• 2023-07-20 04:34:08
  • ព័ត៌មាន

កូន​ខ្មែរ​ម្នាក់​នៅ​ប្រទេស​បារាំង បើក​យុទ្ធនាការ​ជិះកង់​ឆ្លង​កាត់​៨ប្រទេស​ក្នុង​ទ្វីបអឺរ៉ុប រក​មូលនិធិ​ជួយ​មន្ទីរ​ពេទ្យ​កុមារ​អង្គរ

  • 2023-07-20 04:34:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក ផូ ផល្លា បច្ចុប្បន្ន​កំពុង​រស់​នៅ​ក្នុង​ទីក្រុង​ប៉ារីស ប្រទេស​បារាំង បាន​ប្រកាស​ផែនការ​សប្បុរសធម៌​ដ៏​ធំ​មួយ ដោយ​លោក​នឹង​ធ្វើ​យុទ្ធនាការ​ជិះកង់​ឆ្លង​កាត់​៨ប្រទេស​ស្ថិត​ក្នុង​ទ្វីបអឺរ៉ុប ដើម្បី​រៃអង្គាស​ថវិកា​ពី​សប្បុរសជន ផ្ដល់​ជូន​មន្ទីរ​ពេទ្យ​កុមារ​អង្គរ។

កិច្ចការ​នេះ​បាន​កើត​ឡើង ក្រោយ​ពី​លោក​បាន​ស្នើ​សុំ​ការ​ឯកភាព​ពី​សាមី​មន្ទីរ​នេះ​រួចរាល់។ បុរស​វ័យ​កណ្ដាល​បាន​សរសេរ​នៅ​លើ​បណ្ដាញ​សង្គម​របស់​ម្សិលមិញ​នេះ​ថា "ដោយមាន​ការអនុញ្ញាតពី មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ខ្ញុំបាទនឹងជិះកង់ចំងាយ ៣.០០០ គីឡូម៉ែត្រ រយៈពេល ៤១ថ្ងៃ...ខ្ញុំសង្ឃឹមថាពុកម៉ែបងប្អូនទាំងអស់ នឹងចូលរួមធ្វើដំណើរជាមួយខ្ញុំ និងបរិច្ចាកប្រាក់ទៅកាន់មន្ទីរ​ពេទ្យកុមារអង្គរខេត្តសៀមរាប ដើម្បីរួមចំណែកនៅក្នុងបេសកម្មរបស់មន្ទីរពេទ្យក្នុងការធ្វើអោយប្រសើរឡើងនូវការគាំពារសុខភាពកុមារកម្ពុជា"។

យុទ្ធនាការ​ដ៏​ធំ​នេះ នឹង​ចាប់​ផ្ដើម​ ដោយចាប់ផ្តើមពីថ្ងៃទី២៥ ខែកក្កដា ដល់ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៣។ លោក​នឹង​ជិះ​កង់​ឆ្លង​កាត់ទីក្រុង និងឆ្លងកាត់ប្រទេសតំបន់អឺរ៉ុបមួយចំនួនដូចជា បារាំង ស្វីស លុច្សសំបួរ បែលហ្សិច អង់គ្លេស អ៊ីតាលី ហូឡង់ និងអាល្លឺម៉ង់ ថវិកា​ដែល​ប្រមូល​បាន គឺ​ផ្ដល់​ជូន​មន្ទីរពេទ្យ​កុមារ​អង្គរ​ខេត្តសៀមរាប​ទាំងអស់។

លោក ផូ ផល្លា មាន​ស្រុក​កំណើត​នៅ​ខេត្ត​កំពង់ឆ្នាំង បាន​ចាក​ចេញ​ទៅរស់នៅ​ប្រទេស​បារាំង​ដើម​ឆ្នាំ ២០២២ តាម​ភរិយា​ដែល​ជា​មន្ត្រី​នៃស្ថាន​ឯកអគ្គរាជ​ទូត​តំណាង​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​ទីក្រុង​ប៉ារីស។ លោក ផូ ផល្លា ប្រាប់​ថា តាម​ច្បាប់​របស់​ប្រទេស​បារាំង ជា​គ្រួសារ​របស់​មន្ត្រី​ការ​ទូត​ដូច​លោក គឺគេ​មិន​អនុញ្ញាត​ឲ្យ​ធ្វើការងារ​ជា​បុគ្គលិក​ពេញ​សិទ្ធិ​នៅ​ទី​ណា​នោះ​ទេ។

ដូច្នេះ​ រាល់​ថ្ងៃ គឺ​លោក​បាន​ទៅ​ធ្វើ​ការ​ស្ម័គ្រ​ចិត្ត​ផ្សេង​ៗ។ ដូច្នេះ​ពេល​ទំនេរ លោក​តែង​តែ​ជិះ​កង់​ដើម្បី​សុខភាព ប៉ុន្តែ​ស្រប​ពេល​មើល​ឃើញ​ពី​តម្រូវ​ការ​មូលនិធិ​ទ្រទ្រង់​មន្ទីរ​ពេទ្យ​កុមារ​អង្គរ ដើម្បី​មន្ទីរ​ពេទ្យ​អាច​បន្ត​បេសកកម្ម​ជួយ​កុមារ​កម្ពុជា​ប្រកប​ដោយ​និរន្តរភាព ទើប​លោក​លេច​ឡើង​នូវ​គំនិត ជិះ​ឲ្យលើស​ពី​លក្ខខណ្ឌ​សុខភាព ទៅ​ជា​ជិះ​ដើម្បី​បាន​ប្រយោជន៍​ដល់​កុមារ​កម្ពុជា​នេះ​ឡើង។

សម្រាប់​បេសកកម្ម​នេះ លោក​បាន​ស្នើ​សុំ​សហការ​ពី​មន្ទីរ​ពេទ្យ​កុមារអង្គរ​ផ្ទាល់។ បន្ថែម​ពី​លើ​នេះ លោក​ក៏​បាន​ធ្វើ​លិខិត​ជូន​ដំណឹង​ទៅ​ស្ថានឯកអគ្គរាជទូត​ខ្មែរ​ប្រចាំ​ប្រទេស​អឺរ៉ុប​ចំនួន ៥ ស្វែង​រក​ការ​គាំទ្រ​អំពី​បេសកកម្ម​នេះ។ ជា​លទ្ធផល លោក​ថា ស្ថានឯកអគ្គរាជទូតខ្មែរ​ខ្លះ​ក្នុង​ចំណោម​នោះ​បាន​ឆ្លើយ​តបជា​វិជ្ជមាន ពោល​គឺ​គេ​គាំទ្រ និង​សន្យា​ជួយ​ផ្សព្វផ្សាយ​បន្ត​ពី​បេសកកម្ម​របស់​លោក ប្រយោជន៍​ជួយ​ពង្រីក​វិសាលភាព​ដំណឹង កៀរគរ​ថវិកា​ជួយ​កុមារ​ខ្មែរ​តាម​រយៈ​មន្ទីរ​ពេទ្យ​ខាង​លើ។

នេះ​លើក​ទី​១​សម្រាប់​ការ​ជិះ​ដើម្បី​សប្បុរសធម៌ ប៉ុន្តែ​ជា​លើក​ទី២សម្រាប់​យុទ្ធនាការ​ទូទៅ ជាក់​ស្ដែង​កាល​ពី​ខែ​​ មិថុនា និង ឧសភា លោក ផូ ផល្លា ក៏​ធ្លាប់​បើក​យុទ្ធនាការ​ផ្ទាល់​ខ្លួន ជិះ​កង់​ចម្ងាយ ៤០០០គីឡូម៉ែត្រ។ កាល​នោះ គឺ​លោក​ជិះ​ដើម្បី​អបអរ​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​ព្រឹត្តិការណ៍​កីឡាស៊ីហ្គេម​លើក​ទី ៣២ និង​ប៉ារ៉ាហ្គេម​លើក​ទី ១២។

សម្រាប់​បេសកកម្ម​ជិះ​ដើម្បី​សប្បុរសធម៌​លើក​ដំបូង​នេះ លោក ផូ ផល្លា បញ្ជាក់​ថា លោក​មិន​មាន Sponsor ណា​មួយ​នោះ​ទេ គឺ​ពឹង​ទាំង​ស្រុង​ទៅ​លើ​ការ​បរិច្ចាគ​ពី​សប្បុរសជន ក្នុង​នោះ​លោក​រំពឹង​សប្បុរសជន​ខ្មែរ​ក្នុង​ស្រុក និង​មួយ​ចំណែក​ទៀត​នៅ​សហគមន៍​អឺរ៉ុប ពិសេស​ប្រទេស​ទាំង​៨​ដែល​ស្ថិត​ក្នុង​គោលដៅ​លោក​ត្រូវ​ជិះ​ឆ្លង​កាត់។

ដូច្នេះ​លោក​សង្ឃឹម​ថា ឯកឧត្តម អ្នកឧកញ៉ា លោក​ឧកញ៉ា លោក​ជំទាវ បង​ប្អូន​សប្បុរសជន​នានា ចូល​ជាមួយ​លោក​ក្នុង​យុទ្ធនាការ​នេះ ដើម្បី​សុខមាលភាព​កុមារ​កម្ពុជា​ទាំង​អស់​គ្នា។ សម្រាប់​ការ​បរិច្ចាគ សូម​ធ្វើ​ការ Scan QR Code លើ​រូប​ខាង​លើ​៕

អត្ថបទ៖ ទារិកា

មតិយោបល់