- 2023-08-30 03:54:35
- ព័ត៌មាន
ពីមុនលំបាករឿងកូនចៅ ឥឡូវឯកឧត្តមបណ្ឌិត ស្នើឲ្យសិក្សាលទ្ធភាពបង្កើតទារកដ្ឋាន និងមត្តេយ្យសហគមន៍ទុកដាក់កូនតូចៗរបស់កម្មករនិយោជិត
- 2023-08-30 03:54:35
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពីមុនលំបាករឿងកូនចៅ ឥឡូវឯកឧត្តមបណ្ឌិត ស្នើឲ្យសិក្សាលទ្ធភាពបង្កើតទារកដ្ឋាន និងមត្តេយ្យសហគមន៍ទុកដាក់កូនតូចៗរបស់កម្មករនិយោជិត
ចន្លោះមិនឃើញ
ថ្លែងនៅក្នុងថ្ងៃអញ្ជើញជួបសំណេះសំណាលជាមួយកម្មករនិយោជិត នៅតំបន់ព្រៃស្ពឺ ខណ្ឌពោធិ៏សែនជ័យ រាជធានីភ្នំពេញ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ស្នើឲ្យស្ថាប័នពាក់ព័ន្ធមួយចំនួនសិក្សាលទ្ធភាពបង្កើតជាទារកដ្ឋាន និងមត្តេយ្យសហគមន៍នៅក្នុងតំបន់មានរោងចក្រ ដើម្បីមើលថែរក្សាកូនតូចៗរបស់កម្មករ និយោជិត។
កិច្ចការនេះ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈដឹកនាំដោយឯកឧត្តម ហេង សួរ ត្រូវរាប់រងភារកិច្ច។ ឯកឧត្តមបណ្ឌិត លើកឡើងថា "ក្រសួងការងារ ត្រូវសហការជាមួយក្រសួងកិច្ចការនារី ក្រសួងអប់រំ និងកីឡា តំណាងភាគីនិយោជក និងតំណាងភាគីកម្មករនិយោជិត រួមគ្នាសិក្សាបង្កើតទារកដ្ឋាន និងមត្តេយ្យសហគមន៍ នៅតាមតំបន់ដែលមានរោងចក្រ ដើម្បីជួយដល់កូនៗរបស់កម្មករនយោជិត"។
ថ្លែងបែបនេះ បន្ទាប់ពីឯកឧត្តមបណ្ឌិតនាយករដ្ឋមន្ត្រី បានមើលឃើញពីការលំបាករបស់កម្មករ និយោជិតដែលមានកូនតូច ពិបាករកអ្នកជួយមើលថែរក្សា។ ដូច្នេះ ឯកឧត្តមបណ្ឌិតថា រាជរដ្ឋាភិបាល នឹងបង្កើតកន្លែងសម្រាប់ទទួលមើលថែកូនតូចៗទាំងនោះរបស់កម្មករនិយោជិត ដោយក្នុងនោះស្នើសមត្ថកិច្ចមូលដ្ឋានជួយសម្របសម្រួល និងគួរដាក់ទារកដ្ឋាន និងមត្តេយ្យសហគមន៍ឲ្យឆ្ងាយពីរោងចក្រ ចៀសរងប៉ះពាល់ពីផ្សែង ឬសារធាតុពលពីរោងចក្រ។
តាមឯកឧត្តមបណ្ឌិត មិនត្រឹមតែផែនការបង្កើត ទីកន្លែងមើលថែកូនតូចៗរបស់កម្មករ និយោជិត ប៉ុន្តែរដ្ឋ ក៏នឹងគិតពីការរៀបចំរបបអាហារូបត្ថម្ភសម្រាប់ទំពាំងដែលជាអ្នកស្នងមរតកកសាងជាតិនាពេលអនាគតនោះដែរ ក្នុងផែនការវែងឆ្ងាយ ប្រែក្លាយកម្ពុជាជាប្រទេសមានការអភិវឌ្ឍន៍ក្នុងឆ្នាំ ២០៥០។
"ទាំងនេះ យើងនឹងធ្វើឲ្យប្រជាពលរដ្ឋយើង មិនត្រឹមតែគិតពីមនុស្សចាស់ មិនត្រឹមតែគិតមនុស្សពេញវ័យ គឺគិតតាំងតែពីកូនក្មេងឡើង ព្រោះជាអនាគតរបស់យើង ហ្នឹងហើយគឺជាគោលនយោបាយថ្មីរដែលធ្វើ!”។
ជាបន្ថែមទៅលើអ្វីដែលក្រសួងការងារត្រូវធ្វើ ឯកឧត្តមបណ្ឌិតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ស្នើឲ្យក្រសួងនេះ សហការជាមួយភាគីពាក់ព័ន្ធជំរុញកែលម្អកន្លែងហូបបាយ ឬអាហារដ្ឋាននៅតាមរោងចក្រ ដែលកំពុងដំណើរការឲ្យបានសមរម្យ សម្រាប់កម្មវិធីសម្រាប់និយោជិត នឹងតម្រូវឲ្យមានការរៀបចំកន្លែងហូបបាយ ឬអាហារដ្ឋានសម្រាប់រោងចក្រដែលបង្កើតថ្មីថែមទៀតផង៕