/fold4/64ad10a292a6b_1689063540_medium.jpg)
- 2023-07-11 08:26:11
- ព័ត៌មាន
សហគ្រិនវ័យក្មេង កែច្នៃ ផ្លែស្រកានាគ ដែលមានតម្លៃថោកគ្មានអ្នកទិញ ទៅជាអាជីវកម្មមួយដ៏ជោគជ័យ
- 2023-07-11 08:26:11
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សហគ្រិនវ័យក្មេង កែច្នៃ ផ្លែស្រកានាគ ដែលមានតម្លៃថោកគ្មានអ្នកទិញ ទៅជាអាជីវកម្មមួយដ៏ជោគជ័យ
ចន្លោះមិនឃើញ
ពីភាពជោគជ័យនៃទឹកផ្លែស្រកានាគបែបធម្មជាតិ អ្នកស្រី Tran Thi Kim Linh អាយុ ៣១ឆ្នាំ បន្តស្រាវជ្រាវ និងមានផលិតផល ១៣ផ្សេងទៀតដែលផលិតពីផ្លែស្រកានាគ ដូចជាស្រា ទឹកស៊ីរ៉ូ ដំណាប់ និង ចាហួយ។
អ្នកស្រី Traan Thị Kim Linh ជាអ្នកស្រុកនៃខេត្ត Binh Thuan ប្រទេសវៀតណាម បានទទួលជោគជ័យយ៉ាងខ្លាំងក្នុងការផលិតកែច្នៃផលិតផលផ្សេងៗចេញពី ផ្លែស្រកានាគ។ ក្នុងឆ្នាំ២០១០ តម្លៃផ្លែស្រកានាគបានធ្លាក់ចុះយ៉ាងគំហុកមកត្រឹមតែ ២០០ដុង (៨សេន ដុល្លារ) ក្នុងមួយគីឡូក្រាម ប៉ុន្តែឈ្មួញក្នុងស្រុកនៅតែមិនអាចរកអ្នកទិញបាន។ គ្រួសាររបស់ Linh មានជីវភាពក្រីក្រ ហើយឪពុករបស់នាងធ្លាក់ខ្លួនឈឺ។ ម្តាយរបស់ Linh គិតតែពីការលក់ផ្លែស្រកានាគ ដើម្បីផ្គត់ផ្គង់គ្រួសារ ដែលមានកូនពីរនាក់។ ទោះបីជាយ៉ាងណាផ្លែស្រកានាគមិនអាចលក់បានទេ ហើយគ្រួសាររបស់នាងជួបបញ្ហាសេដ្ឋកិច្ច និងបានធ្លាក់ទៅក្នុងការលំបាក។
រាល់ពេលដែល Linh ឃើញញើស និងទឹកភ្នែកស្រក់លើមុខម្តាយរបស់នាង ឬឃើញផ្លែស្រកានាគត្រូវបានគេបោះចោលតាមដងផ្លូវ នាងប្រាថ្នាចង់ធ្វើអ្វីមួយដើម្បីជួយម្តាយ និងកសិករក្នុងស្រុក។ Linh គឺជានិស្សិតឆ្នាំទី១ នៃមហាវិទ្យាល័យបច្ចេកវិទ្យានៅសកលវិទ្យាល័យនៃសហគមន៍ Binh Thuan ដែលបានចាប់ផ្តើមស្រាវជ្រាវ និងកែច្នៃផលិតផលភេសជ្ជៈពីផ្លែស្រកានាគស្រស់។ បន្ទាប់ពីបរាជ័យជិត ២០ ដង Linh មានអារម្មណ៍បាក់ទឹកចិត្ត ប៉ុន្តែដោយការតាំងចិត្ត និងការតស៊ូ ផលិតផលដំបូងរបស់នាង ដែលជាទឹកផ្លែស្រកានាគចម្រាញ់ចេញពីធម្មជាតិ បានទទួលជោគជ័យ។
ប៉ុន្តែនាងជាសិស្ស ហើយគ្រួសារក្រីក្រ ដូច្នេះនាងមិនអាចអភិវឌ្ឍន៍ផលិតផលនេះបានទេ។ អ្នកនាង Linh មិនបានបោះបង់ការសិក្សាឡើយ ខណៈពេលដែលកំពុងធ្វើការ និងកែច្នៃផលិតផលដើម្បីលក់។ នាងបាននិយាយថា ដើម្បីផលិត ផលិតផលដែលមានគុណភាព តម្រូវការដំបូងគឺវត្ថុធាតុដើមត្រូវតែស្អាត គ្មានសំណល់ថ្នាំសម្លាប់សត្វល្អិត និងមានប្រភពដើមច្បាស់លាស់។ ដើម្បីសម្រេចក្តីសុបិន្តរបស់នាង នៅខែកញ្ញា ឆ្នាំ ២០១៩ ក្រុមហ៊ុន Bao Long Binh Thuan Production - Trade - Service ដែលជាក្រុមហ៊ុន របស់ Linh ត្រូវបានបង្កើតឡើង។ ផលិតផលសំខាន់របស់ក្រុមហ៊ុននេះ គឺភេសជ្ជៈធម្មជាតិដែលផលិតចេញពីផ្លែស្រកានាគ។ ជាមួយនឹងលក្ខណៈវិនិច្ឆ័យ "ស្អាត សុវត្ថិភាព គ្មានសារធាតុរក្សាទុក គ្មានជាតិពណ៌ និងតម្លៃសមរម្យ" ផលិតផលនេះរក្សាបាននូវភាពស្រស់ និងពណ៌ស្រស់ស្អាត។
ជាមធ្យម ផ្លែឈើស្រស់ចំនួនប្រាំបីគីឡូក្រាមនឹងផ្តល់ទិន្នផលទឹកផ្លែឈើស្រស់ ចំនួនមួយលីត្រ។ ក្នុងមួយឆ្នាំ ក្រុមហ៊ុនរបស់នាងបានផ្គត់ផ្គង់ទឹកស្រកានាគគ្រប់ប្រភេទជាង ៤៥០០០ លីត្រ ស្មើនឹងប្រហែល ៣០០០ ទៅ ៥០០០លីត្រក្នុងមួយខែ។ បរិមាណផ្លែស្រកានាគស្រស់ដែលទទួលទានក៏មានចំនួនច្រើនដែរ។
នៅដើមដំបូងនៃការបង្កើតក្រុមហ៊ុន Linh បានជួបប្រទះការលំបាក និងបញ្ហាប្រឈមជាច្រើន ជាពិសេសផ្នែកហិរញ្ញវត្ថុ។ បន្ទាប់ពីជិត ៣ ឆ្នាំមក ក្រុមហ៊ុនរបស់នាងបានចាប់ផ្តើមវាយលុក នៅក្នុងទីផ្សារ។ រហូតមកដល់ពេលនេះ មានភ្នាក់ងារចែកចាយចំនួន ២៩ នៅទូទាំងប្រទេស ហើយផលិតផលមានដាក់លក់នៅលើប្រព័ន្ធ e-commerce ផងដែរ ដោយសារតែផលិតផលមានគុណភាព និងតម្លៃសមរម្យ ធានាអនាម័យ និងសុវត្ថិភាពចំណីអាហារ។
ទឹកស្រកានាគចម្រាញ់ពីធម្មជាតិទទួលបានវិញ្ញាបនបត្រផលិតផលឧស្សាហកម្មជនបទ នៅថ្នាក់ខេត្ត។ ក្រុមហ៊ុននេះ បានទទួលវិញ្ញាបនបត្រពីផលិតផលមួយឃុំមួយ (OCOP) ជាមួយនឹងចំណាត់ថ្នាក់ផ្កាយបួនក្នុងឆ្នាំ ២០២១។ ក្នុងដំណើរសហគ្រិនភាពរបស់នាង Linh បានទទួលពានរង្វាន់ ពីគណៈកម្មាធិការកណ្តាលនៃសហភាពយុវជន HCM សម្រាប់កសិករវ័យក្មេងឆ្នើម។ លោក Thai Thanh Bi អនុលេខាសហភាពយុវជនខេត្ត Binh Thuan មានប្រសាសន៍ថា Linh គឺជាគំរូដ៏ល្អ សម្រាប់យុវជនដែលចង់ចាប់ផ្តើមអាជីវកម្មក្នុងវិស័យកសិកម្ម។
បន្ទាប់ពីទទួលបានជោគជ័យលើទឹកផ្លែស្រកានាគដែលចម្រាញ់ចេញពីធម្មជាតិ Linh បន្តស្រាវជ្រាវ និងមានផលិតផល ១៣ ផ្សេងទៀតដែលផលិតចេញពីផ្លែស្រកានាគ ដូចជាស្រា ទឹកស៊ីរ៉ូ ដំណាប់ និង ចាហួយជាដើម។ នាងបានជួយកាត់បន្ថយសម្ពាធ សម្រាប់ការដាំដុះផ្លែស្រកានាគស្រស់សម្រាប់កសិករ រួមចំណែកលើកកម្ពស់តម្លៃទីផ្សាររបស់ផ្លែឈើមួយនេះ៕