- 2023-08-15 07:38:26
- ព័ត៌មាន
មេដឹកនាំកូរ៉េខាងជើង ប្រាប់ឱ្យកងទ័ពបង្កើនសមត្ថភាពអាវុធ និងត្រៀមខ្លួនគ្រប់ពេល ដើម្បីធ្វើសង្គ្រាម!
- 2023-08-15 07:38:26
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មេដឹកនាំកូរ៉េខាងជើង ប្រាប់ឱ្យកងទ័ពបង្កើនសមត្ថភាពអាវុធ និងត្រៀមខ្លួនគ្រប់ពេល ដើម្បីធ្វើសង្គ្រាម!
ចន្លោះមិនឃើញ
ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ (KCNA) បានរាយការណ៍ថា លោក គីម ជុងអ៊ុន មេដឹកនាំកំពូលនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ (កូរ៉េខាងជើង) បានត្រួតពិនិត្យរោងចក្រផលិតគ្រាប់មីន និង គ្រាប់បែកសំខាន់ៗមួយចំនួនកាលពីថ្ងៃសុក្រ និងថ្ងៃសៅរ៍ ហើយបានជំរុញឱ្យកងកម្លាំងប្រដាប់អាវុធរបស់ប្រទេសនេះ បង្កើនការត្រៀមខ្លួនដើម្បីធ្វើសង្គ្រាម។
របាយការណ៍ខាងលើបាននិយាយថា ក្នុងអំឡុងពេលត្រួតពិនិត្យ លោក គីម បានស្នើឱ្យរោងចក្រផលិតកាំជ្រួចយុទ្ធសាស្ត្របង្កើនសមត្ថភាពដែលមានស្រាប់របស់ខ្លួន និងជំរុញឱ្យរោងចក្រដែលផលិតឧបករណ៍បញ្ជូនកាំជ្រួចយុទ្ធសាស្ត្រ ដើម្បីពន្លឿនការផលិតយានបាញ់បង្ហោះទំនើប និងមានប្រសិទ្ធភាពខ្ពស់។ លោក គីម បានបើករថពាសដែក ពហុបំណងដែលទើបនឹងបង្កើតថ្មី នៅពេលពិនិត្យមើលរោងចក្រផលិតរថពាសដែករបស់ប្រទេស ហើយក្នុងអំឡុងពេលត្រួតពិនិត្យរោងចក្រផលិតគ្រាប់រ៉ុក្កែតដែលអាចបញ្ជាបាញ់បានឆ្ងាយ លោក គីម បានស្នើសុំបង្កើនការផលិតគ្រាប់ ដើម្បីបង្កើនសមត្ថភាពប្រយុទ្ធ។ នេះបើតាមការបញ្ជាក់របស់កងកម្លាំងជួរមុខ។
លោក គីម ក៏បានទាមទារថា កងកម្លាំងប្រដាប់អាវុធរបស់ប្រទេសកូរ៉េខាងជើង គួរតែមានសមត្ថភាពលើសលប់ ដើម្បីឆ្លើយតបទៅនឹងសង្រ្គាមនៅពេលណាក៏បាន និងត្រូវមានការប្រុងប្រយ័ត្នខ្ពស់ផងដែរ។ យោងតាមរបាយការណ៍មុនៗរបស់ KCNA គណៈកម្មាធិការមជ្ឈិមយោធានៃគណបក្សពលករកូរ៉េនាពេលថ្មីៗនេះបានកោះប្រជុំធំមួយ ដោយពិភាក្សាអំពីវិធីពង្រឹងការត្រៀមធ្វើសង្គ្រាម ដើម្បីឆ្លើយតបទៅនឹងស្ថានភាពតានតឹង នៅឧបទ្វីបកូរ៉េ។ មុនពេលកិច្ចប្រជុំ លោក គីម ក៏បានត្រួតពិនិត្យទីតាំងរោងចក្រយោធាសំខាន់ៗមួយចំនួននៅក្នុងប្រទេស៕