• 2023-07-28 09:17:28
  • ព័ត៌មាន

បណ្ឌិត គី សិរីវឌ្ឍន៍ លើក​វិស័យ​សំខាន់​អាទិភាព​មួយ​ចំនួន ដែល​រាជរដ្ឋាភិបាល​ថ្មី គួរ​ដាក់​ការ​យក​ចិត្ត​ទុកដាក់

  • 2023-07-28 09:17:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាម​លោក​បណ្ឌិត គី សិរីវឌ្ឍន៍ អ្នក​ជំនាញ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត​សភា​កម្ពុជា មាន​វិស័យ​អាទិភាព​មួយ​ចំនួន ដែល​កម្ពុជា​គួរ​តែ​ផ្ដោត​ការ​យក​ចិត្ត​ទុកដាក់​ថែ​ទាំ ជំរុញ សម្រាប់​ពន្លឿន​វិស័យសេដ្ឋកិច្ច​ជាតិ​ទាំង​មូល។

រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​អតីតកាល បាន​កំណត់​យក វិស័យ​កាត់ដេរ កសិកម្ម សំណង់ និង​ទេសចរណ៍ ធ្វើ​ជា​សរសរស្ដម្ភទ្រទ្រង់​សេដ្ឋកិច្ចជាតិ ក្នុង​នោះ​វិស័យ​នាំ​ចេញ​ផលិតផល​កាត់ដេរ​សំលៀក​បំពាក់ និង​ស្បែក​ជើង ជាវិស័យ​សំខាន់​មួយ។

ប៉ុន្តែ​បញ្ហា​វិបត្តិសេដ្ឋកិច្ចសកល ឥទ្ធិពលខ្លះ​ពី​បញ្ហា​ចម្រូង​ចម្រាស់​ពាក់ព័ន្ធ​នឹង EBA គេ​បាន​មើល​ឃើញថា បាន​ធ្វើ​ឲ្យ​វិស័យ​នេះ​ថមថយ​សក្ដានុពលប្រកួត​ប្រជែងលើ​ទីផ្សារ​អឺរ៉ុប ហើយ​រាជរដ្ឋាភិបាល​កម្ពុជាអាណត្តិសម្ដេចតេជោ ហ៊ុន សែន បានងាកទៅរកបង្កើត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​មួយចំនួន​ដូច​ជា កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ RCEP និង​ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ជាដើមជា​ជំនួស។

ដូច្នេះ ខណៈ​កម្ពុជា​ត្រៀម​នឹង​ទទួល​យក​រាជរដ្ឋាភិបាល​ថ្មី ដោយ​មាន​ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ាណែត ជា​នាយករដ្ឋមន្ត្រី​ថ្មី​ជា​អ្នក​ដឹកនាំ ប្រជាពលរដ្ឋ​កម្ពុជា​ទាំង​ក្នុង និង​ក្រៅ​ស្រុក ក៏​បាន និង​កំពុង​ចាំ​មើល​ការ​កាច់​ចង្កូតដឹកនាំ​ប្រទេស​របស់​នាយករដ្ឋ​មន្ត្រី​ថ្មី ថា​តើរាជរដ្ឋាភិបាលថ្មីរបស់ឯកឧត្តម​បណ្ឌិត មាន​យន្តការដឹកនាំបែបណា និង​ផ្ដោត​ជាចម្បង​លើ​វិស័យណាខ្លះ​?

នៅ​ក្នុង​កិច្ចពិភាក្សាពិសេស៖ របត់នយោបាយ-សេដ្ឋកិច្ចកម្ពុជា ក្រោយការផ្ទេរអំណាចជានាយករដ្ឋមន្រ្តីទៅឯកឧត្តម ហ៊ុន ម៉ាណែត របស់​កម្ពុជាថ្មីរសៀល​នេះ លោក​បណ្ឌិត គី សិរីវឌ្ឍន៍ អ្នក​ជំនាញ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត​សភា​កម្ពុជា លើក​ឡើង​ថា វិស័យសំខាន់ៗចំនួន ២ ដែល​រាជរដ្ឋាភិបាលថ្មីគួរ​ផ្ដោត​ការ​យក​ចិត្តទុកដាក់មាន កសិកម្ម និងឧស្សាហកម្ម។

សម្រាប់​កសិកម្ម លោក​បណ្ឌិត បាន​ចង្អុល​បង្ហាញ​ថា វា​វិស័យ​យុទ្ធសាស្ត្រ ហើយ​សំខាន់​សម្រាប់​គ្រប់​ប្រទេស​ទាំង​អស់​លើ​ពិភព​លោក​ដែល​ធានាដល់​ការ​ទទួល​ទាន។ ស្ថានភាព​នេះ វា​មិន​ប្រសើរ​ឡើយ ​ប្រសិន​បើ​យើង​មិន​អាច​មាន​វិស័យ​កសិកម្ម​រឹងមាំ​ដែល​អាច​រស់​លើ​ខ្លួន​ឯង​បាន ដោយ​ពឹងភាគច្រើន​​តែ​លើ​ការ​នាំ​ចូល​ពី​ក្រៅ។

ក្នុង​ន័យ លោក​បណ្ឌិត គី សិរីវឌ្ឍន៍ លើក​ឡើង​ថា រាជរដ្ឋាភិបាល ត្រូវ​ធ្វើ​យ៉ាង​ណា​ឲ្យ​កសិកម្ម​ក្នុង​ស្រុក​អាច​ជំនួស​ការនាំ​ចូល​កសិផល​ពី​បរទេស​ឲ្យ​បាន។ ទី២ទៀត ដែល​រាជរដ្ឋាភិបាល​ត្រូវ​ផ្ដោត​ដើម្បី​ដោះស្រាយ​បញ្ហា​នានា​នៅ​ក្នុង​វិស័យ​កសិកម្ម គឺ​ជំរុញ​​ឧស្សាហកម្ម​កែច្នៃ​កសិផល​ក្នុង​ស្រុក ដើម្បី​ដោះស្រាយ​វិបត្តិ​ខ្វះទីផ្សារ​បញ្ចេញ​កសិផល​របស់​កសិករ​ក្នុង​ស្រុក។ ទន្ទឹម​គ្នា ក៏​ត្រូវ​ជំរុញ​ការ​នាំ​ចេញ​កសិផល​ក្នុង​ស្រុក​ចេញ​ទៅ​បរទេស​ថែម​ទៀត។

ចំពោះ​វិស័យឧស្សាហកម្ម​ខ្នាត​ធំ លោក​បណ្ឌិត គី សិរីវឌ្ឍន៍ បញ្ជាក់​ថា សំខាន់ដូចគ្នា​ក្នុង​ការ​ជំរុញ​សេដ្ឋកិច្ច​របស់​ជាតិ។ លោក​បណ្ឌិត បាន​លើក​ឡើង​ថា រាជរដ្ឋាភិបាល​បាន​ធ្វើ​ល្អ​ច្រើន​ហើយ​ក្នុង​ឧស្សាហកម្ម​ផ្គុំ​តម្លើង​រថយន្ត ម៉ូតូ​ជា​ដើម​សម្រាប់​នាំ​ចេញ។ ប៉ុន្តែ​រឹត​តែ​ប្រសើរនោះ គឺ​រាជរដ្ឋាភិបាល គួរ​ជំរុញ​ការ​ផលិត​គ្រឿង​បង្គុំ​នៅ​ក្នុង​ស្រុកថែម​ទៀត ជំនួស​ឲ្យ​ការ​នាំ​ចូល​ពី​ក្រៅ។

ក្រៅ​ពី​វិស័យ​កាត់ដេរសំលៀកបំពាក់ និង​ស្បែក​ជើង​ថមថយសក្ដានុពល ងាក​មកវិស័យ​ទេសចរណ៍វិញ ក៏​កំពុងរងគ្រោះដូចគ្នា។ ដូច្នេះហើយ ​តាម​លោក​បណ្ឌិត គី សិរីវឌ្ឍន៍ វិស័យ​នេះ​ទំនង​មិនទាន់​មាន​សក្ដានុពល​ពេញ​លេញ​សម្រាប់​ប្រមូល​ថវិកាចូលជាតិ​នោះ​ទេ ក្នុង​បរិបថវិបត្តិសេដ្ឋកិច្ចសកលនេះ។

ដោយឡែក​វិស័យ​​អចលនទ្រព្យ នឹង​សំណង់ ដែល​​ធ្លាប់​ជា​សរសរស្ដម្ភ​១​ក្នុង​ចំណោម ៤ ដើម្បី​ទ្រទ្រង់​សេដ្ឋកិច្ច​ជាតិដែរ​​នោះ លោក​បណ្ឌិត បាន​លើក​ឡើង​ក្នុង​បទ​សម្ភាសន៍​ដាច់​ដោយ​ឡែក​ជាមួយ​វិទ្យុ​បារាំងថា វិស័យ​នេះ ​បាន​ដើរ​ដល់​ចំណុច​ទុំ​ជោរ​ហើយ។ ដូច្នេះវិស័យ​នេះ ទំនង​មិន​អាច​ជួយ​ជំរុញ​សេដ្ឋកិច្ច​ជាតិ​បាន​ច្រើន ដូច​កាល​ពី​អតីតកាល​ពិសេស​ឆ្នាំ ២០១៩ នោះ​ឡើយ៕

អត្ថបទ៖ ទារិកា

មតិយោបល់
អត្ថបទថ្មី