• 2023-08-10 02:56:30
  • ព័ត៌មាន

រ៉ឺម៉កជើង​​ដ៏​មាន​អនុស្សាវរីយ៍ បាត់​ខ្លួន​រាប់​ទសវត្សរ៍ ឥឡូវ​លេច​វត្តមាន​វិញ​នៅ​ទឹក​ដីអង្គរ

  • 2023-08-10 02:56:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រ៉ឺម៉ក​ជើង គឺ​មធ្យោបាយ​ធ្វើ​ដំណើរ​ពេញ​និយម​របស់​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​ទិសទី​កាល​ពី​អតីត​កាល បាន​បាត់​ខ្លួន ទៅ​តាម​ការ​វិវត្តន៍​បែប​ផែន​នៃ​ការ​រស់​នៅ​ក្រោម​ឥទ្ធិ​ពល​សកលភាវូបនីយកម្ម​នោះ ឥឡូវ​នេះ បាន​លេច​វត្តមាន​វិញ​នៅ​លើ​ទឹក​ដី​សៀមរាប​ក្រោម​គំនិត​ផ្ដួច​ផ្ដើម​របស់​មគ្គុទេសន៍​ទេសចរ​ម្នាក់។

លោក បូរ សុភា វ័យ ៣៣​ឆ្នាំ គឺ​ជា​មគ្គុទេសន៍​ទេសចរ​នៅ​ខេត្ត​សៀមរាប និង​ជា​ម្ចាស់​រ៉ឺម៉ក​ជើង​២​គ្រឿង​ដែល​កំពុង​បង្ហាញ​វត្តមាន​ដឹកភ្ញៀវ​ទេសចរ​យ៉ាង​សកម្ម​នៅ​តំបន់​រមណីយដ្ឋាន​អង្គរ។ នៅ​ក្នុង​បទ​សម្ភាសន៍​តាម​រយៈ​សារ​អេឡិកត្រូនិក បុរស​វ័យ​កណ្ដាល ប្រាប់​ថា លោក​ជា​មនុស្ស​ស្រឡាញ់​របស់​របរ​ចាស់​ៗ ក្នុង​នោះ រ៉ឺម៉ក​ធាក់​ជើងនេះ​ ជា​របស់​ដែល​លោក​ងប់ងុល​មួយ។

ដូច្នេះ​លោក ក៏​ផ្ដើម​ផែន​ការ​ប្រមូល​រ៉ឺម៉ក​ធាក់​ជើង​យក​មក​ទុក។ សុភា ចំណាយ​ពេល​ប្រមាណ ៣-៤​ឆ្នាំ​មក​ហើយ ក្នុង​ការ​​ដើរ​ប្រមូល​រ៉ឺម៉ក​កង់​ពី​តាម​ខេត្ត តាម​ក្រុង​នានា ក្នុង​នោះ​របស់​ខ្លះ​​គេ​បោះចោល គេ​លក់​ជា​អេតចាយ​។ "ខ្ញុំ​ប្រមូល​មក​ទុក​យូរ​ដែរ​ហើយ តែ​ដោយ​ខ្ញុំ​មិន​ទាន់​មាន​លទ្ធភាព​ធ្វើ កែច្នៃ​វាក៏ចេះ​តែ​ទុក ទើប​ប្រមាណ​១ខែ​នេះ​ទេ ទើប​ខ្ញុំ​កែច្នៃវា​បាន!”។

បុរស​សម្បុរ​ស្រអែម ប្រាប់​ថា លោក​ចង់​គាស់​រំលើង និង​រក្សា​​អនុស្សាវរី៍​អំពី​​រ៉ឺម៉ក​ជើង និង​ចង់​ជួយ​លើក​កម្ពស់​ឱកាស​ការងារ​ដល់​បង​ប្អូន​ប្រជាពលរដ្ឋ​ក្នុង​តំបន់ ទើប​លោក​ខិត​ខំ​ធ្វើ​វា​ឲ្យ​បាន។

បច្ចុប្បន្ន បូរ សុភា មាន​រ៉ឺម៉កកង់ ឬ​រ៉ឺម៉ក​ធាក់​ជើង​​ចំនួន ៥គ្រឿង តែ​ក្នុង​នោះ​មាន​តែ ២គ្រឿង​ប៉ុណ្ណោះ លោក​បាន​ធ្វើវាឡើង​វិញ ដោយ​ដាក់​ម៉ូទ័រ​ជំនួយ​កម្លាំង​ធាក់ បច្ចុប្បន្ន​កំពុង​ដំណើរ​ការ​ផ្ដល់​សេវា​ដឹក​ភ្ញៀវ​ទេសចរ​នៅ​រមណីយដ្ឋាន​អង្គរ។ លោក​ថា នេះ​ជា​ការ​សាក​ល្បង និង​ស្ទង់​មើល​ពី​ការ​គាំទ្រ បើ​សិន​អ្វី​ៗដើរ​​ទៅ​តាម​ការ​គិត​ទុក លោក​នឹង​ច្នៃ ៣គ្រឿង​ដែល​នៅ​សល់​ដាក់​ដំណើរ​ការ​ទៀត។

គិត​មក​ដល់​ពេល​នេះ រ៉ឺម៉ក​កង់​របស់ បូរ សុភា បាន​ដំណើរជាង ១ខែ​ហើយ។ តាម សុភា ​រ៉ឺម៉ក​កង់ របស់​លោក​នេះ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ច្រើន។ លោក​ថ្លែង​ថា "គេ​ចាប់​អារម្មណ៍​ច្រើន ជិះ​តាម​ផ្លូវ​គេ​ឃើញ គេ​ទះដៃសើច ហ៊ោរ គេ​ថា​រ៉ឺម៉កកង់បាត់យូរ ឥឡូវ​ត្រឡប់​មក​វិញ​ហើយ!”។

ក្រៅ​ពី​ការ​ចាប់​អារម្មណ៍​របស់​សាធារណជន​នៅ​ខេត្តសៀមរាប ប៉ុន្តែ​សម្រាប់​ភ្ញៀវ​ទេសចរ ពិសេស​ជនជាតិ​បរទេស​ក៏​ជាប់​អារម្មណ៍​ដូច​គ្នា។ សុភា ប្រាប់​ថា ពេល​នេះ​លោក​ទទួល​បាន​ភ្ញៀវ​ទេសចរ ៣​ក្រុម​ហើយ សុទ្ធ​ជា​ជនជាតិ​បរទេស​ដែល​មាន​គ្នា​សរុប​ជាង ១០នាក់។ ស្ថានភាព​នេះ​លោក​ថា មិន​យូរ​ទេ លោក​នឹង​តំឡើង​៣គ្រឿង​ដែល​នៅ​សល់ ដាក់​ដំណើរ​ការ​បន្ថែម​ទៀត៕

អត្ថបទ៖ ទារិកា

មតិយោបល់