្ដល់សេវាសាធារណៈផ្សារទំនើបអុីអន ម៉ល មានជ័យ ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រី​សាធារណការ និង​ដឹក​ជញ្ជូន ស្នើ​ពលរដ្ឋ​កុំ​ពឹងពាក់​អ្នក​រត់ការ​ក្នុង​ការ​ស្នើ​សុំធ្វើកិច្ច​អ្វី​មួយ ដូច​ជា​ស្នើ​សុំ​ផ្លាស់​ប្ដូរ​ប័ណ្ណបើកបរ​ជា​ដើម។

ថ្លែង​ដូច្នេះ ឯកឧត្តម​ទេសរដ្ឋមន្ត្រី លើក​ឡើង​ថា ក្រសួង​សាធារណការ បាន​ធ្វើ​ឲ្យ​ប្រសើរ​ច្រើន​មក​ហើយ​ទៅ​លើ​សេវាសាធារណៈ​របស់​ក្រសួង ក្នុង​នោះ​មាន​ទាំង​ការ​ពង្រីក​មជ្ឈមណ្ឌល​ឆៀក​រថយន្ត និង​ការ​ពង្រីក​មជ្ឈមណ្ឌល​ផ្ដល់​សេវា​សាធារណៈ​ដែល​គិត​ត្រឹម​មក​ថ្ងៃ​នេះ មាន​ចំនួន ៧ទីតាំង​មក​ហើយ បូក​រួម​ទាំង​ទីតាំង​ថ្មី​នៅ​ផ្សារ​ទំនើប​អ៊ីអន​មាន​ជ័យ​នៅ​ថ្ងៃនេះ។

ឯកឧត្តម​ទេសរដ្ឋមន្ត្រី លើក​ឡើង​ថា ទាំង​នេះ គឺ​ជា​ក្រសួង​បាន​ធ្វើ ក្នុង​ការ​នាំ​យក​សេវា​ពាក់ព័ន្ធ​ទាំង​អស់​ឲ្យ​ទៅ​កាន់​តែ​កៀក​នឹង​ប្រជាពលរដ្ឋ ដោយ​មិន​ចាំបាច់​ខាត​ពេល​ធ្វើដំណើរ​មក​ធ្វើកិច្ចការ​ជា​ច្រើន​នៅ​កន្លែង​តែ​មួយ​ក្នុង​ក្រសួង ទាំង​នេះ​នាំ​ឲ្យ​មាន​ការ​ខាត​បង់។

ឯកឧត្តម​ទេសរដ្ឋមន្ត្រី​ថ្លែង​ថា "បើ​យើង​ទុក​ឲ្យ​ពួក​គាត់​បើក​ឡាន ៥០គីឡូម៉ែត្រ ៣០គីឡូម៉ែត្រ មក​ឆៀក គាត់​មាន​ការ​លំបាក។ ដូច្នេះ​អនុវត្តអនុសាសន៍​ដ៏​ខ្ពង់​ខ្ពស់​របស់​សម្ដេចអ​គ្គមហា​សេនាបតីតេជោ ហ៊ុន សែន ក្នុង​ការ​ផ្ដល់​សេវាសាធារណៈនេះជូន​បង​ប្អូន​របស់​យើង ធ្វើ​ឲ្យ​បាន​លឿន មាន​ប្រសិទ្ធភាព និង​មាន​តម្លាភាព!”។

ក្រៅ​ពី​នេះក្រោម​កិច្ច​ខិតខំប្រឹងប្រែង​របស់​អគ្គនាយកដ្ឋាន បច្ចេកវិទ្យា ទំនាក់ទំនងសាធារណៈ មាន App ជាច្រើន​ត្រូវ​បាន​បង្កើត​ឡើង ដើម្បី​សម្រួល​ប្រសិទ្ធភាពការងារ​ជូន​បង​ប្អូន​សាធារណជន។ ជាក់ស្ដែង ថ្មី​ៗ​នេះ ក្រសួង​ទើប​ដាក់​ឲ្យ​ប្រើ​ប្រាស់ App ថ្មី​មួយ​ទៀត​មាន​ឈ្មោះ​ថា "Public Service Tracking” ដែល​សាធារណជន អាច​ប្រើ​ប្រាស់​កម្មវិធី​លើ​ទូរស័ព្ទ​​នេះ ដើម្បី​តាម​ដាន​ពី​ដំណើរ​ការ​នៃ​ការ​ស្នើ​សុំ​អ្វី​មួយ ដូច​ជា​ការ​ស្នើ​សុំ​កាត់​ឈ្មោះ​យានយន្ត។ ឯកឧត្តម​ទេសរដ្ឋមន្ត្រី​ថា ក្នុង​គោលបំណង​នេះ ពី​ដើម អ្នក​ស្នើសុំ មិន​អាច​ដឹង​អ្វី​ទាំង​អស់​ចំពោះ​ដំណើរ​ការ ក្រោយ​បាន​ដាក់​ការ​ស្នើ​សុំរួចរាល់។

ប៉ុន្តែ​ឥឡូវ​នេះ​ជាមួយ​ Mobile App ខាង​លើ គឺ​សាធារណជន តាម​ដាន​ដំណើរ​ការ​តាម​ដំណាក់​កាល​នីមួយៗ ចាប់​តាំង​ពី​ថ្ងៃ​ដាក់​ពាក្យ​ស្នើ​សុំ រហូត​ដល់​ថ្ងៃ​ទទួល​លទ្ធផល។ ដូច្នេះ​ហើយ ឯកឧត្តម ទេសរដ្ឋមន្ត្រី លើក​ឡើង​ថា ពលរដ្ឋ មិន​ចាំ​បាច់​ប្រើ​ប្រាស់​អ្នក​រត់ការ​ឲ្យ​ទៀត​នោះ​ទេ តែ​អាច​ធ្វើ​បាន​ដោយ​ខ្លួន​ឯង។

ឯកឧត្តម​ថ្លែង​ថា "បើ​យើង​ឲ្យ​គេ​ធ្វើ​ឲ្យ គាត់​យក​ថវិកាយើង​ច្រើន​ ហើយ​មាន​ការ​យឺតយ៉ាវ​ផង ដូច្នេះ​បើ​យើង​ធ្វើ​ខ្លួន​យើង ហើយ​យើង​មានទាំង Mobile App ដើម្បី​ស្កេន យើង​តាម​ដាន​ដឹង​ទាំង​អស់...ឯកសារ​ទៅ​ដល់​យើង​តាម​ដាន​ដឹង​ទាំង​អស់..សូម​កុំទៅ​ប្រើ​សេវាក្រៅ​ផ្លូវការ ដែល​ធ្វើ​ឲ្យ​យើង​ចំណាយ​ថវិកា​ច្រើន ក្នុង​ការស្នើ​ប័ណ្ណ​បើកបរ ផ្ទេរ​កម្មសិទ្ធិ​ ។ល។"៕​

អត្ថបទ៖ ទារិកា

មតិយោបល់
អត្ថបទថ្មី